ដោយ ៖ ប៊ី
ហុងកុង ៖ ប្រជាជនហុងកុង ដែលបានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ អំឡុងពេលការបង្ក្រាបរបស់ចិន អាចនឹងមានកន្លែងថ្មីដើម្បីរស់នៅ នៅតំបន់ជនបទនៃប្រទេសអៀរឡង់។
លោក Ivan Ko ជាស្ថាបនិកក្រុមហ៊ុនវិនិយោគទីក្រុង Victoria Charb និងសេដ្ឋីអចលនទ្រព្យ បានបង្កើតគម្រោងសាងសង់ទីក្រុងគំរូថ្មីមួយ ដូចទៅនឹងទីក្រុងហុងកុង ដើម្បីធ្វើជាលំនៅដ្ឋានដល់អ្នកចំណាកស្រុកនៅជិតព្រលានយន្តហោះរបស់ទីក្រុង Dublin នៃប្រទេសអៀរឡង់។
ទីក្រុងថ្មីរបស់លោក Ko នឹងត្រូវបានគេហៅថាទីក្រុង Nextpolis នឹងមានលំនៅដ្ឋានផ្តល់ជួនអតីតអ្នករស់នៅហុងកុងចំនួន ៥០,០០០ នាក់នៅក្នុងតំបន់មួយ ដែលមានទំហំ ៥០ គីឡូម៉ែត្រក្រឡា (៣១.០៧ ម៉ែលការ៉េ) ដែលស្ថិតនៅចន្លោះទីក្រុង Dublin និង Belfast ដែល មានសាលាបង្រៀនភាសាចិនទៀតផង។
លោក Ko បានថ្លែងថា “យើងចូលចិត្តប្រទេសអៀរឡង់។ ពន្ធសាជីវកម្មគឺទាបណាស់ អ្នកមានក្រុមហ៊ុនផលិតកម្ម និងជីវសាស្រ្តខ្លាំង។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អឺរ៉ុបគឺមានទីស្នាក់ការនៅទីនោះ។ ជារួម យើងគិតថាអៀរឡង់ល្អណាស់”។
ដំបូងឡើយលោក Ko បានរៀបចំផែនការសម្រាប់ទីក្រុងដែលអាចមានមនុស្សរស់នៅ ៥០០.០០០ នាក់ និងមានពាក់កណ្តាលស្វ័យភាព ដូចជាហុងកុងកំណើតរបស់លោក ប៉ុន្តែបានបោះបង់ចោលផែនការនោះ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលអៀរឡង់ដែលចាប់ផ្តើមនៅខែធ្នូឆ្នាំ២០១៩។
អ្នកនាំពាក្យនៃក្រសួងការបរទេសអៀរឡង់មួយរូបបានប្រាប់កាសែត The Guardian ថា មន្ត្រីអៀរឡង់បានណែនាំក្រុមការងាររបស់លោក Ko ដើម្បីយល់ច្បាស់អំពីប្រទេសអៀរឡង់បន្ថែមទៀត៕