អ្នកជំនាញៈទីផ្សារអចលនទ្រព្យក្នុងខេត្តកណ្តាលនៅតែមានតម្រូវការខ្ពស់

0

ដោយរ៉ា ណេត

កណ្តាលៈ ស្ទើរតែគ្រប់តំបន់នៅក្នុងខេត្តកណ្តាល ជាពិសេសនៅតាមតំបន់មួយចំនួនដែលស្ថិតនៅហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ កំពុងតែមានសក្ដានុពលក្នុងការវិនិយោគ និងអភិវឌ្ឍក្នុងវិស័យសំណង់គួរឱ្យកត់សម្គាល់ ដែលក្នុងនោះរាប់ទាំងវិស័យលំនៅដ្ឋាន វិស័យឧស្សាហកម្ម បើទោះជាភាពប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសាកល កំពុងកើតមានក៏ដោយ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នេះថា បច្ចុប្បន្ននេះ ស្ទើរតែគ្រប់តំបន់ទូទាំងខេត្តកណ្តាល ជាពិសេសស្ថិតនៅជុំវិញរាជធានីភ្នំពេ​ញ និងក្បែរគម្រោងវិនិយោគរបស់រដ្ឋាភិបាល គឺសុទ្ធតែមានសក្ដានុពល ស្របពេលដែលគម្រោងនៃការអភិវឌ្ឍជាច្រើនត្រូវបានចាប់អនុវត្តន៍។

លោកឧកញ៉ាបានបន្តទៀតថា “ក្រៅពីតំបន់កណ្តាលក្រុងតាខ្មៅ ដែលកំពុងតែមានសកម្មភាពអភិវឌ្ឍន៍ ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល និងគម្រោងអភិ​វឌ្ឍន៍វិស័យសំណង់ រួមមានគម្រោងលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ក៏មានគម្រោ​ងសាងសង់អគារពាណិជ្ជកម្មមួយចំនួនផងដែរ”។

ងាកចេញពីតំបន់ក្រុងតាខ្មៅបន្តិច ដូចជានៅតំបន់ព្រែកហូរ ព្រែកកំពឺស តំបន់ជាប់ផ្លូវជាតិលេខ ២១A ផ្លូវលេខ២១B និងតំបន់ផ្លូវជាតិលេខ២ ម្ដុំរង្វង់មូលគួរស្រូវ គឺសុទ្ធតែជាគម្រោងបុរីលំនៅដ្ឋានធំៗ ហើយមិនមែនមានតែតំបន់ខាងលើនេះនោះទេ ដែលមានការអភិវឌ្ឍលំនៅដ្ឋាន ក្នុងនោះនៅតាមផ្លូវជាតិលេខ១ ស្ថិតក្នុងកៀនស្វាយ ផ្លូជាតិលេខ៣ លេខ៤ លេខ៥ លេខ៦ និងលេខ៥១ ក៏មានគម្រោងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋាន និងសហគ្រាសជាច្រើនគម្រោងផងដែរ។

អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ចាន់ឌី បានមានប្រសាសន៍ថា វិសាលភាពខេត្តកណ្តាលគឺលាតសន្ធឹងធំធេង គ្របដណ្ដប់ជុំវិញរាជធានីភ្នំពេញ ហើ​យតំបន់ដែលមានសក្ដានុពលខ្លាំង គឺស្ថិតនៅប៉ែកខាងជើង ខាងលិច និងខាងត្បូង រាជធានីភ្នំពេញ លើកលែងតែតំបន់ប៉ែកខាងកើត ហាក់មានកម្រិតទាបជាងគេបន្តិច ដោយសា​រតែតំបន់ប៉ែកខាងកើត ភាគច្រើនជាតំបន់លិចទឹក។

លោកបន្តថា “ខេត្តកណ្តាកមានកត្តាភូមិសាស្ត្រល្អ ជាពិសេសបណ្តាស្រុកមួយចំនួ​នរបស់ខេត្ត គឺស្ថិតនៅព័ន្ធជុំវិញរាជធានីភ្នំពេញ ហើយនៅពេលបច្ចុប្បន្ននេះ មានតំបន់មួយចំនួនបានកាត់ចូលមកចំណុះរាជធានីភ្នំពេញ”។ លោកបន្តថា “តំបន់នៅសល់ប៉ុន្មានបានក្លាយជាជាតំបន់ជាយក្រុង ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ភាពរីកចម្រើន និងអភិវឌ្ឍន៍របស់ខេត្តកណ្តាល មានលក្ខណៈពិសេសខុសពីខេត្តផ្សេង ហើយតម្លៃក៏មានការកើនឡើងគួរឱ្យកត់សម្គាល់”។

លោកម៉ាន់ ចាន់ឌី បានបញ្ជាក់ថា បច្ចុប្បន្ននេះ គម្រោងវិនិយោគធំជាច្រើនរបស់រាជរដ្ឋាភិបាល បានជំរុញឱ្យសក្ដានុពលនៅតំបន់មួយចំនួន កាន់តែពុះកញ្ជ្រោល ដូចជាគម្រោងសាងសង់ព្រលានយន្ដហោះថ្មី គម្រោងផ្លូវក្រវ៉ាត់ទី៣ គម្រោងស្ថាបនាផ្លូវជាតិលេខ២ ការពង្រីកផ្លូវជាតិលេខ៣ ដែលទាំងអស់នេះ សុទ្ធតែផ្តល់ភាពល្អប្រសើរដល់វិស័យដីធ្លីទាំងអស់។

លោកបានបញ្ជាក់ថា “បើធ្វើការប្រៀបធៀបជាមួយខេត្តកំពង់ស្ពឺ ដែលមានព្រំប្រទ​ល់ជាប់គ្នា និងកំពុងតែមានតម្រូវការប្រើប្រាស់ដី ក្នុងវិស័យឧស្សាហកម្មនោះខេត្តទាំងពីរនេះមានសក្ដានុពលម៉្យាងម្នាក់”។ លោកបញ្ជាក់ថា “សក្ដានុពលរបស់ខេត្តកណ្តាល អាចនឹងកាន់តែមានភាពលេចធ្លោ ក្នុងចន្លោះប្រមាន៣ឆ្នាំខាងមុខ ក្រោយពេលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បញ្ចប់ការសាងសង់ ជាពិសេសគម្រោងព្រលានយន្តអន្តរជាតិ-ភ្នំពេញថ្មីត្រូវបានលេចចេញជារូបរាង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here