អាគារការិយាល័យជួលថ្មីទំហំ៥៩,០០០ម៉ែត្រការ៉េនឹងដាក់ចូលទីផ្សារនៅចុងឆ្នាំនេះ

0

ដោយ៖ ប៊ី

ភ្នំពេញៈ បើទោះបីអាត្រាជួលការិយាល័យធ្លាក់ចុះ៤,៥ ភាគរយ នៅត្រីមាសទី២ ឆ្នាំ២០២០ បើធៀបនឹងត្រីមាស១ឆ្នាំមុនក្តី ក៏ការផ្គត់ផ្គង់អាគារការិយាល័យនៅបន្តកើនឡើងរហូតដល់ជិត៦០,០០០ម៉ែត្រការ៉េរហូតដល់ចុងឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។

របាយការណ៍ដដែលបានឲ្យដឹងថា គម្រោងការិយាល័យជួលថ្មីៗចំនួន៥ រួមមានគម្រោងការិយាល័យGrade B មាន១គម្រោង និងគម្រោង Grade C មានចំនួន៤ គម្រោង ត្រូវបានបញ្ជប់នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ ខណៈគម្រោងការិយោជួលសហកម្មសិទ្ធ១ បានបញ្ចប់នៅត្រីមាសទី២នេះ។

តម្លៃជួលការិយាល័យGrade B នៅតំបន់ពាណិជ្ជកម្ម ធ្លាក់ចុះ៣,១ ភាគរយ ក្នុងមួយម៉ែត្រការ៉េនៅត្រីមាសទី២ បើធៀបនឹងត្រីមាសទី១ ខណៈតម្លៃជួលការិយាល័យ Grade B នៅក្រៅតំបន់ពាណិជ្ជកម្មធ្លាក់ចុះ២,៩ ភាគរយ។

ផ្ទុយទៅviJតម្លៃជួលការិយាល័យ Grade C នៅតំបន់ពាណិជ្ជកម្ម មានកើនឡើង ៨.០ភាគរយ នៅក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសទី១ ហើយតម្លៃជួលការិយាល័យ Grade C នៅក្រៅតំបន់ពាណិជ្ជកម្ម កើនឡើង៤,៥ភាគរយ។

របាយការណ៍បានឱ្យដឹងថា អ្នកជួលដែលមានស្រាប់ នៅតែមានបំណងបន្តការជួលរបស់ពួកគេ ហើយបានរំពឹងថាការផ្គត់ផ្គង់ការិយាល័យជួលថ្មី ដែលមានទំហំ ៥៩,០០០ ម៉ែត្រការ៉េនឹងចូលមកក្នុងទីផ្សារនៅចុងឆ្នាំ២០២០នេះ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានប្រាប់ Propertyarea.asia កាលពីពេលថ្មីៗនេះថា ដោយសារតែវិបត្តិនៃជំងឺឆ្លង ចាប់តាំងពីពាក់កណ្តាលត្រីមាសទី១ ឆ្នាំ២០២០ ទីផ្សារនៃការជួលអាគារការិយាល័យត្រូវបានធ្លាក់ចុះយ៉ាងខ្លាំង។

លោកស្រីបន្តថា “ទីផ្សារនៃការជួយអាគារការិយាល័យ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ គឺមានការធ្លាក់ចុះយ៉ាងខ្លាំង ប៉ុន្តែនៅត្រឹមដើមត្រីមាសទី២ ហាក់មានភាពងើបឡើងវិញបន្តិច ដោយសារតែការគ្រប់គ្រងនៃការរាលដាល នៃជំងឺឆ្លងរបស់រដ្ឋាភិបាលទទួ​លបានលទ្ធផលល្អប្រសើរ ជាពិសេសម្ចាស់អាគារមួយចំនួន បានប្រើយុទ្ធសាស្ត្របញ្ចុះតម្លៃ ដើម្បីជួយសម្រាលដល់អតិថិជនចាស់ និងឈោងចាប់យកអតិថិជនថ្មី”។

លោកស្រីអាន សុធីតាបានបន្តទៀតថា បច្ចុប្បន្ននេះ តាមការមើលពីភាពជាក់ស្ដែង ទីផ្សារជួលអាគារការិយាល័យ ហាក់មានភាពល្អប្រសើរជាងពេលមុនបន្តិច ហើយក៏ល្អជាងទីផ្សារជួល ទីតាំងលក់រាយនៅតាមបណ្តាផ្សារនើបផងដែរ ដែលគេរំពឹងថា នឹងកាន់​តែមានស្ថានភាពល្អជាងនេះនៅត្រីមាសបន្ទាប់ ជាពិសេសនៅដើមឆ្នាំក្រោយ ខណៈដែលការភាពភ័យខ្លាច នៃការឆ្លងជំងឺត្រូវបានកាត់បន្ថយ ហើយការគ្រប់គ្រងស្ថានការរបស់រដ្ឋាភិបាលកាន់តែទទួលបានលទ្ធផលវិជ្ជមាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here