អ្នក​ប្រឡូក​ក្នុង​វិស័យ​អចលនទ្រព្យ​បង្ហាញ​ពី​ក្ដីបារម្ភ​នៃ​ការធ្លាក់ចុះ​ទីផ្សារ​ក្នុង​ឆមាស​ទី២ 

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ទើប​ទទួលបាន​ភាពល្អ​ប្រសើរ​ឡើងវិញ​នូវ​ទីផ្សារ​អចលនទ្រព្យ​ក្រោយ​ភាពស្ងប់ស្ងាត់​នៃ​ជំងឺឆ្លង​មិនទាន់បាន​ប៉ុន្មាន​ផង ពេលនេះ​បណ្តា​អ្នក​ដែល​ស្ថិតនៅក្នុង​វិស័យ​មួយ​នេះ​បានបង្ហាញ​ក្ដីបារម្ភ​សារជាថ្មី ខណៈដែល​រលក​នៃ​វិបត្តិ​ជំងឺឆ្លង​មួយ​នេះ​ចាប់ផ្តើម​មាន​កំណើន​ឡើងវិញ។

អគ្គនាយក​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ Centurey21 Advance លោក ឡុង គឹមសួគ៌ បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ​ថា បន្ទាប់ពី​មាន​កំណើន​នៃ​ចំនួន​អ្នក​ផ្ទុក​ជំងឺឆ្លង​កាលពីពេលថ្មីៗនេះ បាន​ជះឥទ្ធិពល​សាជាថ្មី​មកលើ​ទីផ្សារ​អចលនទ្រព្យ​ស្ទើរ​គ្រប់​ប្រភេទ រាប់ទាំង​ផ្នែក​ទិញ-លក់​ដីធ្លី សំណង់​លំនៅឋាន ខុន​ដូ ក៏ដូចជា គម្រោង​នៃ​ការអភិវឌ្ឍ​នានា។

លោក ឡុង គឹមសួគ៌ បាន​មានប្រសាសន៍ថា “ជាមួយនឹង​សញ្ញា​ថ្មី​នៃ​រលក​ទី២របស់​វិបត្តិ​ជំងឺឆ្លង​នៅពេលនេះ តាម​ដែល​ខ្ញុំ​មើលឃើញ ផ្នែក​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំងជាងគេ​គឺ​វិស័យ​ដីធ្លី ដោយសារតែ​ភាគច្រើន​ការវិនិយោគ​ទៅលើ​ដីធ្លី​គឺ​តម្រូវ​ចំណាយ​ទុន​ច្រើន ហើយ​ចំណាយពេល​យូរ ដូច្នេះ​អ្នកវិនិយោគ​ភាគច្រើន​សុទ្ធតែ​រក្សាទុក​នូវ​ថវិកា​ក្នុងតំណាក់កាល​នេះ រង់ចាំ​ដល់​ស្ថានការណ៍​ល្អប្រសើរ​ទើប​ចាប់​ផ្តើមធ្វើ​សកម្មភាព​វិនិយោគ​វិញ ឬ​ឃើញ​មាន​ដី​តំបន់​ណា​ដែលមាន​តម្រូវ​ថវិកា​ខ្ពស់ និង​លក់​ក្នុងតម្លៃ​ទាប​ខ្លាំង​ទើប​ពួកគេ​ទិញ” ។

លោក​បន្តថា “សម្រាប់​ការអភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន ក្នុងដំណាក់កាល​នេះ គម្រោង​ដែល​បម្រុង​នឹង​ចាប់​អនុវត្ត​មួយចំនួន​ក៏បាន​បន្ត​ផ្អាក​ទៅវិញ ដោយសារតែ​ក្ដីបារម្ភ​ពី​ស្ថានភាព​ទីផ្សារ​ដែល​កំពុង​ប្រឈម​ពាក់ព័ន្ធ​ទៅនឹង​ប្រភព​ចំណូល​របស់​ប្រជាជន​ទូទៅ ដែលជា​អតិថិជន​គោលដៅ​របស់ខ្លួន។ នៅក្នុង​ស្ថានភាព​នៃ​វិបត្តិ​សេដ្ឋកិច្ច​កាលពីពេល​កន្ល​ង​ទៅនេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន​បាត់បង់​ប្រភព​ចំណូល ទើបតែ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មុននេះ​មាន​ភាពល្អប្រសើរ​ឡើងវិញ​បន្តិច​ក្រោម​ការ​ជ្រោមជ្រែង​ពី​រដ្ឋាភិបាល។ ប៉ុន្តែ​ពេលនេះ ស្ថានភាព​ប្រឈម​បាន​កើតឡើង​សារជាថ្មី ដែល​មិនទាន់​មានការ​អះអាងថា អាច​ល្អប្រសើរ​ឡើងវិញ​នៅពេលណា​ឱ្យ​ប្រាកដ​នោះទេ ដូច្នេះ​គម្រោងថ្មីៗមួយចំនួន​ក៏​បន្ត​ការផ្អាក​រង់ចាំ​ដល់​ឆ្នាំក្រោយ ឬ​យូរ​ជាង​នេះ” ។

អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្រិត​មធ្យម លោក ម៉ាន់ ចាន់​ឌី អគ្គនាយក​ក្រុមហ៊ុន PREMIUM Group បាន​មានប្រសាសន៍ថា ពេលនេះ​តម្លៃ​លំនៅឋាន​មានការ​ប្រែប្រួល ជាពិសេស​លំនៅដ្ឋាន​ដែល​សាងសង់​រួចរាល់ និង​ដាក់លក់​បន្ត​ពី​សំណាក់​អ្នកទិញ​ទុក​វិនិយោគ។

លោក​បញ្ជាក់ថា “សម្រាប់​គម្រោង​លំនៅដ្ឋាន​ថ្មី​ដែល​កំពុង​សាងសង់ និង​កំពុង​ដាក់លក់ គឺ​មិនមាន​ការប្រែប្រួល​នោះទេ ពោលគឺ​តម្លៃ​នៅ​ទ្រឹង ប៉ុន្តែ​ក៏មាន​តម្រូវការ​ពី​សំណាក់​អតិថិជន​ដែលមាន​តម្រូវការ​ស្នាក់នៅ​ពិតប្រាកដ ប៉ុន្តែ​សម្រាប់​ប្រភេទ​លំនៅដ្ឋាន​ថ្មី​ដែរ ប៉ុន្តែ​បញ្ចប់​ការសាងសង់​ទាំងស្រុង និង​ត្រូវបាន​ដាក់លក់​បន្ត​ដោយ​អ្នកវិនិយោគ​មួយចំនួន​មានការ​ធ្លាក់ចុះ​តម្លៃ​ចាប់ពី ១០-២០ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ” ។

លោក ម៉ាន់ ចាន់​ឌី បាន​មានប្រសាសន៍​បន្តទៀតថា “ការធ្លាក់ចុះ​នេះ មួយចំណែក​ធំ​គឺអាច​បណ្តាលមកពី​កំសួល​នៃ​ការកើនឡើង​វិញ​នៃ​ចំនួន​អ្នក​ផ្ទុក​ជំងឺ​កាលពីពេលថ្មីៗនេះ ដែល​ធ្វើឱ្យ​អ្នកជំនួញ​ក្នុង​វិស័យ​មួយ​នេះ​ភាគច្រើន​រក្សា​ភាពស្ងប់ស្ងាត់​រង់ចាំ​មើល​ឱកាសល្អ ប៉ុន្តែ​ប្រសិនបើ​មាន​លំនៅឋាន​ណា​ដែលមាន​តម្លៃ​ទាប​ជាង​ទីផ្សារ​ខ្លាំង​ដែល​អាច​ផ្តល់ឱកាស​ចំណេញ​ខ្ពស់ ពួកគេ​នឹង​ទិញ​ទុក​សម្រាប់​លក់​បញ្ចេញ​នៅ​ឆ្នាំក្រោយ” ។

ដោយឡែក​សម្រាប់​នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ CBRE Cambodia  លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍ថា “តាម​ការកត់សម្គាល់រ​បស់​ខ្ញុំ ទីផ្សារ​អចលនទ្រព្យ​ពិតជា​ទទួលរង​នូវ​ផលប៉ះពាល់​មែន ប៉ុន្តែ​ស្ថិតនៅក្នុង​កម្រិត​មួយ​ទាប​តែប៉ុណ្ណោះ ព្រោះ​ពេលនេះ​សកម្មភាព​នៃ​ការទិញ-លក់​ក្នុង​ផ្នែក​មួយចំនួន​នៅតែ​បន្ត​មាន ហើយ​ក្នុង​ការសាងសង់ និង​អភិវឌ្ឍន៍​ក្នុង​វិស័យ​សំណង់​ក៏​នៅតែមាន គ្រាន់តែ​យឺត​ជាង​មុន​បន្តិច” ។

លោកស្រី​បាន​បន្តទៀតថា “ពេលនេះ​អ្នក​ដែល​ប៉ះពាល់​ខ្លាំង​គឺ​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្រិត​មធ្យម ដោយសារតែ​ភាគរយ​នៃ​អតិថិជន​គោលដៅ​របស់​ពួកគាត់​ជួប​បញ្ហា​នៃ​ស្ថិរភាព​ចំណូល​ប្រចាំខែ ដោយសារតែ​ការបាត់បង់​ប្រភព​ចំណូល ឬ​ចំណូល​ប្រចាំខែ​តិចជាង​មុន ក្រោម​វិធានការ​កាត់បន្ថយ​បុគ្គលិក​របស់​ក្រុមហ៊ុន​មួយចំនួន ដូច្នេះ​ចង់​មិន​ចង់ ពួកគាត់​ដែលជា​អ្នក​អភិវឌ្ឍន៍​គម្រោង​គឺ​ត្រូវ​ទទួលរង​ផលប៉ះពាល់​បន្ត​ជា​ចង្កោម ហើយ​ផលប៉ះពាល់​ទាំងអស់នេះ​អាច​នឹងត្រូវ​ចំណាយពេល​យូរ​បន្តិច ក្នុង​រយៈពេល១ឆ្នាំ ឬ​ច្រើនជាង​នេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here