តំបន់ជុំវិញភ្នំឧដុង្គ ចាប់ផ្តើមទាក់ទាញគម្រោងដីឡូតិ៍ និងការអភិវឌ្ឍន៍វិស័យលំនៅឋានតម្លៃសមរម្យសាជាថ្មី

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅមិនឆ្ងាយពីរាជធានីភ្នំពេញប៉ុន្មាននោះទេ តំបន់ឧដុង្គ ដែលមានកេរ្តិ៍ឈ្មោះល្បីថាជាកន្លែងកម្សាន្តប្រវត្តិសាស្ត្រដែលពោរពេញទៅដោយធម្មជាតិនោះ ពេលនេះកំពុងកើតមានគម្រោងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យជាច្រើនគម្រោង ដែលក្នុងនោះក្រៅពីគម្រោងពុះដីឡូតិ៍ ក៏មានគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យផងដែរ ខណៈដែលវត្តមានសំណង់រោងចក្រជាច្រើនត្រូវបានបង្ហាញខ្លួន។

នាយកទីផ្សារ និងផ្នែកលក់គម្រោងអភិវឌ្ឍន៍ដីឡូតិ៍របស់ក្រុមហ៊ុន វិមានអចលនទ្រព្យ លោក សំ ថាវី បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះថា ស្ថិតតំបន់ជុំវិញឧដុង្គ ជាពិសេសនៅប៉ែកខាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥១ គឺមានគម្រោងអភិវឌ្ឍន៍ជាច្រើនគម្រោង ហើយគម្រោងទាំងអស់នេះ គឺកើតមានតាំងពីអំឡុងចុងឆ្នាំ២០១៩ ប៉ុន្តែដោយសារតែបញ្ហានៃជំងឺរាតត្បាត សកម្មភាពទិញលក់ និងអភិវឌ្ឍន៍គម្រោងនានាត្រូវបានផ្អាកមួយរយៈ។

លោកបានបន្តថា “ដោយឡែក បន្ទាប់ពីបញ្ហានៃជំងឺនេះហាក់មានភាពស្ងប់ស្ងាត់ជាពិសេសចាប់តាំងពីអំឡុងខែឧសភា រហូតមក ការទិញលក់ចាប់ផ្តើមកម្រើកឡើងវិញ ហើយសកម្មភាពនៃការអភិវឌ្ឍន៍ក៏ចាប់ផ្ដើមមានឡើងវិញ។ ជាក់ស្ដែងដូចជាស្ថិតនៅតំបន់ដែលប៉ែកខាងលិចនៃជើងភ្នំឧដុង្គ គឺមានសំណង់រោងចក្រ លំនៅដ្ឋានជាច្រើនកំពុងសាងសង់ជាបន្តបន្ទាប់ ហើយការពុះដីឡូតិ៍ក៏ឃើញមានច្រើនគម្រោងដែរ”។

លោក សំ ថាវី បានបញ្ជាក់ទៀតថា “ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានធំៗមួយចំនួនក៏បានទិញដីសម្រាប់គម្រោងលំនៅឋានតម្លៃសមរម្យរួចហើយដែរ (នៅប៉ែកខាងផ្លូវជាតិលេខ៥) ដូចជាគម្រោងរបស់លោកឧកញ៉ា លី ហួរ ជាដើម ហើយនៅប៉ែកខាងផ្លូវជាតិលេខ៥១ គឺមានគម្រោងខ្លះកំពុងតែមមាញឹកក្នុងការសាងសង ដូចជាគម្រោងបុរី អូរ៉ូរ៉ា និងគម្រោងបណ្តុំលំនៅដ្ឋានផ្សេងៗមួយចំនួនទៀត ហើយមិនយូរប៉ុន្មាន ការអភិវឌ្ឍទាំងអស់នេះនឹងធ្វើឱ្យតំបន់ជុំវិញភ្នំឧដុង្គក្លាយជាបណ្តុំលំនៅដ្ឋានមិនចាញ់តំបន់ភ្នំបាសិតនោះទេ”។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna Investment លោក វ៉ា វីរៈ ធ្លាប់បានមានប្រសាសន៍ថា ស្ទើរតែគ្រប់តំបន់ជាយក្រុងរាជធានីភ្នំពេញទាំងអស់គឺសុទ្ធតែមានតម្រូវការប្រើប្រាស់ដីទាំងអស់ ជាពិសេសត្រឹមចម្ងាយចាប់ពីប្រមាណជាង៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
លោកបានបន្តទៀតថា “នៅតំបន់ឧដុង្គ គឺមានភាពល្អប្រសើរច្រើន ដែលក្រៅពីនៅជិតក្រុង និងមានផ្លូវហាយវេ (ផ្លូវជាតិលេខ៥) និងផ្លូវជាតិលេខ៥១ ដែលរដ្ឋាភិបាលកំពុងតែធ្វើការកែលម្អជាបណ្តើរ ដើម្បីផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូន តំបន់នេះនៅមានវិសាលភាពធំទូលាយងាយស្រួលអភិវឌ្ឍន៍ ហើយតម្លៃក៏នៅធូរថ្លៃ”។

លោកបានបន្តទៀតថា “កត្តាភូមិសាស្ត្រនៅទីនេះល្អប្រសើរទាំងការរស់នៅ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់វិស័យដឹកជញ្ជូន ជាក់ស្ដែងក្រៅពីមានផ្លូវជាតិលេខ៥ ដែលជាផ្លូវហាយវេ ថែមទាំងមានភាពងាយស្រួលក្នុងការឆ្លងទៅកាន់ផ្លូវជាតិលេខ៦ តាមស្ពានព្រែកក្ដាម និងឆ្ពោះទៅផ្លូវជាតិ៤ តាមផ្លូវ៥១ ដែលកំពុងតែមានសន្ទុះការអភិវឌ្ឍខ្លាំង និងមានតម្រូវការប្រើប្រាស់ដីខ្ពស់នាពេលបច្ចុប្បន្ននេះ”។

ស្រដៀងទៅនឹងការលើកឡើងខាងលើនេះ បច្ចុប្បន្ន គេសង្កេតឃើញមានក្រុមហ៊ុនអភិវឌ្ឍន៍ក្នុងស្រុកជាច្រើន បាន និងកំពុងបង្ហាញពីសកម្មភាពយ៉ាងមមាញឹកទៅលើគម្រោងរបស់ខ្លួននៅក្បែរតំបន់កម្សាន្តប្រវត្តិសាស្ត្រភ្នំឧដុង្គ ដែលក្នុងនោះរួមមានការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យសម្រាប់ស្នាក់នៅ និងបង្កើតអាជីវកម្ម ការសាងសង់លំនៅដ្ឋានសម្រាប់ជួលដល់កម្មករ-កម្មការិនីរោងចក្រ ក៏ដូចជាគម្រោងអភិវឌ្ឍន៍ពុះដីឡូតិ៍ជាច្រើនគម្រោង។ សម្រាប់ការសាកសួរព័ត៌មានបន្ថែមពីការអភិវឌ្ឍន៍ដីឡូតិ៍របស់ក្រុមហ៊ុន វិមានអចលនទ្រព្យ លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ ០៣១ ២២ ២២ ០៧១ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here