ខេត្តកំពតនៅតែរក្សាបាននូវកំណើនសកម្មភាពទិញលក់ដីធ្លី

0

ដោយ៖ ប៊ី

ភ្នំពេញ ៖ ខេត្តកំពតនៅតែរក្សាបានសកម្មភាពទិញលក់ដីធ្លីជាបន្តបន្ទាប់ ដែលមានកំណើនតម្រូវការទាំងប្រភេទដីធ្លីអាជីវកម្ម ដីឡូត៍លំនៅឋាន និងដីកសិកម្ម ទោះបីជាសកម្មភាពនៃការទិញលក់ដីធ្លីនៅតំបន់ផ្សេងៗ ហាក់មានភាពស្ងប់ស្ងាត់ និងនៅទ្រឹងបន្តិចក៏ដោយ។

លោក សុខ គែន អគ្គនាយកក្រុមហ៊ុន Kampot Trip Real Estate បានឱ្យដឹងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ថា ការទិញលក់ដីធ្លីនៅខេត្តកំពតសព្វថ្ងៃនេះ គឺនៅតែមានសកម្មភាព និងបន្តកំណើនឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ១៩ បានធូរស្រាល តែភាគច្រើននៃអ្នកស្វែងរកទិញដីធ្លីក្នុងខេត្តនេះជាវិនិយោគិនក្នុងស្រុក ខណៈស្ងប់ស្ងាត់សម្រាប់វិនិយោគិនបរទេស។

លោកថា ៖ “អ្នកទិញដីធ្លីនៅកំពតភាគច្រើនជាអ្នកចង់មានផ្ទះទី២ ដែលសំដៅលើផ្ទះបែបលំហែកាយ សម្រាកការកម្សាន្ត និងលំហែនៅពេលពួកគេទំនេរពីការងារ។ ប៉ុន្តែទោះបីជាមួយរយៈនេះសកម្មភាពទិញលក់មានការកើនឡើងក្ដី តែតម្លៃដីធ្លីហាក់មិនមានការប្រែប្រួលនោះទេ ពោលគឺនៅតែរក្សាតម្លៃដដែល”។

លោក វិន ឈុនហ៊ាត នាយកគម្រោងពុះដីឡូត៍ TH Land ក្នុងខេត្តកំពត បានថ្លែងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ថា បច្ចុប្បន្ននេះ សម្រាប់ការទិញលក់ដីធ្លីក្នុងខេត្តកំពតនៅតែមានសកម្មភាពជាធម្មតា ដោយមានភ្ញៀវខ្មែរ និងភ្ញៀវបរទេសខ្លះដែលមានជនជាតិខ្មែរជាអ្នកឈរឈ្មោះបានមកដល់កំពត និងស្វែងរកទិញដី ជាពិសេសប្រភេទដីសម្រាប់សង់លំនៅឋានលំហែកាយ ដោយសារតែខេត្តកំពតជាគោលដៅទេសចរណ៍មួយដ៏មានសក្ដានុពលនាពេលបច្ចុប្បន្ន និងអនាគត។

លោកបានឱ្យដឹងទៀតថា “អ្នកវិនិយោគ ឬអ្នកមានទ្រព្យមួយចំនួននៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្ដាខេត្តផ្សេងៗ តែងចង់បានដីធ្លីសម្រាប់សង់លំនៅឋានទុកលំហែកាយពេលសម្រាកពីការងារ និងអាជីវកម្មរបស់ពួកគេ។ និយាយជារួម សព្វថ្ងៃគេឃើញថាវិនិយោគបរទេស ក៏ដូចជាវិនិយោគិនជនជាតិចិនមួយចំនួន បានត្រឡប់មកកម្ពុជាម្ដងទៀត បន្ទាប់ពីបានចាកចេញពីកម្ពុជាកាលពីពេលកន្លងទៅ ក្រោយការបិទល្បែងអនឡាញ។ ប៉ុន្តែ ការវិលត្រលប់មករបស់ជនជាតិចិនទាំងនោះ ភាគច្រើនជាអ្នកវិនិយោគ មិនមែនជាអ្នកលេងល្បែងដូចកាលពីមុននោះឡើយ ហើយបើមានក៏មានតិចតួចដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here