ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បើទោះជាទីផ្សារអចលនទ្រព្យក្នុងស្រុកបច្ចុប្បន្ននៅតែបន្តសកម្មភាពទិញ-លក់ជាធម្មតា ដែលមិនទោរទន់ទៅតាមវិបត្តិសេដ្ឋកិច្ចពិភពលោកយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចបានអះអាងថា វិស័យមួយនេះហាក់មិនបានផ្តល់នូវផលចំណេញខ្ពស់មកដល់សេដ្ឋកិច្ចកម្ពុជាដូចឆ្នាំកន្លងទៅនោះទេ។
នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីវិធានការរបស់រដ្ឋាភិបាល ទ្រទ្រង់ ស្ដារ និងជំរុញសេដ្ឋកិច្ច ឆ្លើយតបនឹងវិបត្តិជំងឺ Covid-19 ថា ចាប់តាំងដើមឆ្នាំ២០២០ វិស័យអចលនទ្រព្យនៅកម្ពុជាបានទទួលរងនូវភាពអវិជ្ជមានដោយសារអំណាចនៃការរាតត្បាតនៃជំងឺឆ្លង តែមិនធ្ងន់ធ្ងរដូចវិស័យទេសចរណ៍នោះទេ។
លោកបានមានប្រសាសន៍ថា “រហូតមកដល់ពេលនេះ ទីផ្សារអចលនទ្រព្យ ការទិញ-លក់ មិនថាចំពោះការទិញផ្ទះ ការសាងសង់សំណង់អាគារ ឬការវិនិយោគនៅក្នុងដីធ្លីនោះទេ គឺនៅតែមានបន្តមានសកម្មភាពដដែល ប៉ុន្តែមិនសូវបានផ្តល់ផលចំណេញមកដល់សេដ្ឋកិច្ចកម្ពុជានោះទេ។ ទីផ្សារអចលនទ្រព្យគឺមានច្រើនច្រើនប្រភេទ ប៉ុន្តែខ្ញុំសុំលើកឡើងតែផ្នែកដីធ្លី។ សព្វថ្ងៃនេះទីផ្សារដីធ្លីគឺមានការវិនិយោគជា២ប្រភេទ ទី១គឺការវិនិយោគទិញទុកលក់បន្តយកចំណេញ និងការវិនិយោគដោយការទិញដីសម្រាប់អភិវឌ្ឍន៍”។
លោក វង្សី វិស្សុត បានបញ្ជាក់ថា “ការទិញដីសម្រាប់អភិវឌ្ឍន៍ជារោងចក្រ សហគ្រាស ជាលំនៅដ្ឋាន ឬជាអាគារផ្សេងៗ គឺជាអ្វីដែលរដ្ឋាភិបាលចង់បាន ហើយក៏ជាចំណែកមួយយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិកាន់តែរឹងមាំ។ ប៉ុន្តែសម្រាប់ការវិនិយោគ ដោយទិញដីទុកលក់បន្តយកចំណេញ ហាក់មិនសូវផ្តល់ផលដល់សេដ្ឋកិច្ចនោះទេ។ មានអ្នកខ្លះទិញដីទុកចោលរាប់ឆ្នាំរង់ចាំឱកាសឡើងថ្លៃ ចំណេញច្រើនទើបលក់ ខណៈដែលគេរកដីសម្រាប់ដាំដុះមិនបានផងនោះ។ យើងចង់បានការវិនិយោគ ហើយអភិវឌ្ឍន៍ច្រើនជាងការទិញដីទុកចោលពីសំណាក់អ្នកមានទ្រព្យមួយចំនួន”។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក ហុង វណ្ណៈ បានមានប្រសាសន៍ថា គ្រប់សកម្មភាពនៃការវិនិយោគគ្រប់រូបភាពទាំងអស់ គឺសុទ្ធតែជាចំណែមួយនៃចំណូលដល់សេដ្ឋកិច្ចជាតិ។ ដោយឡែកសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងរូបភាពទិញដីទុកលក់បន្តយកចំណេញក៏បានចាក់បញ្ចូលផលចំណេញដល់សេដ្ឋកិច្ចជាតិផងដែរ តាមរយៈការបង់ពន្ធ។
លោកបញ្ជាក់ថា “ជាការពិត រដ្ឋាភិបាលចង់បានការវិនិយោគទៅលើតម្រូវការពិត ដូចជាការទិញដីដើម្បីអភិវឌ្ឍន៍គ្រប់រូបភាពផ្សេងៗ ប៉ុន្តែរដ្ឋក៏មានអាចបង្ខំមិនឱ្យមានការទិញដីទុកលក់យកចំណេញក្នុងរយៈពេលវែងនោះដែរ។ ប៉ុន្តែទោះជាយ៉ាងខ្ញុំក៏លើកទឹកចិត្តដល់អ្នកជំនួញ និងអ្នកអភិវឌ្ឍន៍នៅក្នុងវិស័យអចលនទ្រព្យ និងវិស័យពាក់ព័ន្ធនានាបន្តនូវសកម្មភាពវិនិយោគរបស់ខ្លួនបន្ត ដែលជាការរួមចំណែកនៅក្នុងពង្រឹង និងបង្កើនកំណើនសេដ្ឋកិច្ចជាតិ” ៕