ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ការដ្ឋានផ្លូវវល្បឿនលឿនភ្នំពេញ ព្រះសីហនុ រហូតមកដល់ពេលនេះជាលទ្ធផលនៃការសាងសង់ដែលទទួលសិទ្ធិដោយក្រុមហ៊ុន China Road កំពុងតែមានភាពមមាញឹកនៅក្នុងការស្ថាបនា ដោយទទួលបានលទ្ធផលប្រមាណ ៧០ភាគរយហើយ លើកិច្ចការឈួសឆាយព្រៃភ្នំឱ្យចេញជារូបរាងតួផ្លូវ។
ក្រុមមន្ត្រីជំនាញរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ និងអ្នកតំណាងក្រុមហ៊ុនទទួលសិទ្ធិសាងសង់ China Road បានចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវល្បឿនលឿននៅតាមតំបន់មួយចំនួន និងពិនិត្យទៅលើរបាយការណ៍ដែលបង្ហាញពីលទ្ធផលនៃការឈូសឆាយដីព្រៃភ្នំបានប្រមាណ៧០ភាគរយ។
ជាមួយគ្នានេះ ក្រុមមន្ត្រីជំនាញក៏បានបន្តចុះត្រួតពិនិត្យការដ្ឋានសាងសង់ស្ពានអាកាស K67+271 របស់គម្រោងផ្លូវល្បឿលឿន ដើម្បីធ្វើពិសោធន៍សាកល្បងនៃការទ្រទម្ងន់គ្រឹះខាងក្រោមរបស់ស្ពាន ដែលលទ្ធផលទាំងអស់នេះបានបង្ហាញថា ក្រុមហ៊ុន ឆាយណារ៉ូឌ បានបំពេញការងារសាងសង់ផ្លូវល្បឿនលឿនលើកដំបូងនេះប្រកបដោយប្រសិទ្ធភាព ស្របតាមបច្ចេកទេសស្តង់ដារត្រឹមត្រូវ និងមានភាពឆាប់រហ័ស។
លោក វ៉ាស៊ឹម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ឱ្យដឹងថា រហូតមដល់ពេលនេះ ក្រុមការងារអន្តរក្រសួង នៅតែបន្តដោះស្រាយតាមលំដាប់លំដោយទៅតាមផែនការ ដែលរហូតមដល់ពេលសម្រេចបានប្រមាណ៩០ភាគរយ ហើយអាចនឹងបញ្ចប់នៅក្នុងរយៈពេល ៣ ទៅ៤ខែទៅមុខទៀត។
លោកបន្តថា “តាមរបាយការណ៍ដែលទទួលបានមកដល់ពេល យើងវឌ្ឍនភាពនៃការដោះស្រាយផលប៉ះពាល់ចំពោះគម្រោងផ្លូវល្បឿននេះ សម្រេចបានជាង៩០ភាគរយ ប៉ុន្តែសម្រាប់នៅកន្លែងទីតាំងខ្លះ ដូចជាកន្លែងសាងសង់ស្ពានដែលមានទំហំធំៗត្រូវប្រើពេលយូបន្តិច។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសន្យាថា ក្នុងរយៈពេល៣ ទៅ៤ខែទៀត នឹងត្រូវដោះស្រាយឱ្យបានចប់សព្វគ្រប់ ដើម្បីជំរុញឱ្យដំណើរការសាងសង់ចប់ទៅតាមផែនការរ។
គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាល ប្រវែង៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ ដែលចំណាយថវិកាសាងសង់សរុបប្រមាណ២,០០០លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕