ដោយ ៖ វុត្ថា
ភ្នំពេញ ៖ អ្នកអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា បានអះអាង ថា តម្លៃទីផ្សារលំនៅឋានពេលនេះស្ថិតនៅក្នុងភាពមិនប្រាកដប្រជាដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចសកលនៃជំងឺ Covid-19 រហូតបានធ្វើឱ្យតម្លៃលំនៅឋានមួយចំនួនមានការប្រែប្រួល។
លោក ម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន Premium Group បានឱ្យដឹងនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២០ នេះថា តម្លៃលំនៅឋានមានការប្រែប្រួល ពោលគឺគម្រោងលំនៅឋានថ្មីតម្លៃនៅថេរ ចំណែកឯគម្រោងលំនៅឋានចាស់ដែលសាងសង់រួចហើយ (ផ្ទះដាក់លក់វិញ) គឺមានការធ្លាក់ចុះប្រមាណ ២០ ភាគរយ បើធៀបទៅនឹងឆ្នាំចាស់។
លោកពន្យល់ថា “សម្រាប់គម្រោងសាងសង់លំនៅឋានថ្មី មិនមានការធ្លាក់ថ្លៃនោះទេ ដោយសារម្ចាស់គ្រោងមានកម្មវិធីក្នុងការផ្តល់ជូនដល់អតិថិជនរបស់ខ្លួន ដោយក្នុងនោះមានគម្រោងមួយចំនួនមិនតម្រូវឱ្យអតិថិជនលុយកក់នោះទេ ពោលគឺបង់រំលោះយកតែម្តង ហើយគម្រោងខ្លះទៀតបង់ដំបូងមិនមានការប្រាក់ផងដែរ”។
លោកបន្ថែមថា សម្រាប់លំនៅឋានដែលស្ថិតនៅក្នុងបុរីមួយចំនួន បានដាក់លក់វិញក្រោមតម្លៃទីផ្សារ ពោលមានការធ្លាក់ចុះប្រមាណ ២០ ភាគរយ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ទីផ្សារលំនៅឋាន ខណៈដែលកម្ពុជានៅតែមានករណីជំងឺ Covid-19 ជាបន្តបន្ទាប់។
លោកបន្ថែមថា “ក្នុងករណីនេះ ទាមទារយៈពេលយូរបន្ថែមទៀតទើបឱ្យទីផ្សារលំនៅឋានងើបឡើងវិញ ខណៈកម្ពុជានៅតែនាំចូលនូវករណីថ្មីនៃជំងឺ Covid- 19 ជាបន្តបន្ទាប់ ហើយមិនដឹងពេលណាវានឹងបញ្ចប់ ខណៈពេលដែលពិភពលោកមិនទាន់រកឃើញថ្នាំព្យាបាលនៅឡើយ” ។
ដោយឡែក លោក អុិន ណាង អគ្គនាយកក្រុមហ៊ុន Show Up Real Estate បានយល់ឃើញថា តម្លៃលំនៅឋាននាពេលបច្ចុប្បន្ននេះ ហាក់មិនមានការធ្លាក់ចុះនោះទេ ទាំងគម្រោងចាស់ និងគម្រោងថ្មី ខណៈតម្រូវការនៅតែមាន បើទោះកម្ពុជាកំពុងឈមនឹងវិបត្តិសេដ្ឋកិច្ចសកលយ៉ាងណាក្តី ។
តែយ៉ាងណា លោកថា សកម្មភាពនៃការលក់នៅក្នុងពេលនេះ ហាក់មានស្ថានភាពយឺតយ៉ាងជាងឆ្នាំមុន ដែលមិនទានមានការផ្ទុះឡើងនៃវិបត្តិជំងឺ Covid-19 ។
ជាទូទៅ តម្លៃលំឋានសមរម្យនាពេលបច្ចុប្បន្ននេះ មានតម្លៃចន្លោះពី៥ ម៉ឺន ទៅ ៧ ម៉ឺន ដុល្លារ ហើយតម្លៃលំនៅឋានកម្រិតខ្ពស់ (High-End) មានតម្លៃចាប់ពី ចន្លោះ ១៥ ម៉ឺន ទៅ ២០ម៉ឺន ប៉ុន្តែលំនៅឋានប្រភេទនេះអតិថិជនបង់រំលោះជាមួយនឹអត្រាការប្រាក់ធូថ្លៃជាងប្រភេទលំនៅឋានសមរម្យ៕