ជប៉ុន​ផ្តល់ជំនួយ ១០៦លាន​ដុល្លារ​ដល់​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ

0

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋាភិបាល​ជប៉ុន បានសម្រេច​បន្ត​ផ្តល់​ជំនួយឥតសំណង​ចំនួន១០៦លាន​ដុល្លារ សម្រាប់​ដោះ ស្រាយ​បញ្ហា​វិបត្តិ នៃ​ជំងឺឆ្លង​នៅ​បណ្តា​ប្រទេស ដែល​ស្ថិតនៅក្នុង​តំបន់​មេគង្គ ជាមួយនឹង​គោលបំណង​ស្នើសុំ​បង្កើត​មជ្ឈមណ្ឌល​អាស៊ាន សម្រាប់​ភាព​បន្ទាន់​ផ្នែក​សុខភាព​សាធារណៈ និង​ជំងឺ​ដែល​កំពុង​កើតមាន។

ក្រសួងការបរទេស និង​សង​ប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ-ជប៉ុន​លើក​ទី១៣ នៅ​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០កន្លងមក​ថា រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់នូវ​ជំនួយឥតសំណង​ចំនួន១០៦លាន​ដុល្លារ​ដល់​បណ្តា​ប្រទេស ដែល​ស្ថិតនៅក្នុង​តំបន់​មេគង្គ សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​នាពេល​បច្ចុប្បន្ន បើទោះជា​នៅក្នុង​ប្រទេស​របស់ខ្លួន​កំពុង​ជួប​គ្រោះទឹកជំនន់​ក៏ដោយ។

ជាមួយនឹង​ការផ្តល់​ជំនួយឥតសំណង នូវ​ចំនួន​ទឹកប្រាក់១០៦លាន​ដុល្លារ​ខាងលើនេះ បណ្តា​សមាជិក​ប្រទេស​ក្នុង​តំបន់​មេគង្គ​បាន​កោតសរសើរ​ចំពោះ ការសម្រេចចិត្ត​បន្ត​ការគាំទ្រ​របស់​រាជរដ្ឋាភិបាល​ជប៉ុន ក្នុងការ​ផ្តល់ជំនួយ​ដើម្បី​ធានាបាន​នូវ​ប្រព័ន្ធ​ថែទាំ​សុខភាព ប្រកបដោយ​ប្រសិទ្ធភាព និង​ភាពរឹងមាំ។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បានបញ្ជាក់​ទៀតថា ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន ដែលមាន​ទឹកប្រាក់​ចំនួន១០៦លាន​ដុល្លារ នឹងត្រូវ​បែងចែក៥៦លាន​ដុល្លារ​សម្រាប់​ប្រើប្រាស់ ចំពោះ​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស លើ​ក្រុម​បុគ្គលិក​គ្រូពេទ្យ និង​ការផ្តល់​បរិក្ខារ​វេជ្ជសាស្ត្រ​ជូន​មន្ទីរពេទ្យ និង​ស្ថាប័ន​វេជ្ជសាស្ត្រ​ដទៃទៀត។

ដោយឡែក​សម្រាប់​ទឹកប្រាក់​ចំនួន ៥០លាន​ដុល្លារ​ទៀត នឹងត្រូវ​ផ្តល់​តាមរយៈ​ការ​ផ្តល់ជំនួយ​ជា​បរិក្ខារ​វេជ្ជសាស្ត្រ ដើម្បី​ពង្រឹង​ការត្រៀមខ្លួន​ឆ្លើយតប​ទៅនឹង​ជំងឺឆ្លង និង​ការបណ្តុះបណ្តាល​បច្ចេកទេស របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) ស្របតាម​តម្រូវការ​របស់​បណ្ដា​ប្រទេស​មេគង្គនីមួយ។

ពាក់ព័ន្ធ​ទៅនឹង​កិច្ចពង្រឹង​នូវ​ទំនាក់ទំនង​សេដ្ឋកិច្ច មេគង្គ-ជប៉ុន ក្រោយ​ទទួល​បញ្ចប់​បញ្ហា Covid-19 រដ្ឋមន្ត្រី​គ្រប់​ប្រទេស​ទាំងអស់ បានបញ្ជាក់​ពី​ការប្តេជ្ញាចិត្ត ក្នុងការ​អនុវត្ត​ជំនួយឥតសំណង សម្រាប់​គម្រោង​សុវត្ថិភាព​ប្រជាជន​ថ្នាក់មូលដ្ឋាន ឆ្នាំ២០២០ ក្រោម​គំនិត​ផ្ដួចផ្ដើម​គូ​សាណូ​ណិ​មេគង្គ សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ចំនួន១០០០លាន​យ៉េន ដែល​រៀបចំឡើង​ក្នុង​គោលបំណង​ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម នៅតាម​ភូមិ​ស្រុក​ថ្នាក់មូលដ្ឋាន​នានា​ទូទាំង​តំបន់​មេគង្គ៕

LEAVE A REPLY

Please enter your comment!
Please enter your name here