រដ្ឋាភិបាលកូរ៉េខាងត្បូង ដាក់ចេញវិធានការជាច្រើន ដើម្បីទប់ស្កាត់តម្លៃអចលនទ្រព្យកំពុងហក់ឡើងខ្លាំង

0

ដោយ៖ ប៊ី
អន្តរជាតិ៖ ចាប់តាំងពីលោកប្រធានាធិបតី Moon Jae-in បានចូលកាន់តំណែងក្នុងឆ្នាំ ២០១៧ លទ្ធភាពទិញលំនៅដ្ឋាននៅទីក្រុងសេអ៊ូលបានធ្លាក់ចុះដល់កម្រិតអាក្រក់បំផុត បើទោះបីជាមានការរឹតត្បិតលើប្រាក់កម្ចីទិញផ្ទះ និងពន្ធអចលនទ្រព្យថ្មីក៏ដោយ។

រដ្ឋបាលរបស់លោកមូនបានប្រកាសនូវវិធានការណ៍ចំនួន ២៣ ដាច់ដោយឡែកពីគ្នា ដើម្បីធ្វើឱ្យតម្លៃផ្ទះស្ថិតក្នុងតម្លៃសមរម្យក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ ប៉ុន្តែកំពុងប្រឈមនឹងការរិះគន់ថាវិធានការណ៍នេះកំពុងធ្វើឱ្យប៉ះពាល់ដល់អ្នកមិនសូវមានធនធាន។
ខាងក្រោមនេះជាគោលការណ៍ទីផ្សារអចលនទ្រព្យសំខាន់ៗ៖

ឆ្នាំ ២០១៧
នៅឆ្នាំ ២០១៧ រដ្ឋាភិបាលបានរឹតបន្តឹងការកំណត់ប្រាក់កម្ចីសម្រាប់អ្នកទិញផ្ទះរហូតដល់ ៤០ ភាគរយនៃតម្លៃលំនៅដ្ឋានពី ៧០ភាគរយជាដំណាក់កាលសម្រាប់លំនៅដ្ឋានភាគច្រើននៃទីក្រុងសេអ៊ូល និងជាយក្រុង។ ការសងបំណុលត្រូវបានកំណត់ត្រឹម ៤០ ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំនៅក្នុងតំបន់ដែលបានជ្រើសរើស ធ្លាក់ចុះពី ៥០ ភាគរយ។ ពន្ធលើប្រាក់ចំណេញត្រូវបានកើនឡើង ១០ ភាគរយ ហើយអ្នក ដែលមានផ្ទះច្រើនជាង ៣ ត្រូវបង់ពន្ធ ២០ ភាគរយ។
កាលពីខែធ្នូឆ្នាំ ២០១៧ រដ្ឋាភិបាលបានប្រកាសផែនការកាត់បន្ថយពន្ធលើប្រាក់ចំណេញសម្រាប់ម្ចាស់ផ្ទះ ដែលចុះឈ្មោះខ្លួនឯង ជាអ្នកជួលដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារ។

ឆ្នាំ ២០១៨
រដ្ឋាភិបាលបានកំណត់តំបន់ជាច្រើនទៀតនៃទីក្រុងសេអ៊ូល ជាតំបន់ ដែលត្រូវបានគេប៉ាន់ស្មានថានឹងត្រូវរឹតបន្តឹងលើច្បាប់បញ្ចាំអចលនទ្រព្យ និងបានប្រកាសផែនការតម្លើងអត្រាពន្ធលើកម្មសិទ្ធិលើអចលនទ្រព្យដែលមានតម្លៃជាង ៦០០ លានវ៉ុន (៥០១.០០០ ដុល្លារ) ហើយបានស្នើឱ្យមានការបន្ធូរបន្ថយការរឹតបន្តឹងនៅក្នុងសង្កាត់ពាណិជ្ជកម្មរបស់ក្រុងសេអ៊ូល ដើម្បីសាងសង់ផ្ទះបន្ថែមទៀត និងនឹងអភិវឌ្ឍដីសម្រាប់សាងសង់ផ្ទះថ្មីចំនួន ៣០០.០០០ ខ្នង។

ឆ្នាំ ២០១៩
រដ្ឋាភិបាលបានប្រកាសផែនការសាងសង់ទីក្រុងរណបថ្មីនៅជិតទីក្រុងសេអ៊ូលនៅឯតំបន់ Goyang និង Bucheon និងបានកំណត់តម្លៃលើការលក់ការអភិវឌ្ឍថ្មីនៅផ្នែកខ្លះនៃទីក្រុងសេអ៊ូល។
នៅក្នុងខែធ្នូរដ្ឋាភិបាលបានរឹតបន្តឹងច្បាប់ដាក់បញ្ចាំបន្ថែមទៀតសម្រាប់គេហដ្ឋាន ដែលមានតម្លៃខ្ពស់ និងបានហាមឃាត់ការផ្តល់ប្រាក់កម្ចីទិញផ្ទះដែលមានតម្លៃជាង ១,៥ ពាន់លានវ៉ុន (១,២៥ លានដុល្លារ) ។

ឆ្នាំ ២០២០
ក្រៅពីទីក្រុងសេអ៊ូល ខេត្ត Gyeonggi-do ដែលនៅព័ទ្ធជុំវិញរដ្ឋធានីត្រូវបានគេកំណត់ថាជា តំបន់ ដែលស្ថិតក្រោមច្បាប់រឹតត្បិតខ្ចីជាងមុន រួមទាំងការហាមឃាត់ប្រាក់កម្ចីលើទ្រព្យសម្បត្តិដែលមានតម្លៃជាង ១,៥ ពាន់លានវ៉ុន។ រដ្ឋាភិបាលក៏បានឱ្យដឹងផងដែរថា ខ្លួននឹងបង្កើនការប្រមូលពន្ធប្រាក់ចំណេញ និងពន្ធផ្សេងៗលើកម្មសិទ្ធិលើអចលនទ្រព្យសាជីវកម្ម។
នៅក្នុងវិធានការថ្មីបំផុតរបស់ខ្លួន រដ្ឋាភិបាលកាលពីថ្ងៃអង្គារ បានបញ្ជាក់ថា ខ្លួននឹងផ្គត់ផ្គង់ផ្ទះថ្មីជាង ១៣២,០០០ នៅក្នុងទីក្រុងសេអ៊ូលរហូតដល់ឆ្នាំ ២០២៨ ដោយបន្ធូរបន្ថយការកំណត់កម្ពស់ និងផ្លាស់ប្តូរទីតាំងយោធា និងអចលនទ្រព្យរដ្ឋផ្សេងទៀតទៅក្នុងតំបន់លំនៅដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here