កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ជប៉ុន និង​អាស៊ាន​ចូល​ជា​ធរមាន

0

ដោយៈ​ប៊ី

ភ្នំពេញៈ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​ត្រូវបាន​កែសម្រួល​ឡើងវិញ រវាង​ប្រទេស​ជប៉ុន និង​អាស៊ាន​ជួយ​សម្រួល​ដល់​លំហូរ​សេវាកម្ម និង​ការវិនិយោគ​ឆ្លងកាត់​ព្រំដែន​ចូល​ជា​ធរមាន​កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ។

កិច្ចព្រមព្រៀង​នេះ បាន​ចូល​ជា​ធរមាន​សម្រាប់​ប្រទេស​ជប៉ុន និង​សមាជិក​អាស៊ាន​ចំនួន ៥ គឺ​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា សឹង្ហ​បុរី ថៃ និង​វៀតណាម។ សមាជិក ៥ នាក់​ទៀត​ដែល​នៅសល់ គឺ​ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី​និ ង​ហ្វីលីពីន​នឹងចូលរួម​តាម​ក្រោយ នៅពេល​ពួកគេ​បញ្ចប់​នីតិវិធី​ក្នុងស្រុក។

អាស៊ាន​ទាំងមូល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី២របស់​ជប៉ុន បន្ទាប់ពី​ប្រទេស​ចិន ដោយ​ការនាំចេញ​ទៅកាន់​ប្លុក​នេះ​មាន​ចំនួន​សរុប ១២,៦ ទ្រី​លាន​យ៉េន (១២០ ពាន់​លាន​ដុល្លារ) នៅ​ឆ្នាំ២០១៨ និង​ការ​នាំចូល​មាន​ចំនួន ១២,៤ទ្រី​លាន​យ៉េន។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួង​ហិរញ្ញវត្ថុ​របស់​ជប៉ុន។

អាស៊ាន គឺជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​ជប៉ុន ក៏ដូចជា​ជា​បណ្តាញ​ភ្ជាប់​ដ៏​សំខាន់​នៅក្នុង​ចង្វាក់​ផ្គត់ផ្គង់ ដែលមាន​ក្រុមហ៊ុន​ជាច្រើន បង្កើត​រោងចក្រ​នៅក្នុង​តំបន់ ដើម្បី​ទាញយក​អត្ថប្រយោជន៍​ពី​កម្លាំង​ពលកម្ម​តម្លៃ​ទាប។

កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ដើម​ជាមួយ​អាស៊ាន បាន​ចូល​ជា​ធរមាន​ក្នុង​ឆ្នាំ ២០០៨ ដែល​បាន​ក្លាយជា​កតិកា​ពាណិជ្ជកម្ម សេរី​ពហុភាគី​ដំបូង​គេ​របស់​ជប៉ុន។ វា​ត្រូវបាន​ផ្តោតលើ​ការលុបបំបាត់​ពន្ធគយ​លើ​ទំនិញ ប៉ុន្តែ​ថែមទាំង​បានផ្តល់​សម្រាប់​ការចរចារ​បន្ថែមទៀត​លើ​សេវាកម្ម និង​ការវិនិយោគ។

ការចរចា​ទាំងនោះ​បានចាប់ផ្តើម​ក្នុង​ឆ្នាំ២០១០ ដោយមាន​ការឯកភាព​គ្នា​នៅ​ថ្នាក់​រដ្ឋមន្ត្រី​ក្នុង​ឆ្នាំ២០១៧ ។

យោងតាម​កតិកាសញ្ញា​ដែល​បានធ្វើ​វិសោធនកម្ម ប្រទេស​ទាំងនេះ​ត្រូវបាន​ទាមទារ ដើម្បី​រក្សា​តម្លាភាព​ក្នុង​ការធ្វើ​និយតកម្ម​សេវាកម្ម និង​មិន​រើសអើង​វិនិយោគិន​បរទេស។

កិច្ចព្រមព្រៀង​នេះ ក៏​បង្កើត​យន្តការ​ដោះស្រាយ​វិវាទ សម្រាប់​ក្រុមហ៊ុន ដើម្បី​ប្តឹងរដ្ឋាភិបាល​ពី​ការប្រព្រឹត្ត​មិន​ស្មើភាព​គ្នា ក៏ដូចជា​ច្បាប់ សម្រាប់អ្នកទេសចរ​ប​រទេស​ចូល និង​ស្នាក់នៅ​ក្នុងប្រទេស​ដទៃទៀត។

ច្បាប់​នេះ​មាន​សារៈសំខាន់ ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជា ឡាវ និង​មី​យ៉ាន់​ម៉ា ដែល​មិនមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ជប៉ុន​ទេ។

ចាប់តាំងពី​បាន​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ជាមួយ​អាស៊ាន​ក្នុង​ឆ្នាំ ២០០៨ ប្រទេស​ជប៉ុន បាន​ជំរុញ​ទៅមុខ​ជាមួយ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ពហុភាគី​ដទៃទៀត ដូចជា កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក ដែលមាន​សមាជិក​ចំនួន១១ និង​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ជាមួយ​សហភាព​អឺរ៉ុប។

ប្រទេស​ជប៉ុន​ក៏​ចូលរួម​ផងដែរ នៅក្នុង​ការចរចា​រស​ម្រា​ប់​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) ដែលជា​កតិកាសញ្ញា​ពាណិជ្ជកម្ម​សេរី ដែល​នឹង​រួមបញ្ចូល​អាស៊ាន​រួមជាមួយ​ប្រទេស​ដទៃទៀត​រួមមាន​ចិន កូរ៉េខាងត្បូង អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់។

ការចរចា​លើ​កិច្ចព្រមព្រៀង ដែល​ត្រូវបាន​គេ​ស្គាល់​ថា RCEP នឹងត្រូវ​បញ្ចប់​នៅក្នុង​ឆ្នាំនេះ ទោះបី​ការដកខ្លួន​ចេញ ពី​ប្រទេស​ឥណ្ឌា​បណ្តាលឱ្យមាន​ភាពមិនប្រាកដ​ប្រជា​ក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here