ដោយ ៖ វុត្ថា
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យមានការរៀបចំប្លង់គោលប្រើប្រាស់ដីនៅតាមតំបន់ប៉ូលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យបានមុខការអភិវឌ្ឍឈានមកដល់ បើមិនដូច្នោះទេ វានឹងធ្វើឱ្យមានស្ថានភាពច្របូកច្របល់ដូចគ្នាទៅនឹងខេត្តព្រះសីហនុជាឧទាហរណ៍ស្រាប់។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០២០ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ គឺជាការរៀបចំសង្គមឱ្យមានរបៀបរៀបរយ។ ជាមួយគា្ននេះ ការររៀបចំប្លង់គោលប្រើប្រាស់ដីនៅតាមតំបន់ប៉ូលសេដ្ឋកិច្ចឱ្យបានត្រឹមត្រូវមុនការអភិវឌ្ឍឈានមកដល់ក៏ជារឿងសំខាន់ បើមិនចាប់ផ្តើមពីពេលនេះ វានឹងធ្វើឱ្យច្របូកច្របល់នាពេលអនាគត។
សម្តេចក្រឡាហោម ស ខេង ថ្លែងថា “មានតំប់ខ្លះ ខ្ញុំមិននិយាយពីចរាចណ៍នោះទេ ខាងនគរូបនីយកម្ម ការរៀបចំប្លង់គោលនៅតំបន់មួយចំនួនជាពិសេសតំបន់ដែលជាប៉ូលសេដ្ឋកិច្ច បើយើងមិនគិតពីឥឡូវ រឿងហ្នឹងវានឹងច្របូកច្របល់អស់ហើយ ហើយទៅមុខវាមិនងាយកែនោះទេ”។
សម្តេចបន្តថា “ឥឡូវនេះ នៅកំពង់សោម វាទៅចឹង ហើយបានកែបានបណ្តើរៗ ខេត្តមណ្ឌលគីរី ខ្ញុំ ឧទាហរណ៍ចឹង ជាប៉ូលសេដ្ឋកិច្ចមួយដែរ ហើយឥឡូវនាំគ្នាទៅចាប់ដី ហើយកំពុងតែមានរឿងមិនទាន់ដោះស្រាយផង ហើយសុទ្ធតែធំៗ ប៉ុណ្ណា ខ្ញុំមិនដឹងទេ តែខ្ញុំដឹងតែធំៗ”។
រដ្ឋាភិបាលកាលពីកន្លងមកនេះ បានចេញសេចក្តីព្រាងអនុក្រឹត្យស្តីពីនគរូបនីយកម្ម រាជធានី ក្រុង និងទីប្រជុំជន នៅទូទាំងប្រទេស ក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដី ដើម្បីកំណត់អំពីចង្ខុវិស័យ និងយុទ្ធសាស្ត្ររួម សម្រាប់ការអភិវឌ្ឍរូបវ័ន្ត និងកំណត់អំពីប្រភេទប្រើប្រាស់ដី ព្រមទាំងបង្ហាញអំពីទម្រង់ទីក្រុង បណ្តាញហេដ្ឋារចនាសម្ព័ទ្ធទីក្រុង គមនាគមន៍សំខាន់ៗនៃទីក្រុង និងការធ្វើសមាហរណកម្ម។ ប្លង់គោលត្រូវភ្ជាប់មកជាមួយនូវគម្រោងអភិវឌ្ឍន៍ទីក្រុងតាមលំដាប់អាទិភាពសម្រាប់រយៈពេលខ្លី មធ្យម និងរយៈពេលវែង។
ប្លង់គោលប្រើប្រាស់ដីធ្លី ( Land Use Plan): ជាផែនការលម្អិតចេញពីប្លង់គោល កំណត់អំពីប្រភេទដី និងតំបន់នៃការប្រើប្រាស់ដីនីមួយៗ កំណត់អំពីបទប្បញ្ញត្តិនៃការប្រើប្រាស់ដី ការអភិវឌ្ឍ ការអភិរក្ស និងបទប្បញ្ញតិ្តសាងសង់ក្នុងតំបន់នីមួយៗព្រមទាំងកំណត់អំពីបណ្តាញគមនាគមន៍ និងការធ្វើសមហរណកម្ម៕