ដោយៈ រ៉ាណេត
ភ្នំពេញៈ ការរឹតត្បិតនូវចរាចណ៍ឆ្លងកាត់ព្រំដែនប្រទេស បានក្លាយទៅជាឧបសគ្គក្នុងធ្វើពាណិជ្ជកម្មរវាងប្រទេស និងប្រទេសដែលក្រៅពីប៉ះពាល់ដល់សេដ្ឋកិច្ចរួម ថែមទាំងជះឥទ្ធិពលអាក្រក់ ដល់ពាណិជ្ជករដោយផ្ទាល់ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងរកដំណោះស្រាយធ្វើឱ្យមានភាពល្អប្រសើរឡើងវិញ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍តាមទូរស័ព្ទនៅល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ថា រដ្ឋាភិបាលកម្ពុជា តាមរយៈសភាពាណិជ្ជកម្មកម្ពុជា បាននិងកំពុងជំរុញឱ្យសភាពាណិជ្ជកម្ម តាមបណ្តាខេត្តដែលស្ថិតនៅតំបន់ព្រំដែនជាមួយប្រទេសជិតខាង ពង្រឹងកិច្ចទំនាក់ទំនងឱ្យបានស៊ីជម្រៅ ផ្តោតសំខាន់លើវិស័យដឹកជញ្ជូន និងការវិនិយោគផ្សេងៗឱ្យកាន់តែមានភាពងាយស្រួល។
លោកកញ៉ាបន្តទៀតថា ជាមួយគ្នានេះ តំណាងសភាពាណិជ្ជកម្មតាមខេត្តក៏ត្រូវកត់សម្គាល់ នូវផលលំបាកដែលជាឧបសគ្គផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយបឋមជាមួយអាជ្ញាធរជាប់តំបន់ព្រំដែន ហើយក្នុងករណីមិនអាចមានលទ្ធផល ត្រូវរៀបចំជារបាយការណ៍បញ្ជូនមកកាន់សភាពាណិជ្ជកម្មកម្ពុជា ដើម្បីបង្កើតកិច្ចពិភាក្សា និងស្នើសុំដល់រាជរដ្ឋាភិបាលធ្វើការដោះស្រាយជូន។
ពាក់ព័ន្ធទៅនឹងការធ្វើពាណិជ្ជកម្ម ក៏ដូចជាការដឹកជញ្ជូនឆ្លងកាត់ព្រំដែន កាលពីពេលកន្លងទៅថ្មីៗនេះ ដោយសារភាពភ័យខ្លាចនៃការរាតត្បាតជំងឺ Covid-19 ភាគីនៃប្រទេសជិតខាងកម្ពុជា រួមមានប្រទេសវៀតណាម និងប្រទេសថៃ បានសម្រេចបិទច្រកព្រំដែនមួយចំនួនដោយឯកតោភាគី ដែលទង្វើនេះបានជះឥទ្ធពលអវិជ្ជមាន ដល់ពាណិជ្ជករ និងទទួលរងនូវការខាតបង់ផងដែរ។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍បញ្ជាក់ថា កាលពីពេលកន្លងទៅ ដោយសារតែមានការបិទច្រកព្រំដែន ដោយឯកតោភាគី ដូចជា ប្រទេសវៀតណាម និងប្រទេសថៃជាដើម បានធ្វើឱ្យទាំងពាណិជ្ជករកម្ពុជា ក៏ដូចជាពាណិជ្ជកម្មដែលស្ថិតនៅក្នុងប្រទេសសាមីខ្លួនឯង ទទួលរងនូវការខាតបង់ប្រយោជន៍ ដូចជាការដឹកជញ្ជូនដំឡូង ស្រូវ អង្ករ និងផលិតផលផ្នែកកសិកម្មផ្សេងៗមួយចំនួនទៀត ទៅកាន់ទីផ្សារដែលត្រូវឆ្លងកាត់ព្រំដែន។ ដូច្នេះ ដើម្បីជួយសម្រួលដល់ភាពលំបាក ដែលធ្លាប់កើតមានទាំងនេះ ទើបរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ក្នុងការជួយដោះស្រាយ៕