ដោយវុត្ថា
ភ្នំពេញៈ អភិបាលខេត្តកែប បានស្នើម្ចាស់ដីទាំងអស់ ដែលទទួលបានសិទ្ធិក្នុងការអភិវឌ្ឍ និងសិទ្ធិកាន់កាប់ដីស្របច្បាប់នៅក្នុងមូលដ្ឋានខេត្តកែប ត្រូវមកធ្វើការអភិវឌ្ឍន៍ និងរៀបចំដីរបស់ខ្លួនឱ្យមានសណ្តាប់ ដើម្បីសោភ័ណក្នុងខេត្ត។
លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា ទីតាំងដីធំៗមួយចំនួន នៅក្នុងតាមបណ្តោយមាត់សមុទ្រ និងនៅតាមទីតាំងមួយចំនួនទៀត ត្រូវបានទិញទុកចោល មិនមានការអភិវឌ្ឍ ដោយកន្លែងខ្លះមានស្មៅ និងព្រៃដុះ ដែលខូចសោភណភាពខេត្ត។
លោកអភិបាលខេត្តបន្ថែមថា “ទីតាំងមួយចំនួនទៀត បានហ៊ុំព័ទ្ធទុកចោលអស់ជាច្រើនឆ្នាំ បន្ទាប់ពីទិញ ដោយកន្លែងខ្លះមានព្រៃដុះ ស្ទើរតែក្លាយទៅជាព្រៃស្តុកទៅហើយ មិនមានការកែច្នៃ ឬអភិវឌ្ឍន៍នៅឡើយទេ”។ លោកបន្ត “ ដូច្នេះម្ចាស់ទីតាំងដី ទាំងអស់ត្រូវមកអភិវឌ្ឍ ដើម្បីប្រែក្លាយខេត្តកែបឱ្យមានសណ្តាប់ធ្លាប់ និងសោភណភាពស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរ”។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាអ្នក (CREA) លោកស្រីចេវ សុឃុន បានថ្លែងប្រាប់ឱ្យដឹងកន្លងមកនេះថា ការទិញដីសម្រាប់អភិវឌ្ឍន៍ នឹងចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើតចំណូល និងការងារដល់ប្រជាជនពលរដ្ឋ។
លោកស្រីបាននិយាយថា “ប្រសិនបើគាត់ (អ្នកវិយោគដីធ្លី) ទិញដី ហើយយកទៅអភិវឌ្ឍ វាធ្វើឱ្យទីតាំងមួយហ្នឹងកាន់តែមានល្អប្រសើរ ហើយជុំវិញតំបន់ហ្នឹង មានចរន្តសេដ្ឋកិច្ចចេញចូល និងកំណើនប្រជាជននៅតំបន់ហ្នឹងក៏កើនឡើងដែរ”។ លោកស្រីបន្តថា “ការទិញដីរបស់អ្នកអភិវឌ្ឍពិតប្រាកដ ធ្វើឱ្យសេដ្ឋកិច្ចដំណើរការ ហើយប្រជាជនរបស់យើងមានការងារធ្វើ តាមរយៈបង្កើតចំនូល និងការងារសម្រាប់វិស័យសំណង់ជាដើម” ។
ទោះបីជាយ៉ាងក៏ដោយ បច្ចុប្បន្ននៅតែមានអ្នកវិនិយោគទិញដីទុក សម្រាប់ផលចំណេញ ដោយគ្មានការអភិវឌ្ឍន៍ ដែលវាមិនបានចូលរួមចំណែក ក្នុងការជំរុញសកម្មសកម្មភាពសេដ្ឋកិច្ច ឬផ្តល់ផលដល់កំណើនសេដ្ឋកិច្ច។
លោកស្រីចេវ សុឃុនបាននិយាយថា ទិញអចលនទ្រព្យទុក គឺគ្រាន់តែចង់ចំណេញរយៈពេលខ្លី ប៉ុន្តែលោកស្រីក៏បានព្រមានដែរថា “បើសិនអ្នកវិនិយោគលើដីធ្លីមិនមានសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍ វាធ្វើប៉ះពាល់ចរន្តសេដ្ឋកិច្ច” ។
លោកស្រីបន្តថា អ្នកខ្លះទិញដីរាប់រយ រាប់ពាន់ហិកតាទុក សម្រាប់ផលចំណេញ ហើយអត់មានការអភិវឌ្ឍន៍ វាធ្វើឱ្យប៉ះពាល់គម្រោង ឬMaster Plan នៅតំបន់ណាមួយដែរ។
លោកវង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្មីៗនេះ បានស្នើដល់អ្នកដែលមានធនធាន គួរកាត់បន្ថយការទិញអចលនទ្រព្យ (ដីធ្លី) សម្រាប់ទុកចំណេញ ដោយគ្មានការអភិវឌ្ឍន៍ ដែលអាចធ្វើប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ ក្នុងអំឡុងពេលវិបត្តិសកល នាពេលបច្ចុប្បន្ននេះ។
លោកបានថ្លែងថា “បើទិញដីសម្រាប់អភិវឌ្ឍន៍ និងលំនៅដ្ឋានសម្រាប់ស្នាក់នៅ វាមិនធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសវាបានចូលរួមចំណែកអភិវឌ្ឍន៍អចលនទ្រព្យ និងជួយជំរុញសេដ្ឋកិច្ចឱ្យមានការរីកចម្រើន”។ លោកបន្ថែមថា “បើសិនធនធានគ្រប់គ្រាន់គួរបង្កើតអាជីវកម្មខ្នាត និងមធ្យម ឬបង្កើតអាជីវកម្មផលិតកម្មកសិកម្ម ជាជាងការទិញដីទុកចោល”៕