ដោយ ហ្សូលី
វ៉ាស៊ីនតោនៈ ក្រុមហ៊ុន Foster&Partners ទទួលបានគម្រោងសាងសង់អគារដែលមានតម្លៃប្រមាណ២០០០លានដុល្លារ នៅរដ្ឋ Beverly Hills សហរដ្ឋអាមេរិក។
គម្រោងក្នុងទឹកប្រាក់២០០០លានដុល្លារនេះ នឹងមានការស្ថាបនាអគារស្នាក់នៅចំនួន២ និងសណ្ឋាគារចំនួន១ រួមជាមួយនឹងទេសភាពដ៏ស្រស់ស្អាតពណ៌បៃតង។ អគារទាំងនេះនឹងលាតសន្ធឹងនៅលើផ្ទៃដីប្រមាណ៧ហិកតា នៅក្នុងភាគខាងជើងឈៀងខាងលិចនៃទីក្រុង Los Angeles សម្រាប់ក្រុមហ៊ុនអភិវឌ្ឍ Alagem Capital និង Cain International។
រូបភាពជាច្រើនសន្លឹក អំពីគម្រោងដ៏អស្ចារ្យនេះ ត្រូវបានបង្ហាញដោយក្រុមហ៊ុន Foster & Partners។
លោក Norman Foster ដែលជាស្ថាបនិក នៃក្រុមហ៊ុនបានមានប្រសាសន៍ថា ការច្នៃម៉ូដអគារនេះ ទទួលបានការជម្រុញចិត្តពីគម្រោង Beverly Hills’ Origin ដែលស្ថិតនៅភាគត្បូងរដ្ឋកាលីហ្វញ៉ា។
លោកបន្ថែមថា “គំនិតនេះនឹងបង្កើតស្ថាបត្យកម្មបែបធម្មជាតិ ច្របាច់បញ្ចូលគ្នាជាមួយទេសភាព ដែលជាផ្នែកដ៏ធំមួយផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ បង្កើតការចែករំលែកសម្រាប់ទីក្រុងទាំងមូល” ។
អគារស្នាក់នៅលក្ខណៈខុនដូនេះមានចំនួន២ សរុបប្រមាណជាង៣០០បន្ទប់ រីឯសណ្ឋាគារវិញត្រូវសាងសង់ថ្មី ជាមួយកម្ពស់ត្រឹម១០ជាន់ និងមានបន្ថែម៤ជាន់ជាផ្សារទំនើបទិញទំនិញផងដែរ។ មួយវិញទៀត កន្លែងនេះនឹងមានសួនច្បារចំនួន១.២ហិកតា ជាមួយផ្លូវដើរព័ទ្ធជុំវិញដោយទឹក ក្លាយជាទេសភាពពណ៌បៃតង។
គម្រោងនេះទៀតសោត នឹងស្ថាបនានូវកន្លែងចតឡានដ៏ធំទូលាយ ដែលអាចចតរថយន្តបានដល់ទៅជិត២០០០គ្រឿង។ ក្រុមហ៊ុនអភិវឌ្ឍមានគោលបំណង ចាប់ផ្តើមការដ្ឋានសាងសង់នៅចុងឆ្នាំ២០២១ និងបញ្ចប់ការសាងសង់គម្រោងនេះនៅឆ្នាំ ២០២៤ ៕