ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនជប៉ុន AEON MALL បានបង្ហាញមហិច្ឆតា បង្កើនចំណូលប្រតិបត្តិការរបស់ខ្លួនពី ៦២ ពាន់លានយ៉េននៅក្នុងឆ្នាំ២០១៩ ឱ្យដល់ ១០០ពាន់លានយ៉េន នៅក្នុងឆ្នាំ ២០២៥ ខាងមុននេះ ។ នេះ បើយោងតាម NIKEI បានចុះផ្សាយរបស់សារព័ត៌មានកាលពីចុងសប្តាហ៍កន្លងមក។
សារព័ត៌មាន NIKEI បានឱ្យដឹងថា ក្នុងផែនការនេះក្រុមហ៊ុន AEON MALL បានពង្រីកអាជីវកម្ម នៅក្រៅប្រទេសរបស់ខ្លួនបានចំនួន៣៥ភាគរយ ពោលគឺកើនឡើងពី ១២% កាលពីឆ្នាំមុន ខណៈក្រុមហ៊ុននេះ បាននឹងកំពុងសាងសង់គម្រោងផ្សារទំនើបទី៣ របស់ខ្លួននៅទីក្រុងភ្នំពេញដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៣ ។
បើតាមសារព័ត៌មាន NIKEI គម្រោងផ្សារទំនើបទី៣ របស់ក្រុមហ៊ុន AEON MALL ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រនេះ ធំជាងគម្រោងទី២របស់ខ្លួន ដែលស្ថិតនៅក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញ ដែលនឹងស្រូបយកចំណែកទីផ្សារ បានកាន់តែច្រើនបន្ថែមទៀត។
តែយ៉ាងណាក៏ដោយ បើតាមការចុះផ្សាយរបស់ NIKEI ដដែលបញ្ជាក់ថា ទន្ទឹមនឹងការពង្រីកអាជីវកម្ម សាងសង់គម្រោងផ្សារទំនើបទី៣ របស់ក្រុមហ៊ុន AEON MALL នៅតាមផ្លូវតំបន់ផ្លូវ៦០ម៉ែត្រនេះ ក៏មានគម្រោងសាងសង់ផ្សារទំនើបពីរ ផ្សេងទៀតនៅក្នុង បុរីប៉េងហួត (PH Dimond Place) និង ក្រុមហ៊ុនជីបម៉ុង (Megal Mall 271 )ផងដែរដែលជំរុញឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំង។
លោក Ross Wheble ប្រធានក្រុមហ៊ុន Knight Frank ប្រចាំប្រទេសកម្ពុជាឱ្យដឹងថា នៅពេលមានគម្រោងវិនិយោគផ្សារទំនើបច្រើន (Retail) វានឹងធ្វើឱ្យមានការផ្គត់ផ្គង់លើសតម្រូវការពោលអត្រា នៃការជួលនឹងធ្លាក់ចុះ ជាមួយគ្នានេះម្ចាស់គម្រោងគួរតែផ្តល់នូវការលើកទឹកចិត្តឱ្យបានច្រើនទៅលើការជួល។
ក្រុមហ៊ុន Knight Frank បានព្យាករណ៍ថា នៅបំណាច់ឆ្នាំ២០២២ ទំហំផ្សារទំនើប (Retail) នឹងកើនដល់៨៣០,០០០ម៉ែត្រការ៉េ ។ ការផ្គត់ផ្គង់នាពេលអនាគតនឹងកើនដល់៨៤% វានឹងក្លាយជា “ចំណាត់ថ្នាក់ទីមួយ” (prime grade) ហើយភាគច្រើននៅក្នុងផ្សារទំនើបលក់រាយធំ។
បើតាមក្រុមហ៊ុន Knight Frank បច្ចុប្បបន្ននេះ ទំហំផ្សាទំនើបលក់រាយ (Retail) បានកើនឡើងទ្វេដង រហូតដល់ទំហំប្រមាណ៣៤០,០០០ម៉ែត្រការ៉េ នៅទូទាំងផ្សារចំនួន ២៣របស់ប្រទេសកម្ពុជា។ ហើយគម្រោងធំៗជាច្រើនទៀត គ្រោងនឹងបើកនៅឆ្នាំក្រោយៗទទៀត៕