ដោយៈប៊ី
ភ្នំពេញៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលត្រូវបានកែសម្រួលឡើងវិញ រវាងប្រទេសជប៉ុន និងអាស៊ានជួយសម្រួលដល់លំហូរសេវាកម្ម និងការវិនិយោគឆ្លងកាត់ព្រំដែនចូលជាធរមានកាលពីចុងសប្តាហ៍កន្លងមកនេះ។

កិច្ចព្រមព្រៀងនេះ បានចូលជាធរមានសម្រាប់ប្រទេសជប៉ុន និងសមាជិកអាស៊ានចំនួន ៥ គឺប្រទេសឡាវ មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ និងវៀតណាម។ សមាជិក ៥ នាក់ទៀតដែលនៅសល់ គឺប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ីនិ ងហ្វីលីពីននឹងចូលរួមតាមក្រោយ នៅពេលពួកគេបញ្ចប់នីតិវិធីក្នុងស្រុក។
អាស៊ានទាំងមូលជាដៃគូពាណិជ្ជកម្មធំទី២របស់ជប៉ុន បន្ទាប់ពីប្រទេសចិន ដោយការនាំចេញទៅកាន់ប្លុកនេះមានចំនួនសរុប ១២,៦ ទ្រីលានយ៉េន (១២០ ពាន់លានដុល្លារ) នៅឆ្នាំ២០១៨ និងការនាំចូលមានចំនួន ១២,៤ទ្រីលានយ៉េន។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុរបស់ជប៉ុន។
អាស៊ាន គឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនជប៉ុន ក៏ដូចជាជាបណ្តាញភ្ជាប់ដ៏សំខាន់នៅក្នុងចង្វាក់ផ្គត់ផ្គង់ ដែលមានក្រុមហ៊ុនជាច្រើន បង្កើតរោងចក្រនៅក្នុងតំបន់ ដើម្បីទាញយកអត្ថប្រយោជន៍ពីកម្លាំងពលកម្មតម្លៃទាប។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចដើមជាមួយអាស៊ាន បានចូលជាធរមានក្នុងឆ្នាំ ២០០៨ ដែលបានក្លាយជាកតិកាពាណិជ្ជកម្ម សេរីពហុភាគីដំបូងគេរបស់ជប៉ុន។ វាត្រូវបានផ្តោតលើការលុបបំបាត់ពន្ធគយលើទំនិញ ប៉ុន្តែថែមទាំងបានផ្តល់សម្រាប់ការចរចារបន្ថែមទៀតលើសេវាកម្ម និងការវិនិយោគ។
ការចរចាទាំងនោះបានចាប់ផ្តើមក្នុងឆ្នាំ២០១០ ដោយមានការឯកភាពគ្នានៅថ្នាក់រដ្ឋមន្ត្រីក្នុងឆ្នាំ២០១៧ ។
យោងតាមកតិកាសញ្ញាដែលបានធ្វើវិសោធនកម្ម ប្រទេសទាំងនេះត្រូវបានទាមទារ ដើម្បីរក្សាតម្លាភាពក្នុងការធ្វើនិយតកម្មសេវាកម្ម និងមិនរើសអើងវិនិយោគិនបរទេស។
កិច្ចព្រមព្រៀងនេះ ក៏បង្កើតយន្តការដោះស្រាយវិវាទ សម្រាប់ក្រុមហ៊ុន ដើម្បីប្តឹងរដ្ឋាភិបាលពីការប្រព្រឹត្តមិនស្មើភាពគ្នា ក៏ដូចជាច្បាប់ សម្រាប់អ្នកទេសចរបរទេសចូល និងស្នាក់នៅក្នុងប្រទេសដទៃទៀត។
ច្បាប់នេះមានសារៈសំខាន់ ជាពិសេសសម្រាប់ប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយជប៉ុនទេ។
ចាប់តាំងពីបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយអាស៊ានក្នុងឆ្នាំ ២០០៨ ប្រទេសជប៉ុន បានជំរុញទៅមុខជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ពហុភាគីដទៃទៀត ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ដែលមានសមាជិកចំនួន១១ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជាមួយសហភាពអឺរ៉ុប។
ប្រទេសជប៉ុនក៏ចូលរួមផងដែរ នៅក្នុងការចរចារសម្រាប់ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកតិកាសញ្ញាពាណិជ្ជកម្មសេរី ដែលនឹងរួមបញ្ចូលអាស៊ានរួមជាមួយប្រទេសដទៃទៀតរួមមានចិន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។
ការចរចាលើកិច្ចព្រមព្រៀង ដែលត្រូវបានគេស្គាល់ថា RCEP នឹងត្រូវបញ្ចប់នៅក្នុងឆ្នាំនេះ ទោះបីការដកខ្លួនចេញ ពីប្រទេសឥណ្ឌាបណ្តាលឱ្យមានភាពមិនប្រាកដប្រជាក៏ដោយ៕






