ដោយៈ រ៉ាណេត
ភ្នំពេញៈ កំនើននៃតម្លៃដីធ្លីក្នុងក្រុង និងតំបន់ជាយក្រុងបានក្លាយជាឧបសគ្គសម្រាប់អ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានតម្លៃមធ្យម ហើយបានរុញឱ្យអ្នកវិនិយោគភាគច្រើនចាប់អារម្មណ៍ ទៅនឹងទីតាំងថ្មី ដែលស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី៣ជំនួសវិញ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ដែលកំពុងធ្វើការវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះថា ឱកាសចំណេញពីការវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានតម្លៃសមរម្យ គឺត្រូវបានធ្វើឡើងនៅលើដីដែលមានតម្លៃក្រោម៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ បើតម្លៃដីលើពីនេះគេមិនអាចធ្វើទៅបាននោះទេ។
លោកឧកញ៉ាបានបន្តថា “ការវិនិយោគទៅលើលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងក្រុងមិនមានឱកាសទៀតនោះទេ។ ពេលនេះ ក្រៅពីនៅតំបន់ជាយក្រុងដែលអ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍បានទិញទុកកាលពីមុននោះ ភាគច្រើនគឺពួកគេបានងាកសម្លឹងទៅកាន់តំបន់ផ្សេងទៀតដែលមានសក្ដានុពលបន្ទាប់ ដូចជាតំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលកំពុងមានការអភិវឌ្ឍខ្លាំង ក្រោមការវិនិយោគដោយពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា”។
លោកបន្តថា បច្ចុប្បន្ននេះ មិនថាចំពោះការវិនិយោគក្នុងវិស័យដីធ្លី សម្រាប់ទុកលក់បន្តយកចំណេញ ឬការវិនិយោគសម្រាប់គម្រោងអភិវឌ្ឍន៍ វិស័យលំនៅដ្ឋាននោះទេ តំបន់ដែលស្ថិតនៅផ្លូវក្រវ៉ាត់ក្រុងទី៣ នៅផ្តល់ឱកាសច្រើនជាងតំបន់ នៅផ្លូវក្រវ៉ាត់ក្រុងទី២ ដោយសារតែតម្លៃដីនៅផ្លូវក្រវ៉ាត់ក្រុងទី២ បានឡើងដល់កម្រិតមួយរួចទៅហើយ ដូច្នេះតំបន់នៅផ្លូវក្រវ៉ាត់ក្រុងទី៣ បានក្លាយទៅជាគោលដៅថ្មីមួយទៀត របស់អ្នកវិនិយោគក្នុងវិស័យមួយនេះ។
លោកអគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈបានមានប្រសាសន៍ថា តំបន់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅពេលបច្ចុប្បន្ននេះ មានអាទិភាពខ្ពស់សម្រាប់អ្នកវិនិយោគ ដោយសារតែក្រៅពីតម្លៃដីនៅទាប ដែលផ្ដល់ឱកាសចំណេញដល់អ្នកវិនិយោគ ថែមទាំងមានសក្ដានុពល និងអំណោយផលលើផ្នែកហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
លោកបញ្ជាក់ថា “បន្តិចទៀតតំបន់នេះ មិនចាញ់តំបន់ជាយក្រុងដទៃទៀតនោះទេ ដោយសារតែបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាមានភាពល្អប្រសើរ ងាយស្រួលចេញចូលរាជធានីភ្នំពេញតាមផ្លូវធំៗមួយចំនួន ងាយស្រួលចេញចូលក្រុងតាខ្មៅ បណ្តុំទីប្រជុំជនខេត្តកណ្តាល”។លោកបន្ថែមថថា “តំបន់នេះក៏មានភាពងាយស្រួល ធ្វើដំណើរឆ្ពោះទៅកាន់ព្រលានយន្តថ្មីដែលកំពុងសាងសង់ ហើយក៏នៅក្បែរផ្លូវ៦០ម៉ែត្រដែលជាតំបន់ប្រមូលផ្តុំទៅដោយមណ្ឌលពាណិជ្ជកម្មទំនើបចំរុះ ក៏ដូចជាបណ្តុំផ្សារទំនើបលំដាប់អន្តរជាតិផងដែរ”៕