ដោយ ៖ វុត្ថា
ភ្នំពេញ ៖ វិបត្តិនៃការរីករាលដាលនៃជំងឺ Covid-19 មិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការសាងសង់សំណង់គម្រោងខុនដូនៅក្នុងប្រទេសកម្ពុជាពេកនោះទេ ខណៈដែលខុនដូតម្លៃធម្យមបានក្លាយជាគោលដៅរបស់ប្រជាពលរដ្ឋនៅក្នុងស្រុក។
លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia បានឱ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះ ថា បើទោះបីមានវិបត្តិជំងឺ Covid-19 តែគេសង្កេតឃើញថា ការសាងសង់គ្រោងអគារខុនដូនៅក្នុងប្រទេសកម្ពុជាហាក់ពុំមានការធ្លាក់ចុះនោះទេ ពោលគឺសកម្មភាពសាងសង់គម្រោងជាច្រើននៅតែបន្តមាន ហើយក៏មានការដាក់បញ្ចូលទៅក្នុងទីផ្សារលក់ផងដែរ។
លោកស្រីថា “គម្រោងសាងសង់គឺមិនផលប៉ះពាល់ពេកនោះទេ តែមានគម្រោងមួយចំនួនត្រូវបានពន្យា ចាប់ពី ៦ខែ – ១ឆ្នាំ ហើយនេះជារឿងធម្មតា ដោយសារការនាំចូលនូវសម្ភារៈសំណង់មានភាពយឺតយ៉ាវ តែសម្រាប់វិបតិ្តនៃជំងឺ Covid-19 គឺមិនមានការប៉ះពាល់ទេដល់ការសាងសង់ ហើយពេលថ្មីៗនេះ មានគម្រោងថ្មីចំនួនបានបានដាក់លក់ក្រោយសាងសង់បានបញ្ចប់”។
ទោះជាយ៉ាងណា សម្រាប់ទីផ្សារលក់ត្រូវបានលោកស្រីថា “វិស័យខុនដូ គឺមានផលប៉ះពាល់បន្តិចបន្តួច បើធៀបទៅនឹងទីផ្សារជួលលក់រាយ និងសណ្ឋាគារ ដែលវិស័យទាំងពីរនេះ រងផលប៉ះពាល់ខ្លាំង ប៉ុន្តែអ្វីដែលយើងមើលឃើញ គឺមានការធ្លាក់ចុះនូវចំនួនអ្នកទិញ ចន្លោះពី ៣០ – ៤០ ភាគរយ វាអាស្រ័យទៅលើគម្រោង”។
លោកស្រីបន្ថែមថា “ចំពោះគម្រោងដែលបញ្ចប់ហើយ និងគម្រោងដែលកំពុងដាក់លក់ គឺមានលក្ខណៈខុសគ្នា ដោយសារគម្រោងដែលបានបញ្ចប់ គឺនៅតែមានការគាំទ្រពីអតិថិជននៅក្នុងស្រុក ប៉ុន្តែសម្រាប់គម្រោងដែលបានដាក់លក់គឺមានការថយចុះ។ នៅក្នុងកាលទេសៈនៃវិបត្តិជំងឺ Covid-19 នេះ អ្នកអភិវឌ្ឍន៍ និងទិញ បានចាប់អារម្មណ៍ទៅលើគម្រោងដែលបាបញ្ចប់រួចហើយ ទី១ គឺពួកគាត់អាចទទួលបានកម្ចីពីធនាគារ តែសម្រាប់គម្រោងដែលកំពុងសាងសង់អាចទទួលបានកម្ចីពីធនាគារបន្តិចបន្តួចប៉ុណ្ណោះ ព្រោះក្នុងវិបត្តិនៃជំងឺ Covid-19 បានប៉ះពាល់ដល់ចរន្តសាច់ប្រាក់ ដោយមិនអាចយកសាច់ប្រាក់ទៅវិនិយោគបាននោះទេ”។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកស្រីក៏បានលើកឡើងផងដែរថា សម្រាប់ទីផ្សារជួលខុនដូទៅឱ្យជនបរទេសគឺមានការធ្លាក់ចុះប្រមាណ ៣០ – ៥០ ភាគរយ នៅក្នុងវិបត្តិនៃជំងឺ Covid-19 នេះ ដោយសារតែជនបរទេសមួយចំនួនបានវិលទៅកាន់ស្រុកកំណើតរបស់គាត់វិញ ហើយមិនអាចត្រឡប់មកកម្ពុជាវិញបាន ប៉ុន្តែទោះជាយ៉ាងណា តម្លៃនៃការជួលរបស់ខុនដូនៅក្នុងប្រទេសកម្ពុជាមានភាពល្អប្រសើរច្រើន និងទទួលបានប្រាក់ចំណេញខ្ពស់ បើបៀបធៀបទៅការជួលខុនដូនៅតាមប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន”។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គម្រោងសាងសង់ខុនដូនៅក្នុងប្រទេសកម្ពុជា មានសន្ទុះរីកចម្រើនយ៉ាងខ្លាំង ដោយសារមានការគាំទ្រពីប្រជាជននៅក្នុងស្រុក ជាពិសេសយុវជនជំនាន់ក្រោយ ឬប្រជាជនដែលទើបរៀបការថ្មីថ្មោងដែលបានទិញសម្រាប់ធ្វើការរស់នៅ។ យោងរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានឱ្យដឹងថា រហូតមកមកដល់ពេលនេះ កម្ពុជាមានបន្ទប់ខុនដូ ជាង ២ម៉ឺនយូនីត ដែលបានដាក់លក់នៅលើទីផ្សារ និងគម្រោងបញ្ចប់ ៦០ គម្រោង៕