ដោយៈប៊ី
ភ្នំពេញៈ ការទិញដីក្នុងគោលបំណងអភិវឌ្ឍន៍ ដើម្បីទាញផលចំណេញ នឹងចូលរួមចំណែកដល់ការជំរុញសកម្មភាព និងកំណើនសេដ្ឋកិច្ច ដោយបង្កើតចំណូល និងការងារដល់ប្រជាជនពលរដ្ឋ។ នេះជាការលើកឡើងរបស់ប្រធាន CREA ។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាអ្នក (CREA) លោកស្រីចេវ សុឃុន បានថ្លែងប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០កន្លងមកថា ការទិញដីសម្រាប់អភិវឌ្ឍន៍ នឹងចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើតចំណូល និងការងារដល់ប្រជាជនពលរដ្ឋ។
លោកស្រីបាននិយាយថា “ប្រសិនបើគាត់ (អ្នកវិយោគដីធ្លី) ទិញដី ហើយយកទៅអភិវឌ្ឍ វាធ្វើឱ្យទីតាំងមួយហ្នឹងកាន់តែមានល្អប្រសើរ ហើយជុំវិញតំបន់ហ្នឹង មានចរន្តសេដ្ឋកិច្ចចេញចូល និងកំណើនប្រជាជននៅតំបន់ហ្នឹងក៏កើនឡើងដែរ” ។ លោកស្រីបន្តថា “ការទិញដីរបស់អ្នកអភិវឌ្ឍពិតប្រាកដ ធ្វើឱ្យសេដ្ឋកិច្ចដំណើរការ ហើយប្រជាជនរបស់យើងមានការងារធ្វើ តាមរយៈបង្កើតចំនូល និងការងារសម្រាប់វិស័យសំណង់ជាដើម” ។
ទោះបីជាយ៉ាងក៏ដោយ បច្ចុប្បន្ននៅតែមានអ្នកវិនិយោគទិញដីទុក សម្រាប់ផលចំណេញ ដោយគ្មានការអភិវឌ្ឍន៍ ដែលវាមិនបានចូលរួមចំណែក ក្នុងការជំរុញសកម្មសកម្មភាពសេដ្ឋកិច្ច ឬផ្តល់ផលដល់កំណើនសេដ្ឋកិច្ច។
លោកស្រីចេវ សុឃុនបាននិយាយថា “ទិញអចលនទ្រព្យទុក គឺគ្រាន់តែចង់ចំណេញរយៈពេលខ្លី។ ប៉ុន្តែលោកស្រីក៏បានព្រមានដែរថា “បើសិនអ្នកវិនិយោគលើដីធ្លីមិនមានសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍ វាធ្វើប៉ះពាល់ចរន្តសេដ្ឋកិច្ច” ។
អ្នកខ្លះទិញដីរាប់រយ រាប់ពាន់ហិកតាទុកសម្រាប់ផលចំណេញ ហើយអត់មានការអភិវឌ្ឍន៍ វាធ្វើឱ្យប៉ះពាល់គម្រោង ឬ Master Plan នៅតំបន់ណាមួយដែរ។
លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្មីៗនេះ បានស្នើដល់អ្នកដែលមានធនធាន គួរកាត់បន្ថយការទិញអចលនទ្រព្យ (ដីធ្លី) សម្រាប់ទុកចំណេញ ដោយគ្មានការអភិវឌ្ឍន៍ ដែលអាចធ្វើប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ក្នុងអំឡុងពេលវិបត្តិសកល នាពេលបច្ចុប្បន្ននេះ។
លោកបានថ្លែងថា “បើទិញដីសម្រាប់អភិវឌ្ឍន៍ និងលំនោដ្ឋានសម្រាប់ស្នាក់នៅ វាមិនធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសវាបានចូលរួមចំណែកអភិវឌ្ឍន៍អចលនទ្រព្យ និងជួយជំរុញសេដ្ឋកិច្ចឱ្យមានការរីកចម្រើន” ។ លោកបន្តថា “បើសិនធនធានគ្រប់គ្រាន់គួរបង្កើតអាជីវកម្មខ្នាត និងមធ្យម ឬបង្កើតអាជីវកម្មផលិតកម្មកសិកម្ម ជាជាងការទិញដីទុកចោល” ៕