សេដ្ឋវិទូ មានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនឡើងវិញនៅត្រីមាសទី៤ ឆ្នាំនេះ

0

ដោយ ៖ ប៊ី

ភ្នំពេញ ៖ សេដ្ឋវិទូនៅតែមានសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនឡើងវិញនៅត្រីមាសទី៤ ឆ្នាំ២០២០ បន្ទាប់ពីមានពន្លឺនៃភាពជោគជ័យពីប្រទេសធំៗ ដែលកំពុងផលិតវ៉ាក់សាំងកូវីដ១៩។
ធនាគារពិភពលោកបានព្យាករណ៍ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាទំនងជាធ្លាក់ចុះចន្លោះពី ១ភាគរយទៅ ២,៩ ភាគរយនៅឆ្នាំនេះ ដែលជាផលអវិជ្ជមានសម្រាប់ប្រទេសនេះ។

នៅក្នុងរបាយការណ៍របស់ធនាគារពិភពលោកបានកត់សម្គាល់ឃើញថា វិបត្ដិនៃជំងឺរាតត្បាត នឹងបង្កហានិភ័យដល់ការងារចំនួន ១,៧៦ លាននាក់ ដែលជាលទ្ធផលនៃការខាតបង់នៅក្នុងវិស័យទេសចរណ៍ ផលិតកម្ម និងសំណង់ នឹងមានចំនួនច្រើនជាង ៧០ ភាគរយនៃកំណើនសេដ្ឋកិច្ច។

ទោះយ៉ាងណាក៏ដោយ លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកសេដ្ឋកិច្ច និងជាប្រធានមជ្ឈមណ្ឌលសិក្សាចិន (China Study Centre ) នៅរាជបណ្ឌិត្យសភាកម្ពុជាមានសុទិដ្ឋិនិយម ហើយជឿជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងវិលត្រឡប់មកវិញឆាប់ៗនេះ។
លោកមានប្រសាសន៍ថា “ខ្ញុំគិតថានៅត្រីមាសទី៤ ឆ្នាំ២០២០ ជំងឺកូវីដ១៩ សង្ឃឹមថានឹងបញ្ចប់ ហើយសេដ្ឋកិច្ចនឹងងើបឡើងវិញ ពីព្រោះខ្ញុំជឿជាក់ថា ក្នុងរយៈពេល ៣ ខែទៀត វ៉ាក់សាំងនឹងត្រៀមរួចរាល់ បន្ទាប់ពីមានសញ្ញាវិជ្ជមានមួយចំនួននៃការប្រកាសវ៉ាក់សាំងពីប្រទេសជាច្រើន”។

លោកបណ្ឌិត សេរីវឌ្ឍ បានពន្យល់ថា ប្រទេសតូចមួយដូចជាប្រទេសកម្ពុជា ដែលពឹងផ្អែកលើប្រទេសដទៃទៀតនឹងជំរុញកំណើនដោយផ្អែកលើប្រទេសធំៗដទៃទៀត។ ប្រសិនបើដៃគូពាណិជ្ជកម្មរបស់ខ្លួន ដូចជាសហរដ្ឋអាមេរិក ចិន និងអាស៊ានកើនឡើងនោះ កម្ពុជាក៏នឹងរីកចម្រើនដែរ។ លោកក៏បានអំពាវនាវឱ្យអាស៊ានមានសាមគ្គីភាព និងពង្រឹងការធ្វើពាណិជ្ជកម្មរវាងអាស៊ាន។
លោក “ប្រសិនបើជំងឺ១៩ បញ្ចប់ទៅ ប្រទេសសមាជិកអាស៊ានត្រូវតែគិតអំពីការធ្វើពាណិជ្ជកម្មនៅក្នុងអាស៊ាន។ សមាជិកអាស៊ានកំពុងធ្វើពាណិជ្ជកម្មជាមួយតំបន់ និងពិភពលោក ប៉ុន្តែពួកគេមិនធ្វើពាណិជ្ជកម្មក្នុងចំណោមសមាជិកអាស៊ានខ្លួនឯងច្រើនទេ ដូច្នេះនៅពេលមានវិបត្តិ ពួកគេ (អាស៊ាន) ក៏នឹងធ្លាក់ចុះដែរ”។

លោកបណ្ឌិត សេរីវឌ្ឍ បានថ្លែងថា មធ្យោបាយមួយក្នុងការជំរុញសេដ្ឋកិច្ចជាតិ ក្នុងពេលមានជំងឺរាតត្បាត គឺតាមរយៈការប្រើប្រាស់ក្នុងស្រុក។ សេដ្ឋវិទូរូបនេះក៏ជឿជាក់ផងដែរថា វិបត្តិនេះបានផ្តល់នូវឱកាសសម្រាប់សហគ្រាសធុនតូច និងមធ្យម។
លោកបញ្ជាក់ថា “បញ្ហារបស់សហគ្រាសធុនតូច និងមធ្យមគឺថា យើងមិនអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបានទេ។ ឥឡូវនេះ ព្រំដែនរបស់យើងជាមួយប្រទេសជិតខាងត្រូវបានបិទ ដូច្នេះ ហេតុអ្វីបានជាសហគ្រាសធុនតូច និងមធ្យមមិនអាចចាប់យកឱកាសនេះ ហើយធ្វើឱ្យវាដំណើរការសម្រាប់ពួកគេ?”៕ ASEAN Post

LEAVE A REPLY

Please enter your comment!
Please enter your name here