ដោយ វុត្ថា
សៀមរាប៖ រដ្ឋាភិបាលបារាំងបានបង្ហាញគម្រោងចំនួន២ សម្រាប់ការស្ដារវិស័យទេសចរណ៍ឲ្យកាន់តែមានទាក់ទាញលើឆាកអន្តរជាតិ និងការរៀបចំប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តសៀមរាបឱ្យមានទឹកប្រើប្រាស់ទាំងអស់គ្នា ដែលនឹងត្រូវអនុវត្តនាពេលខាងមុខឆាប់ៗនេះ។
គម្រោងទាំងពីរនេះ ត្រូវបានលើកឡើងដោយ លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ក្នុងឱកាសជួបពិភាក្សាការងារជាមួយឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ ។
លោកស្រី Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជាឱ្យដឹងថា សម្រាប់ គម្រោងទី១. គម្រោងពុយទីហ្វូ គឺជាការស្ដារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ឲ្យកាន់តែមានទាក់ទាញលើឆាកអន្តរជាតិ ខណៈគម្រោងនេះ ជួបពិភាក្សាម្ដងរួចមក កាលពីថ្ងៃទី២០ ខែឧសភា កន្លងទៅថ្មីៗនេះ រវាងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងម្ចាស់គម្រោង ដើម្បីសិក្សាពីលទ្ធភាព និងធ្វើការសន្និដ្ឋាននាពេលឆាប់នេះ ។
លោកស្រីបន្តថា ទី២. ជាគម្រោងលើប្រព័ន្ធធារាសាស្ត្រ មានឈ្មោះថា “សៀមរាបទឹកសម្រាប់ទាំងអស់គ្នា” ដែលមានទីតាំងក្នុងស្រុកពួក និងគាំទ្រដោយ ទីភា្នក់ងារបារាំង សម្រាប់ការអភិវឌ្ឍ (AFD) ហើយគម្រោងនេះ នឹងគ្រប់គ្រងលើធនធានទឹកចម្រុះ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានទឹកប្រើប្រាស់ទាំងអស់គ្នា ដែលមានគុណប្រយោជន៍ដល់ អាជ្ញាធរជាតិអប្សរា ក្រសួងធនធានទឹក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គភាពពាក់ព័ន្ធដទៃទៀត ហើយទោះបីប្រទេសកម្ពុជា ក៏ដូចពិភពលោក កំពុងរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ប្រទេសបារាំងនៅតែបន្តគាំទ្រ និងសហការ ជាមួយប្រទេសកម្ពុជា ក៏ដូចរដ្ឋបាលខេត្តសៀមរាប លើគម្រោងនានានាពេលអនាគត។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានសម្តែងការគាំទ្រ និងកិច្ចសហប្រតិបត្តិការល្អរបស់ប្រទេសបារាំង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី បានណែនាំដល់បណ្ដារដ្ឋបាលរាជធានីខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ ធ្វើអត្តសញ្ញាណកម្មជនក្រីក្រពិតប្រាកដ ដែលកំពុងរងផលប៉ះពាល់ដោយសារវិបត្តិជំងឺកូវីដ១៩ ។
លោកបន្តថា ជាមួយនោះ រដ្ឋបាលខេត្ត ក៏បានខិតខំប្រឹងប្រែង ប្រែក្លាយពេលវេលាដ៏លំបាកនេះ ទៅជាការអភិវឌ្ឍ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង សម្រាប់ទទួលភ្ញៀវទេសចរ បន្ទាប់ជំងឺកូវីដ១៩នេះ ៕






