ដោយៈរ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានសម្រេចបន្តផ្តល់ជំនួយឥតសំណងចំនួន១០៦លានដុល្លារ សម្រាប់ដោះ ស្រាយបញ្ហាវិបត្តិ នៃជំងឺឆ្លងនៅបណ្តាប្រទេស ដែលស្ថិតនៅក្នុងតំបន់មេគង្គ ជាមួយនឹងគោលបំណងស្នើសុំបង្កើតមជ្ឈមណ្ឌលអាស៊ាន សម្រាប់ភាពបន្ទាន់ផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមាន។

ក្រសួងការបរទេស និងសងប្រតិបត្តិការអន្តរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ជប៉ុនលើកទី១៣ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងមកថា រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់នូវជំនួយឥតសំណងចំនួន១០៦លានដុល្លារដល់បណ្តាប្រទេស ដែលស្ថិតនៅក្នុងតំបន់មេគង្គ សម្រាប់ដោះស្រាយបញ្ហាដែលកំពុងប្រឈម ដោយសារការរាតត្បាតនៃជំងឺឆ្លងនាពេលបច្ចុប្បន្ន បើទោះជានៅក្នុងប្រទេសរបស់ខ្លួនកំពុងជួបគ្រោះទឹកជំនន់ក៏ដោយ។

ជាមួយនឹងការផ្តល់ជំនួយឥតសំណង នូវចំនួនទឹកប្រាក់១០៦លានដុល្លារខាងលើនេះ បណ្តាសមាជិកប្រទេសក្នុងតំបន់មេគង្គបានកោតសរសើរចំពោះ ការសម្រេចចិត្តបន្តការគាំទ្ររបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងការផ្តល់ជំនួយដើម្បីធានាបាននូវប្រព័ន្ធថែទាំសុខភាព ប្រកបដោយប្រសិទ្ធភាព និងភាពរឹងមាំ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ទៀតថា ជំនួយរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន១០៦លានដុល្លារ នឹងត្រូវបែងចែក៥៦លានដុល្លារសម្រាប់ប្រើប្រាស់ ចំពោះកិច្ចសហប្រតិបត្តិការបច្ចេកទេស លើក្រុមបុគ្គលិកគ្រូពេទ្យ និងការផ្តល់បរិក្ខារវេជ្ជសាស្ត្រជូនមន្ទីរពេទ្យ និងស្ថាប័នវេជ្ជសាស្ត្រដទៃទៀត។
ដោយឡែកសម្រាប់ទឹកប្រាក់ចំនួន ៥០លានដុល្លារទៀត នឹងត្រូវផ្តល់តាមរយៈការផ្តល់ជំនួយជាបរិក្ខារវេជ្ជសាស្ត្រ ដើម្បីពង្រឹងការត្រៀមខ្លួនឆ្លើយតបទៅនឹងជំងឺឆ្លង និងការបណ្តុះបណ្តាលបច្ចេកទេស របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ស្របតាមតម្រូវការរបស់បណ្ដាប្រទេសមេគង្គនីមួយ។

ពាក់ព័ន្ធទៅនឹងកិច្ចពង្រឹងនូវទំនាក់ទំនងសេដ្ឋកិច្ច មេគង្គ-ជប៉ុន ក្រោយទទួលបញ្ចប់បញ្ហា Covid-19 រដ្ឋមន្ត្រីគ្រប់ប្រទេសទាំងអស់ បានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការអនុវត្តជំនួយឥតសំណង សម្រាប់គម្រោងសុវត្ថិភាពប្រជាជនថ្នាក់មូលដ្ឋាន ឆ្នាំ២០២០ ក្រោមគំនិតផ្ដួចផ្ដើមគូសាណូណិមេគង្គ សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្នុងទំហំទឹកប្រាក់សរុបចំនួន១០០០លានយ៉េន ដែលរៀបចំឡើងក្នុងគោលបំណងទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅតាមភូមិស្រុកថ្នាក់មូលដ្ឋាននានាទូទាំងតំបន់មេគង្គ៕






