ដោយ៖ ប៊ី
ភ្នំពេញៈ ការផ្ទេរប្រាក់ពីក្រៅប្រទេសចូលមកប្រទេសកម្ពុជា អាចនឹងធ្លាក់ចុះជាង ១៥ភាគរយនៅឆ្នាំនេះ បើគិតពីសេណារីយ៉ូដ៏អាក្រក់បំផុត ដោយសារតែជំងឺរាតត្បាតឆ្លងរាលដាល COVID-19 ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយនៅក្នុងសប្តាហ៍នេះ។

ផ្អែកលើការផ្ទេរប្រាក់ពីក្រៅប្រទេស សរុបរបស់ប្រទេសកម្ពុជាមានចំនួន២,៨ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩ ទឹកប្រាក់ជាង៤២០លានដុល្លារ នឹងមិនត្រូវបានផ្ទេរមកក្នុងប្រទេសវិញទេនៅឆ្នាំ២០២០ ពីព្រោះកម្មកររាប់សែននាក់ បានវិលត្រឡប់ទៅផ្ទះវិញ។
នៅក្នុងរបាយការណ៍របស់ខ្លួនស្តីពី “ផលប៉ះពាល់នៃជំងឺ COVID-19 លើការធ្វើចំណាកស្រុកអន្តរជាតិ ការផ្ទេរប្រាក់ និងគ្រួសារអ្នកទទួលនៅក្នុងតំបន់កំពុងអភិវឌ្ឍន៍ នៅអាស៊ី”ធនាគារអភិវឌ្ឍន៍អាស៊ីបានឱ្យដឹងថា វិបត្តិសេដ្ឋកិច្ចបណ្តាលមកពីជំងឺ COVID-19 គំរាមកំហែងដល់សន្តិសុខការងារ និងសុខុមាលភាពរបស់ជនចំណាកស្រុក អន្តរជាតិជាង ៩១លាននាក់មកពីអាស៊ីនិងប៉ាស៊ីហ្វិក។
របាយការណ៍ដដែលបានឱ្យដឹងថា ការផ្ទេរប្រាក់សរុបទៅតំបន់អាស៊ីត្រូវបានរំពឹងថា នឹងធ្លាក់ចុះចន្លោះ៣១,៤ ពាន់លានដុល្លារអាមេរិក (សេណារីយ៉ូមូលដ្ឋាន) ដែលស្មើនឹង១១,៥ភាគរយ និង៥៤,៣ពាន់លានដុល្លារ (សេណារីយ៉ូដ៏អាក្រក់បំផុត) ស្មើនឹង ១៩,៨ភាគរយ នៃប្រាក់ដែលបានផ្ញើមកផ្ទះនៅឆ្នាំនេះ។
ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ ហ្វីលីពីនរងផលប៉ះពាល់ខ្លាំងជាងគេ ដោយការផ្ញើប្រាក់បានធ្លាក់ចុះជាង ២០ភាគរយ និងប្រទេសផ្សេងទៀតដូចជាប្រទេសកម្ពុជាជាង ១៥ភាគរយ។
ពលករចំណាកស្រុកកម្ពុជា ពីសាធារណរដ្ឋកូរ៉េ និងជប៉ុនបានផ្ញើប្រាក់មកផ្ទះវិញចំនួន ១២,៩១លានដុល្លារ តាមរយៈធនាគារអេស៊ីលីដាភីអិលស៊ី នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ថយចុះ ១,៤១ លានដុល្លារធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
កាលពីឆ្នាំមុនពលករកម្ពុជាចំនួន១,២លាននាក់ ដែលធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន សឹង្ហបុរី ហុងកុង (ចិន) ម៉ាឡេស៊ី និងអារ៉ាប៊ីសាអ៊ូឌីតបានផ្ញើរប្រាក់មកផ្ទះវិញចំនួន២,៨ពាន់លានដុល្លារ កើនឡើងពី១,៤ពាន់លានដុល្លារក្នុងឆ្នាំ ២០១។ នេះបើយោងតាមតួលេខពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា៕






