ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ វិស័យសំណង់នៅកម្ពុជាក្នុងរយៈពេលប្រមាណ១ ទសវត្សរ៍ចុងក្រោយនេះត្រូវបានគេមើលឃើញថាមានសន្ទុះកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងបណ្តាប្រទេសជិតខាងមួយចំនួន ជាពិសេសមកពីប្រទេសចិន។ ជាក់ស្ដែងនៅត្រឹមរយៈពេល៦ខែ ឆ្នាំ២០២០ ទុនវិនិយោគសរុបមានជិត៤០០០លានដុល្លារ ដែលក្នុងនោះ ក្រុមហ៊ុនក្នុងស្រុកស្ទើរ៩០ភាគរយ ជាអ្នកទទួលម៉ៅការសាងសង់។
អគ្គនាយកក្រុមហ៊ុនជំនាញសាងសង់ F.D.C Construction Co.,Ltd លោក សឿន រដ្ឋា បានមានប្រសាសន៍ថា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២០ ក្រុមហ៊ុនសាងសង់សំណង់នៅកម្ពុជា ទាំងជាតិ និងអន្តរជាតិ មានមិនក្រោម១០០០ក្រុមហ៊ុននោះទេ ដែលចំនួននេះនៅមិនទាន់រាប់បញ្ចូលក្រុមហ៊ុនមិនទាន់ចុះបញ្ជីនៅក្រសួងជំនាញដែលពាក់ព័ន្ធនៅឡើយ។
លោក សឿន រដ្ឋា បានមានប្រសាសន៍បន្តទៀតថា “ភាគច្រើនក្រៅពីក្រុមហ៊ុនសាងសង់ក្នុងស្រុក គឺមានក្រុមហ៊ុនមកពីប្រទេសចិន បន្ទាប់មកក្រុមហ៊ុនពីកូរ៉េ សិង្ហបុរី ហុងកុង និងជាដើមជប៉ុន ប៉ុន្តែក្រុមហ៊ុនទាំងនោះក្រោយពីទទួលបានការដេញថ្លៃក្នុងការសាងសង់គម្រោងណាមួយ តែងសហការជាមួយក្រុមហ៊ុនក្នុងស្រុកលើការសាងសង់ដដែលរហូតដល់ប្រមាណជិត ៩០ភាគរយ ដោយពួកគេកាន់គោលជំហរ និងគ្រប់គ្រងទៅលើផ្នែកបច្ចេកទេស”។
លោកបញ្ជាក់ថា “បើយើងនិយាយពីទីផ្សារសំណង់ គឺមានភាពទូលំទូលាយ រាប់ចាប់គិតពីគម្រោងសាងសង់ដាច់ដោយឡែកជាលក្ខណៈឯកជនខ្នាតតូច ដូចជាគម្រោងលនៅដ្ឋានឡើងទៅដល់គម្រោងអភិវឌ្ឍន៍សំណង់អាគារពាណិជ្ជកម្មធំៗដែលមានតម្លៃរាប់រយលានដុល្លារដូចដែលកំពុងមាននៅក្នុងទីផ្សារសំណង់កម្ពុជានាពេលបច្ចុប្បន្ន”។
ជាមួយនឹងការទទួលបានចំណែកទីផ្សារសាងសង់យ៉ាធំធេងរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅកម្ពុជា លោក សឿន រដ្ឋា បានអះអាងថា សម្រាប់គម្រោងអភិវឌ្ឍន៍សំណង់ធំៗដែលមានតម្លៃរាប់សិបលានដុល្លារ ម្ចាស់គម្រោងបានកំណត់យ៉ាងច្បាស់ទៅលើកម្រិតគុណភាពសំណង់របស់ពួកគេ ដែលចាំបាច់ត្រូវតែជាក្រុមហ៊ុនស្របច្បាប់ មានបទពិសោធន៍ និងជំនាញច្បាស់លាស់។
លោក សឿន រដ្ឋា បានមានប្រសាសន៍ថា “គម្រោងរបស់គេមានតម្លៃច្រើនក្នុងចក្ខុវិស័យវិនិយោគក្នុងរយៈពេលយូរ និងប្រកបដោយប្រសិទ្ធភាព ជាមួយនឹងក្ដីរំពឹងពីលទ្ធផលវិជ្ជមាន ដូច្នេះ ទាំងគុណភាពសំណង់ រយៈពេលនៃការសាងសង់ និងអាយុកាលនៃសំណង់អាគារចាំបាច់ត្រូវតែប្រាកដថាមានភាពល្អប្រសើរ ដែលអាចទាញយកផលចំណេញខ្ពស់ពីការវិនិយោគរបស់ពួកគេ ដែលផ្ទុយស្រឡះពីគម្រោងសាងសង់ខ្នាតតូច ដែលម្ចាស់គម្រោងភាគច្រើន (អ្នកក្នុងស្រុក) មិនបានយចិត្តទុកដាក់ទៅលើកិច្ចសហការជាមួយក្រុមហ៊ុនសាងសង់ស្របច្បាប់ និងមានជំនាញច្បាស់ មានការធានាត្រឹមត្រូវនោះទេ ក្រោហេតុផលចំណាយខ្ពស់។ ដូច្នេះពួកគេត្រឹមតែផ្តល់គម្រោងដល់ក្រុមអ្នកម៉ៅការសាងសង់ (ជួលកម្លាំងជំនាញ និងកម្លាំងពលកម្ម) ហើយរាល់ការផ្គត់ផ្គង់សម្ភារៈសាងសង់ ក៏ដូចជាការគ្រប់គ្រងគុណភាពសំណង់គ្រប់គ្រងដោយខ្លួនឯងផ្ទាល់។ ការសម្រេចចិត្តបែប វាជាភាពប្រថុយប្រថានខ្ពស់ ហើយគុណភាពសំណង់ក៏មិនប្រាកដថាទទួលបាននោះដែរ”។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២០នេះ កម្ពុជាទទួលបានគម្រោងវិនិយោគលើវិស័យសំណង់ប្រមាណ ២ ៥២២ គម្រោង ដែលមានផ្ទៃក្រឡាសំណង់ សរុបជាង ៨, ៦ លានម៉ែត្រការ៉េ ស្មើតម្លៃទុនសរុបជាង ៣៨៤២ លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានចំនួន ២ ០៤៧ គម្រោង លើផ្ទៃក្រឡាសរុបប្រមាណ ៣,៧លានម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានលើទុនវិនិយោគជិត ៣៣៩២ លានដុល្លារ មានការកើនឡើងចំនួន ១៣, ២៦ ភាគរយ។
របាយការណ៍ដដែលបានបន្តថា សម្រាប់ដែនសមត្ថកិច្ចក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញលិខិតអនុញ្ញាតចំនួន ២០៧ គម្រោង មានផ្ទៃក្រឡាសំណង់ប្រមាណជាង ៦ លានម៉ែត្រការ៉េ ដែលមានតម្លៃទុនវិនិយោគប្រមាណជាង ៣០៦៧ លានដុល្លារអាមេរិក បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៩ មានចំនួន ១៥៤ គម្រោង លើផ្ទៃក្រឡាសំណង់សរុបជិត ៦,៣ លានម៉ែត្រការ៉េ ដែលមានតម្លៃទុនវិនិយោគប្រមាណ ៣០៧៤ លានដុល្លារ គឺមានការថយចុះប្រមាណ ០,២១ ភាគរយ ។
សម្រាប់ដែនសមត្ថកិច្ចរដ្ឋបាល-រាជធានីខេត្ត មានចំនួនសរុប ២៣១៥ គម្រោង មានផ្ទៃក្រឡាសំណង់ ២,២លានម៉ែក្រការ៉េ ដែលមានតម្លៃទុនវិនិយោគ ៧៧៤ លានដុល្លារ ។ បើធៀបនឹងឆមាសឆ្នាំ២០១៩ មានចំនួន ១៨៩៣ គម្រោង មានផ្ទៃក្រឡាសំណង់ចំនួនជាង ១ លានម៉ែត្រការ៉េ មានតម្លៃទុនវិនិយោគ ៣១៨ លានដុល្លារ កើនឡើងប្រមាណ ១៤៣,២៨ ភាគរយ៕