ដោយ វុត្ថា
ភ្នំពេញៈ ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានមើលឃើញថា តម្លៃដីធ្លីនៅក្នុងខេត្តព្រះសីហនុរហូតមកដល់ពេលនេះ មានកើនឡើបន្តិចបន្តួចប៉ុណ្ណោះ បើទោះបីប្រជាជន និងវិនិយោគចិនបន្តធ្វើដំណើរមកកាន់ ខេត្តជាប់មាត់សមុទ្រមួយនេះយ៉ាងណាក្តី។
លោកច្រឹក សុខនីម ប្រធានសមាគមវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្កុជា បានប្រាប់គេហទំព័រPropertyarea.asiaកាលពីពេលថ្មីនេះថា តាមការសង្កេតមើលជាក់ស្តែង នាពេលបច្ចុប្បន្ននេះ កំណើនលើការទិញ-លក់លើវិស័យធ្លីនៅក្នុងខេត្តព្រះសីហនុ ហាក់មានកំរើកបន្តិចបន្តួចប៉ុណ្ណោះ។
លោកថ្លែងថា“ខេត្តព្រះសីហនុទើបចាប់ផ្តើមបន្តិច យើងមានឃើញគេដើរមើល តែវាមិនទាន់កំរើកខ្លាំង លើការទិញលក់ច្រើនទេ។ សកម្មភាពទិញលក់មានចរន្តមួយៗ នេះបើតាមស្ថានភាពជាក់ស្តែង ដែលខ្ញុំឧស្សាហ៍ទៅកាន់ទីនោះរៀងរាល់សប្តាហ៍ ទៅកាន់ទីនោះ” ។ លោកបន្ថែមថា “វិស័យអចលនទ្រព្យនៅក្នុងខេត្តមួយនេះ នឹងងនៅតែបន្តកើនឡើងបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំហេដ្ឋារចនាសម្ព័ន្ធបានស្អាត និងមានការដាំដើមឈើលម្អគ៏ឱ្យទាក់ទាញ” ។
លោកស្រី អាន សុធិតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia បានមើលឃើញដែរថា លំហូនៃជនជាតិចិន មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺជាសញ្ញាដែលបង្ហាញភាពវិជ្ជមាន ដល់វិស័យសេដ្ឋកិច្ច និងទីផ្សារអចលនទ្រព្យនៅក្នុងខេត្ត ប៉ុន្តែវាមានកម្រិចបន្តិចបន្តួចប៉ុណ្ណោះ។
លោកស្រីថ្លែងថា “បើតាមខ្ញុំគិត វាត្រូវការពេលវេលាយូបន្ថែមទៀត មិនក្រោមរយៈពេល១ឆ្នាំកន្លះ ទៅ២ឆ្នាំនោះទេ ដើម្បីឱ្យទីផ្សារអចលនទ្រព្យនៅក្នុងខេត្តមួយនេះ មានល្អប្រសើរឡើងវិញ ប្រហាក់ប្រហែលទៅនឹងឆ្នាំកន្លងមកនេះ” ។
ចំណែកលោកនង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការនៃរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងដែរថា វិនិយោគិនចិន និងប្រជាជនចិនដែលធ្លាប់បំរើការងារនៅក្នុងខេត្តព្រះសីហនុ បានបន្តធ្វើដំណើរមកកាន់ខេត្តជាបន្តបន្ទាប់ ជាមួយគ្នានេះ ក៏មានជនជាតិចិនចាកចេញផងដែរ ។
លោកក៏បានស្នើសុំ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ កុំឱ្យមានការត្រេកអរពេក ចំពោះការធ្វើដំណើររបស់ជនជាតិចិន ចូលមកកាន់ខេត្តព្រះសីហនុនេះ ហើយគួរតែបន្ធូរបន្ថយតម្លៃជួលផ្ទះ និងដីធ្លី ដើម្បីរក្សាពួកគេឱ្យស្នាក់នៅ និងប្រកបមុខរបរនៅក្នុងខេត្តព្រះសីហនុបន្តទៀត។
លោកនងឌី ណារ៉ាបានថ្លែងថា “ ប្រជាជនចិនមកពីទីម៉ាកាវ ហ្គង់ចូវ គួនមិញ ជាដើម ច្រើនគួរសម ប៉ុន្តែកុំអរពេកមានចេញទៅវិញ ក៏ច្រើនដែរ ដូច្នេះថ្លៃឈ្នូលផ្ទះ -ជួលដី ។ ល។ គួរបន្ធូរបន្ថយ សម្រួលបានសម្រួលខ្លះទៅ” ។ លោកបន្តថា “បុគ្គលជាច្រើនតែងសួរខ្ញុំថា កាលណាបានតំលៃដី និងការជួលផ្ទះបានថ្លៃដូចឆ្នាំមុន? សំណួរនេះសួរខ្លួនឯង ឆ្លើយខ្លួនឯងទៅ” ។
វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះយ៉ាងកំហុកចាប់តាំងពីចុងឆ្នាំ ២០១៩ និងឆ្នាំ២០២០នេះ ដោយសារតែការផ្ទុះឡើងនូវជំងឺកូវីដ១៩ នៅក្នុងពិភពលោក និងការចាកចេញរបស់ជនជាតិចិនមួយចំនួនធំពីប្រទេសកម្ពុជា៕