ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ នៅក្នុងចំណោមកោះទាំង៣២ ដែលស្ថិតនៅក្នុងដែនសាគរនៃខេត្តព្រះសីហនុ បច្ចុប្បន្នមានកោះចំនួន៣ ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍ទេសចរចម្រុះជាតិសាសន៍ឱ្យទៅកម្សាន្តលំហែរកាយ ស្របពេលដែលក្រុមហ៊ុនឯកជនជាច្រើនបានបោះទុនវិនិយោគរាប់ពាន់លានដុល្លារ។
កោះចំនួន៣ ដែលកំពុងបង្ហាញសក្ដានុពលអន្ទងចិត្តទេសចរឱ្យទៅកម្សាន្តរួមមាន ៖
១. កោះរ៉ុង ៖ ជាកោះធម្មជាតិដែលមានផ្ទៃ ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងមានទេសភាពស្អាតប្លែកបើប្រៀបធៀបនឹងកោះមួយចំនួននៅលើទឹកដីខេត្តព្រះសីហនុ ហើយក៏ត្រូវបានគេចាត់ទុកថាជាកោះ ដែលមានឆ្នេរខ្សាច់ស្រស់ស្អាតបំផុតនៅឥណ្ឌូចិនថែមទៀតផង។ កោះនេះមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រពីឆ្នេរសមុទ្រក្រុងព្រះសីហនុមាន ផ្ទៃដីគ្របដណ្តប់៧៨ គីឡូម៉ែត្រការ៉េមានបណ្តោយប្រវែង១៥គីឡូម៉ែត្រ ទទឹងប្រមាណ៩គីឡូម៉ែត្រនិងមានចំណុចខ្ពស់បំផុតរបស់កោះមានកម្ពស់១៣៣ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ប្រសិនបើយើងធ្វើដំណើរពីកំពង់ផែទៅកាន់កោះរ៉ុងដោយកាណូតល្បឿនលឿននោះ គឺត្រូវប្រើពេលប្រមាណជា៣០នាទីនឹងបានទៅដល់កោះរុងជាមិនខាន។ បើប្រៀបធៀបជាមួយនឹងកោះមួយចំនួន កោះរ៉ុងហាក់មានប្រៀបច្រើនជាងគេ ក្នុងការទាក់ទាញអ្នកវិនិយោគ ព្រោះកោះនេះ មានគមនាគមន៍ផ្លូវទឹកដែលនាំយកអ្នកដំណើរ និងអ្នកទេសចរជារៀងរាល់ថ្ងៃរួចទៅហើយ។ កោះនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន ROYAL GROUP។
២. កោះរ៉ុងសន្លឹម ៖ នៅក្បែរកោះរ៉ុង ក៏មានកោះដែលមានខ្សាច់សក្បុស នៅក្បែរនោះ គឺកោះរ៉ុងសន្លឹម។ លក្ខណៈពិសេសរបស់កោះរ៉ុងសន្លឹម គឺជាឆ្នេរខ្សាច់សដ៏វែង ជាមួយនឹងទឹកសមុទ្រពណ៌ខៀវស្រងាត់ បង្កើតជាទេសភាពដ៏កម្រមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ឱ្យទៅលម្ហែកាយនៅទីនោះ។ មិនខុសពីកោះរ៉ុងនោះទេ កោះរ៉ុងសន្លឹម គឺជាតំបន់ដែលកំពុងមានសក្តានុពលមួយ សម្រាប់គម្រោងវិនិយោគភោជនីយដ្ឋាន សណ្ឋាគារ ឬផ្ទះលម្ហែកាយជាដើម។
៣. កោះពស់ ៖ មិនខុសពីកោះខាងលើនោះឡើយ កោះពស់ក៏ជាកោះដែលមានសក្តានុពលក្នុងការអភិវឌ្ឍ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ និងសំណង់ដែរ។ ប៉ុន្តែវាពិសេសជាងកោះដទៃត្រង់ថា វានៅជិតបង្កើយទៅនឹងដីគោក ពោលគឺមិនដល់១គីឡូម៉ែត្រផង ឆ្លងទៅកោះនេះ។ លើសពីនេះទៅទៀត កោះនេះមានហេដ្ឋារចនាសម្ព័ន្ធដូចជា ស្ពាន ផ្លូវថ្នល់ និងគម្រោងផ្ទះលម្ហែកាយមួយចំនួនអភិវឌ្ឍន៍រួចរាល់យ៉ាងស្អាត។ ប៉ុន្តែដោយសារតែមានបញ្ហាមួយចំនួន ធ្វើឱ្យកោះនេះអាក់ខានមិនមានការអភិវឌ្ឍអ្វីបន្ថែមទៀត ហើយសូម្បីតែអ្នកទេសចរក៏មិនអាចចូលទៅបាន។ ពេលអនាគត ប្រសិនជាមានអ្នកដែលអាចយកតំបន់នេះ មកដំណើរការអភិវឌ្ឍន៍បន្ថែម វាពិតជាក្លាយជាទីទាក់ទាញមួយដ៏ល្បីជាក់ជាមិនខាន។
ក្រៅពីនេះ ក៏មានកោះផ្សេងៗទៀតដែលកំពុងមានសកម្មភាពអភិវឌ្ឍន៍ ដែលវិនិយោគពីវិស័យឯកជន និងសហគមន៍ផងដែរ ដូចជាកោះដែកគោល កោះឫស្សី កោះឋានសួគ៌ កោះក្របី និងកោះប្រឺស កោះទោល ជាដើម៕