ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ គិតត្រឹមឆមាសទី១ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តលើគម្រោងវិនិយោគថ្មីជាង១០០គម្រោង ដែលមានទុនវិនិយោគសរុបជាង២០០០លានដុល្លារ ដែលភាគច្រើនស្ថិតនៅក្នុងវិស័យឧស្សាហកម្ម និងជម្រុញឱ្យមានតម្រូវការប្រើប្រាស់ដីនៅក្នុងវិស័យនេះកាន់តែច្រើន។
បើតាមការបង្ហាញនូវវត្តមានថ្មីនៃគម្រោងវិនិយោគទាំងជាង១០០ ខាងលើនេះ គឺត្រូវការប្រើប្រាស់ដីជាច្រើនហិកតា និងច្រើនទីតាំង ប៉ុន្តែជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះ ភាពពុះកញ្ជ្រោលនៃទីផ្សារដីធ្លីដូចដែលបានកំណត់ និងគាំទ្រដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហាក់នៅមានកម្រិតនៅឡើយ។ នេះបើតាមការបញ្ជាក់ប្រាប់ពីលោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា។
លោកស្រី ចេវ សុឃុន បានមានប្រសាន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ថា គ្រប់គម្រោងវិនិយោគ និងអភិវឌ្ឍន៍ថ្មីទាំងអស់សុទ្ធតែបានផ្តល់នូវភាពល្អប្រសើរដល់សេដ្ឋកិច្ចជាតិ ហើយក៏ជាផ្នែកមួយយ៉ាងសំខាន់ដែលជួយលើកកម្ពស់ទីផ្សារអចលនទ្រព្យផងដែរ។
លោកស្រីបន្តថា “ គ្រប់គម្រោងវិនិយោគទាំងអស់អាចដំណើរការទៅបានគឺត្រូវការទីតាំង ហើយការរៀបចំដាក់ទីតាំងនៃគម្រោង គឺត្រូវតែប្រើប្រាស់ដីសម្រាប់បម្រើដល់ផលប្រយោជន៍របស់គម្រោង។ ប៉ុន្តែអ្វីដែលសំខាន់ បច្ចុប្បន្ននេះ បើតាមការមើលឃើញជាក់ស្ដែង តម្រូវការប្រើប្រាស់ដីសម្រាប់បម្រើដល់គម្រោងវិនិយោគទាំងអស់ខាងលើនេះ គឺទើបតែមានកម្រើកបន្តិចបន្តួចតែបណ្ណោះ”។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជារូបនេះបានបញ្ជាក់ថា “ភាពស្ងប់ស្ងាត់នៃការអនុវត្តគម្រោងទាំងអស់ខាងលើនេះ មួយភាគធំគឺបណ្តាលមកពីបញ្ហានៃវិបត្តិជំងឺឆ្លង ដែលបណ្តាប្រទេសមួយចំនួនបិតការចេញចូល ដូច្នេះ គម្រោងវិនិយោគមួយចំនួនក៏ត្រូវបានពន្យាពេល ប៉ុន្តែក៏មានគម្រោងមួយចំនួនដែលវិនិយោគដោយអ្នកជំនួញក្នុងស្រុកក៏បានចាប់ដំណើរការជាបណ្ដើរៗផងដែរ”។ លោកស្រីបន្តថា “បើនិយាយជារួមសម្រាប់ការប្រើប្រាស់ដី ដែលភាគច្រើនបម្រើដល់វិស័យឧស្សាហកម្មខាងលើនេះអាចមានសន្ទុះនៅចុងឆ្នាំ២០២០ ឬ ដើមឆ្នាំ២០២១ ប្រសិនបើការគ្រប់គ្រងបញ្ហារីករាលដាលនៃជំងឺឆ្លងត្រូវបានគ្រប់គ្រងប្រកបដោយភាពជោគជ័យខ្ពស់”។
នៅក្នុងចំណោមគម្រោងវិនិយោគដែលត្រូវបានអនុម័ត និងគាំទ្រដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាង១០០គម្រោងក្នុងរយៈពេល៦ខែដើមឆ្នាំ២០២០កាលពីពេលកន្លងទៅ ភាគច្រើនច្រើននៅតាមបណ្តាខេត្តសំខាន់ៗចំនួនដែលមានសក្ដានុពល ដូចជា ខេត្តព្រះសីហនុ កំពង់ស្ពឺ កណ្តាល តាកែវ ពោធិ៍សាត់ កំពង់ឆ្នាំង ស្វាយរៀង កំពង់ចាម និងរាជធានីភ្នំពេញ ជាមួយនឹងទុនវិនិយោគសរុបជាង ២០០០លានដុល្លារ៕