ស្របពេលទីផ្សារខុនដូកំពុងរីកចំរើននៅប្រទេសនេះ ការសម្រេចចិត្តទិញនូវលំនៅដ្ឋានទំនើបនេះ មិនមែនជាការគួរប្រថុយប្រថាននោះទេ។ ដូច្នេះដើម្បីបញ្ចៀសហានិភ័យនៃការខាតបង់ ទាមទារឲ្យអ្នកវិនិយោគស្វែងយល់លើកត្តាមួយចំនួនដើម្បីទទួលបានផាសុកភាពក្នុងការរស់នៅ ក៏ដូចជាទទួលបានផលចំណេញពីការវិនិយោគរបស់ខ្លួន។

តើអតិថិជនត្រូវពិនិត្យលើកត្តាអ្វីខ្លះ ដើម្បីឲ្យការបោះទុនវិនិយោគលើវិស័យនេះបញ្ចៀសបាននូវហានិភ័យ។
-->
លោក លាងគង់ យិន និពន្ធនាយកទស្សនាវដ្ដី PROPERTY VIEW បានថ្លែងឲ្យដឹងថា មុនសម្រេចចិត្តទុនខុនដូអ្នកវិនិយោគ គួរសម្លឹងមើលកត្តាសំខាន់ៗចំនួនបី ព្រោះកត្តាទាំងនេះ ជាផ្នែកយ៉ាងសំខាន់សម្រាប់វិនិយោគ ក៏ដូចជាសម្រួលភាព ងាយស្រួលក្នុងការរស់នៅ។
ពិនិត្យមើលលើកត្តាច្បាប់
ច្បាប់ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាធ្វើឲ្យអតិថិជនមានទំនុកចិត្តក្នុងការវិនិយោគលើផ្នែកនេះ ដូចនេះមុនសម្រេចចិត្តវិនិយោគលើអាគារខុនដូណាមួយអតិថិជនត្រូវសាកសួរទៅអ្នកអភិវឌ្ឈន៍លើច្បាប់ចំនួនបី ទី១ ច្បាប់ទាក់ទងនឹងការសាងសង់ ទី២ ច្បាប់ទាក់ទងនឹងអាជ្ញាប័ណ្ណអភិវឌ្ឈន៍ ទី៣ ច្បាប់ទាក់ទងនឹងអាជ្ញាប័ណ្ណលក់ និងកត្តាមួយទៀតអតិថិជនគួរសាកសួរទៅធនាគារ ដើម្បីដឹងថាតើធនាគារអាចផ្តល់ឥណទានទិញគំរោងនោះឬអត់? ព្រោះប្រសិនជាធនាគារយល់ព្រមផ្តល់ឥណទានមានន័យថាគំរោងនោះស្របច្បាប់ហើយ។

ការឌីសាញអាគារ
ការឌីសាញអាគារក៏ជាកត្តាសំខាន់ ពិតជាមិនអាចមើលរំលងបានផងដែរ ព្រោះការឌីសាញអាគារខុនដូ គឺជាកត្តាកំណត់តំលៃទ្បើងឬចុះនៃផ្ទះដែលអតិថិជនបានទិញនៅក្នុងខុនដូណាមួយនោះ។ ប្រសិនជាអ្នកអភិវឌ្ឈន៍ខុនដូ គិតតែពីប្រាក់ចំណេញ តំលៃខុនដូនោះមិនទ្បើងថ្លៃនោះទេ និងធ្វើឲ្យតំលៃនៃការលក់ឬជួលធ្លាក់ចុះផងដែរ។
ដូចនេះការឌីសាញពិតជាមានសារៈសំខាន់ណាស់ ដើម្បីអាគារខុនដូណាមួយមានភាពទាក់ទាញ អាចទទួលបានចំណេញ និងចំណូលច្រើនពីការលក់ ឬការជួលព្រោះការឌីសាញក្នុងនិងក្រៅអាគារ ការរៀបចំចំណតយានយន្តសមស្រប និងមានសេវាកម្មចាំបាច់មួយចំនួនទៀតដូចជា អាងហែលទឹក កន្លែងហាត់ប្រាណ ឬមានភោជនីយដ្ឋាននិង Sky Bar ជាដើម ពិតជាមិនអាចមើលរំលងបាន ព្រោះកត្តាទាំងនេះ ដើរតួនាទីកំណត់នូវតំលៃទ្បើងចុះរបស់ខុនដូលើទីផ្សារ។
ទីតាំង
ការជ្រើសរើសទីតាំងគំរោងអភិវឌ្ឈន៍ខុនដូ ក៏ជាកត្តាចាំបាច់សម្រាប់អ្នកទិញខុនដូផងដែរ ព្រោះតាមធម្មតាអ្នកទិញខុនដូតែងចង់បានទីតាំងដែលល្អ មានខ្យល់អាកាសបរិសុទ្ឋ និងទេសភាពស្អាតស្រស់បំព្រង និងមានភាពងាយស្រួលសម្រាប់ការរស់នៅ ដូចជានៅជិតផ្សារ សាលារៀន ធនាគារ ភោជនីយដ្ឋានជាដើម។
ដូចនេះការជ្រើសទីតាំងកណ្តាលក្រុង មានទេសភាពស្អាត និងខ្យល់អាកាសបរិសុទ្ឋ គួរជាកត្តាដែលគួរយកមកពិចារណាមិនអាចខ្វះបានផងដែរ៕