មន្ត្រីពន្ធដារ ៖ ចង់លក់អចលនទ្រព្យបានលឿន ត្រូវបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានទៀងទាត់

0

ដោយ ៖ វុត្ថា

ភ្នំពេញ ៖ មន្ត្រីអគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានអះអាងថាម្ចាស់អចលនទ្រព្យ ដែលមានបំណងចង់លក់អចលនទ្រព្យរបស់ខ្លួនឱ្យបានលឿនត្រូវបំពេញកាតព្វកិច្ចបង់ពន្ធឱ្យបានទៀតទាត់ និងទាន់ពេលវេលាជារៀងរាល់ឆ្នាំ។

លោក ង៉ែត ឆៃលាង អនុប្រធានអគ្គនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋាពន្ធដារកម្ពុជានៅថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ម្ចាស់អចលនទ្រព្យនៅទូទាំងប្រទេសត្រូវបំពេញកាតព្វកិច្ចបង់ពន្ធអចលនទ្រព្យរបស់ខ្លួន (ប្រភេទដី) ឱ្យបានជាប្រចាំឆ្នាំ ។

លោកពន្យល់ថា “ការបង់ពន្ធអចលនទ្រព្យប្រចាំឆ្នាំបានខ្ជាប់ខ្ជួន នេះ នឹងមានភាពងាយស្រួល និងមានភាពរហ័ស នៅពេលដែលយើងកាត់ឈ្មោះ ឬលក់ផ្សេងៗបានលឿន”។ លោកបន្តថា “បើមិនបានបង់ពន្ធអចលនទ្រព្យ ឬបំពេញកាតព្វកិច្ចពន្ធបានទៀងទាត់នោះទេ យើងត្រូវការពិនិត្យ និងស្រាវជ្រាវរករបាយការណ៍ឡើងវិញ ដែលចំណាយពេលយូរ”។

 

លោកបន្ថែមទៀតថា ម៉្យាងទៀត ចំពោះការលក់អចលនទ្រព្យវិញក៏នឹងលឿនជាង ការដែលមិនបានបំពេញកាតកិច្ចពន្ធបានទៀងទាត់ដែរ ។ លោកបញ្ជាក់ទៀតថា រាល់ការបង់ពន្ធរបស់ម្ចាស់អចលនទ្រព្យទាំងអស់នៅទូទាំងប្រទេស គឺការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចំរើន។

ជាថ្មីម្តងទៀត លោក ង៉ែត ឆៃលាង បានអំពាវនាវដល់ម្ចាស់អចលនទ្រព្យនៅទូទាំងប្រទេសត្រូវបំពេញកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រាលើវិស័យអចលនទ្រព្យឱ្យបានត្រឹមត្រូវ និងទៀងទាត់ប្រចាំឆ្នាំ ជៀសវាងមានហានិភ័យណា និងខូចខាតទ្រព្យសម្បត្តិណាមួយកើតឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here