ដោយ៖ ប៊ី
ភ្នំពេញ៖ ក្រុមហ៊ុន Donaco International Limited ដែលបានចុះបញ្ជីនៅផ្សារហ៊ុនអូស្ត្រាលី បានឱ្យដឹងថា ខ្លួនរំពឹងថានឹងឆ្លងកាត់ការវាយតម្លៃដោយក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជា មុនពេលការបើកដំណើរការកាស៊ីណូ Star Vegas នៅប៉ោយប៉ែត “ក្នុងរយៈពេលពីរបីសប្តាហ៍ខាងមុខនេះ” ។
នៅក្នុងការធ្វើបច្ចុប្បន្នភាពអាជីវកម្មដែលបានដាក់ជូនផ្សារហ៊ុនអូស្ត្រាលីកាលពីថ្ងៃពុធ ក្រុមហ៊ុនបានបញ្ជាក់ថា ការបើកកាស៊ីណូឡើងវិញរបស់ខ្លួននៅតែអាចទៅរួចក្នុងការទទួលបានការយល់ព្រមពីក្រសួងសុខាភិបាល និងអនុវត្តវិធានការណ៍ការពារជាក់លាក់ប្រឆាំងនឹងកូវីដ១៩ ។
រដ្ឋាភិបាលកម្ពុជាបានផ្តល់ភ្លើងខៀវសម្រាប់អាជីវកម្មកាស៊ីណូឱ្យបើកដំណើរការឡើងវិញនៅដើមខែនេះ ដោយរង់ចាំការយល់ព្រមពីក្រសួងសុខាភិបាល។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីកាស៊ីណូពាសពេញប្រទេសត្រូវបានផ្អាកអស់រយៈពេលជិតបីខែ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ១៩ ។
ខណៈការបើកដំណើរការឡើងវិញនៃកាស៊ីណូ Star Vegas ហាក់ដូចជិតមកដល់ តែក្រុមហ៊ុន Donaco បានកត់សម្គាល់ថា ប្រទេសជិតខាងថៃបានបន្តដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២០ ដែលទំនងជាប៉ះពាល់ដល់ការបន្ធូរបន្ថយសក្តានុពលនៃការរឹតត្បិតព្រំដែនរវាងប្រទេសទាំងពីរ។
ក្រុមហ៊ុននេះ បានឲ្យដឹងថា “ដោយសារភ្ញៀវទេសចរភាគច្រើនរបស់ Star Vegas មកពីប្រទេសថៃ ក្រុមហ៊ុន Donaco រំពឹងថា ចំនួនភ្ញៀវនឹងមានទាបនៅ Star Vegas រហូតដល់ព្រំដែនរវាងថៃ និងកម្ពុជាត្រូវបានបើកឡើងវិញ” ។
ក្រុមហ៊ុនមានសុទិដ្ឋិនិយមថា ស្ថានភាពជំងឺកូវីដ១៩ នឹងបន្តធ្វើឱ្យប្រសើរឡើងនៅក្នុងតំបន់ Star Vegas ដំណើរការ ហើយសេចក្តីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាគឺជាជំហានវិជ្ជមានឆ្ពោះទៅរកការបន្តប្រតិបត្តិការធម្មតាវិញ។
ក្រុមហ៊ុន Donaco បានបើកកាស៊ីណូវៀតណាមរបស់ខ្លួនដែលមានឈ្មោះថា Aristo International កាលពាក់កណ្តាលខែឧសភាកន្លងមកនេះ៕