រដ្ឋាភិបាល កំពុងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យចំនួន៣ ដើម្បីពង្រឹងវិស័យសំណង់នៅកម្ពុជា

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបច្ចេកទេសពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យចំនួន៣ ពាក់ព័ន្ធនឹងកំណត់អំពីសមត្ថកិច្ច លក្ខខណ្ឌ និងនីតិវិធីក្នុងការផ្ដល់លិខិតអនុញ្ញាតសាងសង់លក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់ និងលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់ពីគុណភាពសំណង់។

យោងតាមកិច្ចប្រជុំបច្ចេកទេសពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យចំនួន៣ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ រួមមាន ៖

ទី១-អនុក្រឹត្យស្ដីពីលិខិតអនុញ្ញាតសាងសង់មាន១២ជំពូក និង៥៧មាត្រា ហើយអនុក្រឹត្យនេះកំណត់អំពីសមត្ថកិច្ច លក្ខខណ្ឌ និងនីតិវិធីក្នុងការផ្ដល់លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់។ ហើយអនុក្រឹត្យនេះ មានវិសាលាភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានសំណត់ នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

ទី២-អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់មាន១៣ជំពូក និង ៥៥មាត្រា ហើយអនុក្រឹត្យនេះ កំណត់អំពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្ដល់ការព្យួរ និងការដកហូតវិញ្ញាបនបត្រប្រើប្រាស់សំណង់ និងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ ក្នុងគោលបំណងដើម្បីធានាសន្ដិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ហើយអនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានកំណត់ នៅក្នុងលិខិតបទដ្ឋានគតិយុត្តដោយឡែក។

ទី៣-អនុក្រឹត្យស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃការត្រួតពិនិត្យ និងបញ្ជាក់សំណង់មាន ១២ជំពូក និង ៥៩មាត្រា ហើយអនុក្រឹត្យនេះ កំណត់អំពីប្រភេទ និងកម្រិតនៃអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង លក្ខខណ្ឌ និងនិតីវិធីនៃការផ្ដល់ ការបញ្ចប់សុពលភាព ការបន្ដសុពលភាព ការព្យួរ និងការដកហូតអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ និងលក្ខខណ្ឌនៃការអនុវត្តការងារត្រួតពិនិត្យ និងបញ្ជាក់សំណង់។

អនុក្រឹត្យនេះ មានវិសាលភាពអនុវត្តចំពោះសំណង់គ្រប់ប្រភេទ លើកលែងតែប្រភេទសំណង់ដែលមានកំណត់នៅក្នុងលិខិតបទដ្ឋានគតិយុត្តិដោយឡែក។
លោក លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃឱ្យដឹងថា កិច្ចប្រជុំបច្ចេកទេសពិភាក្សា លើសេចក្ដីព្រាងអនុក្រឹត្យ ចំនួន៣ខាងលើនាពេលព្រឹកនេះ គឺដើម្បីពិនិត្យកែសម្រួលខ្លឹមសារមួយចំនួនសម្រាប់ការប្រើប្រាស់ និងអនុវត្តប្រកបដោយភាពត្រឹមត្រូវ និងតម្លាភាព ហើយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់មានជំនឿទុកចិត្តទៅលើសេចក្ដីព្រាងអនុក្រឹត្យទាំង៣នេះ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សូមថ្លែងការកោតសសើរ ចំពោះកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលកន្លងមកបានសហការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាកំណែទម្រង់ស្នូលនៅកម្ពុជាយើង។

សម្តេចតេជោបន្តថា សេចក្ដីព្រាងអនុក្រឹត្យនេះ ក៏បានដាក់ប្រជុំពិភាក្សានៅទីស្ដីការគណៈរដ្ឋមន្ដ្រីកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះដែរ។ សេចក្ដីព្រាងអនុក្រឹត្យនេះដែរ គឺបានកំណត់នូវតួនាទីភារកិច្ចរបស់រដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធទៅនឹងការចេញលិខិតការអនុញ្ញាត្តចុះត្រួតពិនិត្យនៃការសាងសង់រាល់សំណង់នៅកម្ពុជា ដែលស្របតាមការអនុវត្តនូវគោលការណ៍នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here