បារាំង​បង្ហាញ​គម្រោង​ចំនួន២ សម្រាប់​ការស្ដារ​វិស័យ​ទេសចរណ៍ និង​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ខេត្តសៀមរាប

0

ដោយ វុត្ថា

សៀមរាប៖ រដ្ឋាភិបាល​បារាំង​បានបង្ហាញ​គម្រោង​ចំនួន២ សម្រាប់​ការស្ដារ​វិស័យ​ទេសចរណ៍​ឲ្យ​កាន់​តែមាន​ទាក់ទាញ​លើ​ឆាក​អន្តរជាតិ និង​ការរៀបចំ​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ខេត្តសៀមរាប​ឱ្យមាន​ទឹក​ប្រើប្រាស់​ទាំងអស់គ្នា ដែល​នឹងត្រូវ​អនុវត្ត​នាពេលខាងមុខឆាប់ៗនេះ។

គម្រោង​ទាំងពីរ​នេះ ត្រូវបាន​លើកឡើង​ដោយ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា ក្នុងឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ។

លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា​ឱ្យដឹងថា សម្រាប់ គម្រោង​ទី១. គម្រោង​ពុ​យ​ទី​ហ្វូ គឺជា​ការស្ដារ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ឲ្យ​កាន់​តែមាន​ទាក់ទាញ​លើ​ឆាក​អន្តរជាតិ ខណៈ​គម្រោង​នេះ ជួបពិភាក្សា​ម្ដង​រួចមក កាលពី​ថ្ងៃទី២០ ខែឧសភា កន្លងទៅថ្មីៗនេះ រវាង​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត និង​ម្ចាស់​គម្រោង ដើម្បី​សិក្សា​ពី​លទ្ធភាព និង​ធ្វើការ​សន្និដ្ឋាន​នាពេល​ឆាប់​នេះ ។

លោកស្រី​បន្តថា ទី២. ជា​គម្រោង​លើ​ប្រព័ន្ធធារាសាស្ត្រ មាន​ឈ្មោះថា “សៀមរាប​ទឹក​សម្រាប់​ទាំងអស់គ្នា” ដែលមាន​ទីតាំង​ក្នុងស្រុក​ពួក និង​គាំទ្រ​ដោយ ទី​ភា្ន​ក់​ងារ​បារាំង សម្រាប់​ការអភិវឌ្ឍ (AFD) ហើយ​គម្រោង​នេះ នឹង​គ្រប់គ្រង​លើ​ធនធានទឹក​ចម្រុះ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប មានទឹក​ប្រើប្រាស់​ទាំងអស់គ្នា ដែលមាន​គុណប្រយោជន៍​ដល់ អាជ្ញាធរ​ជាតិ​អប្សរា ក្រសួង​ធនធានទឹក ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អង្គភាព​ពាក់ព័ន្ធ​ដទៃទៀត ហើយ​ទោះបី​ប្រទេស​កម្ពុជា ក៏​ដូច​ពិភពលោក កំពុង​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ប្រទេស​បារាំង​នៅតែ​បន្ត​គាំទ្រ និង​សហការ ជាមួយ​ប្រទេស​កម្ពុជា ក៏​ដូច​រដ្ឋបាល​ខេត្តសៀមរាប លើ​គម្រោង​នានា​នាពេល​អនាគត។

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​សម្តែង​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ល្អ​របស់​ប្រទេស​បារាំង ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​បណ្ដា​រដ្ឋបាល​រាជធានី​ខេត្ត​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ធ្វើ​អត្តសញ្ញាណ​កម្ម​ជនក្រីក្រ​ពិតប្រាកដ ដែល​កំពុង​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ១៩ ។

លោក​បន្តថា ជាមួយ​នោះ រដ្ឋបាលខេត្ត ក៏បាន​ខិតខំ​ប្រឹងប្រែង ប្រែក្លាយ​ពេលវេលា​ដ៏​លំបាក​នេះ ទៅជា​ការអភិវឌ្ឍ ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង សម្រាប់​ទទួលភ្ញៀវ​ទេសច​រ បន្ទាប់​ជំងឺ​កូ​វីដ១៩នេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here