មន្ត្រី​រដ្ឋសភា​ជំរុញ​ឱ្យ​អាជ្ញាធ​ខេត្ត​កែប​ពង្រឹង​ការចុះបញ្ជី​ដីធ្លី​ដើម្បី​ផ្តល់​ទំនុកចិត្តដល់​វិនិយោគិន

0

ដោយ​ វុត្ថា

កែបៈ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋសភា​កម្ពុជា បាន​ជំរុញ​ឱ្យ​អាជ្ញាធរខេត្ត​ពង្រឹង​ការចុះបញ្ជី​ដីធ្លី​ឱ្យបាន​ត្រឹមត្រូវ នៅក្នុង​មូលដ្ឋាន​ខេត្ត​ទាំងអស់ ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជាពលរដ្ឋ និង​វិនិយោគិន​ដែល​មក​បណ្តាក់​ទុនវិនិយោគ និង​ពលរដ្ឋ​នៅក្នុង​មូលដ្ឋាន។

លោក ប្រាជ្ញ ចន្ទ សមាជិក​នៃ​រដ្ឋសភា នៅក្នុង​កិច្ចពិភាក្សា​ការងារ និង​ឈ្វេងយល់​អំពី​ការរីកចម្រើន​របស់​ខេត្ត​កែប និង​យន្តការ​ដោះស្រាយ​ករណី​ទំនាស់​ដីធ្លី នៅក្នុង​សប្តាហ៍​នេះ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ពង្រឹង​ការចុះបញ្ជី​ដីធ្លី ដល់​ពលរដ្ឋ​ឲ្យ​បានគ្រប់ៗគ្នា ព្រោះ​ការចុះបញ្ជី​ដីធ្លី​ជូន​ដល់​ពលរដ្ឋ មិន​ត្រឹម​ផ្តល់​ភាពស្របច្បាប់ ក្នុងការ​គ្រប់គ្រង​ដីធ្លី​ដោយ​ស្របច្បាប់​នោះទេ តែ​ជាការ​ផ្តល់​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ ជំរុញ​កិច្ចការ​វិនិយោគ លើកស្ទួយ​សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​ផងដែរ ។

លោក​បាន​ថ្លែងថា “ការចុះបញ្ជី​ដីធ្លី​នៅ​ខេត្ត​កែប​កាលពី​កន្លងមក និង​បច្ចុប្បន្ននេះ ពិតជា​បាន​លឿន និង​ល្អ ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​យ៉ាងសកម្ម​របស់​ថ្នាក់ដឹកនាំ​ខេត្ត​កែប ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន ជូន​ប្រជាពលរដ្ឋ” ។

លោក​បន្តថា “វិវាទ​ដីធ្លី​ភាគច្រើន កើតឡើង​ដោយសារ​ការកាន់កាប់​ដីធ្លី​របស់​ពលរដ្ឋ មិនទាន់មាន​ភាពច្បាស់​លាស់” ។ លោក​បន្ថែមថា “ដោយសារ​កម្ពុជា​ឆ្លងកាត់​សង្គ្រាម​ជាច្រើន​ដំណាក់កាល ដូច្នេះ​ការចុះបញ្ជី​ដីធ្លី​ជួប​ការលំបាក ប៉ុន្តែ​នាពេល​បច្ចុប្បន្ននេះ ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល បាន​កំពុង​ជំរុញ​កំណែទម្រង់​ការគ្រប់គ្រង ដីធ្លី ហើយ​ច្បាប់ និង​បទដ្ឋាន​ជាច្រើន ត្រូវបាន​រដ្ឋសភា​អនុម័ត​ដើម្បី​អនុវត្ត​ការងារ​នេះ” ។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ឱ្យដឹងថា​ខេត្ត​កែប​ទទួលបាន​នូវ​សមិទ្ធ​ជាច្រើន​ដែល​អនុវត្តបាន ពិសេស​ការងារ​លើ​ផ្នែក ទេសចរណ៍ និង​កិច្ចការពារ​សុខសន្តិភាព និង​សុវត្ថិភាព ជូន​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ។ លោក​បន្តថា ចំពោះ​បញ្ហាដីធ្លី អាជ្ញាធរ​បាន​ខិតខំ​ដោះស្រាយ និង​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ជាធំ។ ប៉ុន្តែ​ប្តេជ្ញា​ថែរក្សា​ធនធានធម្មជាតិ ដី​រដ្ឋ ដីព្រៃ ឧទ្យាន​ជាតិ ឆ្នេរសមុទ្រ​អោយបាន​ល្អ ។

លោក​អភិបាលខេត្ត​បន្តថា រដ្ឋ​បាន​ខេត្ត​កែ​បាន​ប្រើប្រាស់​យន្តការផ្សេងៗ និង​វិធីសាស្ត្រ​មួយចំនួន​ដែល​ខេត្ត​បាន និង​កំពុង​អនុវត្ត ដើម្បី​ដោះស្រាយ សម្របសម្រួល និង​រក​ដំណោះស្រាយ ជូន​ប្រជាពលរដ្ឋ​ក្នុងករណី​ដែលមាន​ទំនាស់​ដីធ្លី។ ក្នុង​យន្ត​ការទទួល និង​ដោះស្រាយ​ពាក្យបណ្តឹង​នេះ លោក​អភិបាលខេត្ត បានបញ្ជាក់​ពី​ការចូលរួម​របស់​ការិយាល័យ​ប្រជាពលរដ្ឋ ដែល​ទើបនឹង​បង្កើត​ថ្មី​នេះ​ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here