ដោយៈ រ៉ាណេត
ភ្នំពេញៈ តាមរយៈរបាយការណ៍របស់ក្រសួងដែនដីបានបញ្ជាក់ថា នៅក្នុងឆមាសទី១ឆ្នាំ២០២០ វិស័យអចលនទ្រព្យនៅតែអាចរក្សាបាននូវកំណើន ជាពិសេសផ្នែកសំណង់ ហើយនឹងតែបន្តជំរុញភាពវិជ្ជមាន នៅក្នុងឆមាសទី២ឆ្នាំនេះដដែល ដែលវាជាឱកាសសម្រាប់អ្នកវិនិយោគ។

-->
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ Century21 Land Station លោក កាង សុធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០កន្លងមកថា ផ្អែកតាមវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង ជាពិសេសយុទ្ធសាស្ត្រនៃការលើកទឹកចិត្ត ដល់បណ្តាអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែអាចរក្សាបាននូវស្ថានភាពល្អដដែល ឬអាចកើនឡើងលើសពីឆមាសទី១តិតតួច។
លោកបញ្ជាក់ថា “និយាយជារួមនៃវិស័យអចលនទ្រព្យ បើប្រៀបធៀបទៅនឹងវិស័យដទៃទៀត គឺនៅតែមានភាពល្អប្រសើរ ជាពិសេស ការវិនិយោគទៅលើវិស័យដីធ្លី ដែលនៅតែផ្តល់ឱកាសចំណេញច្រើនជាងវិស័យលំនៅដ្ឋាន” ។ លោកបន្តថា“យើងទទួលស្គាល់ថា ទោះជាស្ថិតនៅក្នុងដំណាក់កាលនេះ ដែលកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសាកល ប៉ុន្តែសម្រាប់ការអភិវឌ្ឍ វិស័យលំនៅដ្ឋាននៅតាមគម្រោងបុរីនានា ទាំងនៅក្នុងក្រុង និងនៅជាយក្រុង គឺនៅតែបន្តសកម្មភាពដូចគ្នា ដើម្បីបញ្ចប់ទៅតាមផែនការរបស់ខ្លួនដែលបានគ្រោងទុក” ។
លោកកាង សុធីបានមានប្រសាសន៍ថា “ទីផ្សារលំនៅដ្ឋាន យើងឃើញថាមានភាពពុះកញ្ច្រោលខ្លាំង ប៉ុន្តែវាល្អសម្រាប់តែចំពោះអ្នក ដែលមានតម្រូវការស្នាក់នៅជាក់ស្ដែងតែប៉ុណ្ណោះ ព្រោះមានជម្រើសច្រើនក្នុងការទិញ ប៉ុន្តែចំពោះអ្នកដែលមានបំណងទិញទុកវិនិយោគយកចំណេញ ហាក់មានឱកាសតិចរួចបំផុត ដោយសារតែលំនៅដ្ឋានភាគច្រើនត្រូវបានក្រុមហ៊ុនអភិវឌ្ឍ តម្លើងតម្លៃដល់កម្រិតទីផ្សាររួចទៅហើយ” ។
ក្នុងដំណាក់កាលនេះឬបន្តទៅថ្ងៃខាងមុខ អ្នកវិនិយោគដែលវៃឆ្លាតគឺគេតម្រង់ទិសដៅទៅលើការវិនិយោគដីធ្លី ដែលនៅតែមានឱកាសចំណេញច្រើន។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា រាល់ការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យក្នុងដំណាក់កាលនេះ មិនថាផ្នែកសំណង់លំនៅដ្ឋានឬផ្នែកដីធ្លីនោះទេ គឺមានឱកាសចំណេញដូចគ្នា ប្រសិនបើរាល់អចលទ្រព្យវត្ថុទាំងអស់នោះ ត្រូវបានដាក់លក់ក្នុងតម្លៃទាបជាងទីផ្សារ។
លោកស្រីបញ្ជាក់ថា “សកម្មភាពនៃការទិញ លក់ក្នុងពេលនេះ មានភាពស្ងប់ស្ងាត់បន្តិចបើប្រៀបធៀបទៅនឹងដើមឆ្នាំ ឬអំឡុងពេលត្រីមាសទី១ ប៉ុន្តែសម្រាប់តម្លៃវិញគឺមិនមានការធ្លាក់ចុះនោះទេ។ លោកស្រីបន្តថា“នៅក្នុងឆមាសទី២នៃឆ្នាំនេះ តម្លៃទីផ្សារអាចនឹងមានភាពល្អប្រសើរឡើងវិញបន្តិចបន្តួច ក្រោមវិធានការរបស់រាជរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យផ្នែកមួយចំនួនបើកដំណើរការឡើងវិញ” ។
ទោះជាយ៉ាងណា ទីផ្សារអចលនទ្រព្យទាំងមូលអាចវិលត្រឡប់ ទៅរកសភាពដើមដូចចុងឆ្នាំ២០១៩ អាចត្រូវការពេលវេលាយូរបន្តិចយ៉ាងហោសណាស់១ឆ្នាំ ឬអាចលើសពីនេះ” ៕