ADB៖ ការផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស​ចូលមក​កម្ពុជា​អាច​នឹង​ធ្លាក់ចុះ​រាប់សិបលាន​ដុល្លារ​ក្នុងឆ្នាំនេះ

0

ដោយ៖ ប៊ី

ភ្នំពេញៈ ការផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស​ចូលមក​ប្រទេស​កម្ពុជា អាច​នឹង​ធ្លាក់ចុះ​ជាង ១៥ភាគរយ​នៅ​ឆ្នាំនេះ បើ​គិតពី​សេណា​រី​យ៉ូ​ដ៏​អាក្រក់​បំផុត ដោយសារតែ​ជំងឺ​រាតត្បាត​ឆ្លង​រាលដាល COVID-19 ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយ​នៅក្នុង​សប្តាហ៍​នេះ។

ផ្អែកលើ​ការផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស សរុប​របស់​ប្រទេស​កម្ពុ​ជាមាន​ចំនួន២,៨ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៩ ទឹកប្រាក់​ជាង៤២០លាន​ដុល្លារ នឹងមិន​ត្រូវបាន​ផ្ទេរ​មក​ក្នុងប្រទេស​វិញ​ទេ​នៅ​ឆ្នាំ២០២០ ពីព្រោះ​កម្មករ​រាប់សែន​នាក់ បាន​វិលត្រឡប់​ទៅផ្ទះ​វិញ។

នៅក្នុង​របាយការណ៍រ​បស់​ខ្លួន​ស្តីពី “ផលប៉ះពាល់​នៃ​ជំងឺ COVID-19 លើ​ការធ្វើ​ចំណាកស្រុក​អន្តរជាតិ ការផ្ទេរ​ប្រាក់ និង​គ្រួសារ​អ្នកទទួល​នៅក្នុង​តំបន់​កំពុងអភិវឌ្ឍន៍ នៅ​អាស៊ី”ធនាគារអភិវឌ្ឍន៍អាស៊ី​បានឱ្យដឹងថា វិបត្តិ​សេដ្ឋកិច្ច​បណ្តាលមកពី​ជំងឺ COVID-19 គំរាមកំហែង​ដល់​សន្តិសុខ​ការងារ និង​សុខុមាលភាព​របស់​ជន​ចំណាកស្រុក អន្តរជាតិ​ជាង ៩១លាន​នាក់​មកពី​អាស៊ី​និង​ប៉ាស៊ីហ្វិក។

របាយការណ៍​ដដែល​បានឱ្យដឹងថា ការផ្ទេរ​ប្រាក់​សរុបទៅ​តំបន់​អាស៊ី​ត្រូវបាន​រំពឹងថា នឹង​ធ្លាក់ចុះ​ចន្លោះ៣១,៤ ពាន់​លាន​ដុល្លារ​អាមេរិក (សេណា​រី​យ៉ូ​មូលដ្ឋាន) ដែល​ស្មើនឹង១១,៥ភាគរយ និង៥៤,៣ពាន់​លាន​ដុល្លារ (សេណា​រី​យ៉ូ​ដ៏​អាក្រក់​បំផុត) ស្មើនឹង ១៩,៨ភាគរយ នៃ​ប្រាក់​ដែល​បាន​ផ្ញើមក​ផ្ទះ​នៅ​ឆ្នាំនេះ។

ក្នុងចំណោម​ប្រទេស​កំពុងអភិវឌ្ឍន៍​នៅ​អាស៊ីអាគ្នេយ៍ ហ្វីលីពីន​រង​ផលប៉ះពាល់​ខ្លាំងជាងគេ ដោយ​ការផ្ញើ​ប្រាក់​បាន​ធ្លាក់ចុះ​ជាង ២០ភាគរយ និង​ប្រទេស​ផ្សេងទៀត​ដូចជា​ប្រទេស​កម្ពុ​ជាជាង ១៥ភាគរយ។

ពលករ​ចំណាកស្រុក​កម្ពុជា ពី​សាធារណរដ្ឋ​កូរ៉េ និង​ជប៉ុន​បាន​ផ្ញើ​ប្រាក់​មក​ផ្ទះ​វិញ​ចំនួន ១២,៩១លាន​ដុល្លារ តាមរយៈ​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំនេះ ថយចុះ ១,៤១ លាន​ដុល្លារ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

កាលពី​ឆ្នាំមុន​ពលករ​កម្ពុជា​ចំនួន១,២លាន​នាក់ ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ កូរ៉េខាងត្បូង ជប៉ុន សឹង្ហ​បុរី ហុងកុង (ចិន) ម៉ាឡេស៊ី និង​អារ៉ាប៊ីសាអ៊ូឌីត​បាន​ផ្ញើរ​ប្រា​ក់មក​ផ្ទះ​វិញ​ចំនួន២,៨ពាន់​លាន​ដុល្លារ កើនឡើង​ពី១,៤ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១។ នេះ​បើ​យោងតាម​តួលេខ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here