លោក​ស៊ុន ចាន់ថុល៖ រដ្ឋាភិបាល​កំពុង​ព​ង្រឹ​ក និង​ពង្រឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ជាច្រើន​ដើម្បី​ជំរុញ​កំនើនសេដ្ឋកិច្ច

0

ដោយ​វុត្ថា

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ពង្រីក និង​ពង្រឹង​គម្រោង​ហេ​ដ្ឋា​រចនា​ស  ម្ព័​ន្ធ​សំខាន់​ជា​ច្រើ​នៅ​ទូទាំងប្រទេស ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​សង្គមជាតិ  តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម និង​ជំរុញ​ការដឹកជញ្ជូន​ឱ្យបានរ​ហ័យ និង​ទាន់ពេល។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ បុគ្គលិក កម្មករ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តបន្ទាយមានជ័យ​កាលពីពេល​ថ្មី​នេះ បានឱ្យដឹងថា    រដ្ឋាភិបាល​តាមរយៈ​ក្រសួង​បាន​នឹង​កំពុង​អនុវត្ត គម្រោង​ស្ថាបនា​ពង្រីក និង​លើកកម្ពស់​កម្រិត​គុណភាព​ផ្លូវជាតិសំខាន់ៗនៅ​ក្កម្ពុជា និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានា។

លោក​ទេសរដ្ឋមន្ត្រី​បន្តថា គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ​រួមមាន ផ្លូវ​ក្រវាត់ក្រុង​ទី១ ទី២ ទី៣ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត ស្ពាន​ស្ទឹងត្រង់ ស្ពាន​ខេត្តក្រចេះ កំពង់ផែ​ពហុ​បំណង​ខេត្ត​ព្រះសីហនុ និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ជាដើម។

លោក​ស៊ុន ចាន់ថុល​បាន​បន្តថា គោលជំហ និង​គោលការណ៍​របស់​ក្រសួង​នាពេល​បច្ចុប្បន្ននេះ គឺ​ការសាងសង់​ផ្លូវ​ឱ្យបាន​រឹងមាំ ដែល​អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង ពោលគឺ មិនមែន​ធ្វើ​មុខខូច ក្រោយ ធ្វើ​ក្រោយ​ខូច​មុខ ឬ​ចាក់​ស្ដើង​ស៊ី​ក្រាស ចាក់​ក្រាស់​ស៊ី​ស្ដើង​នោះឡើយ។

លោក​បន្ថែមថា គោលការណ៍​នេះ ត្រូវតែ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត តាមរយៈ​ការប្រើប្រាស់​យន្ត​ការចុះពិនិត្យ​ឱ្យបាន​ដិតដល់ និង​ការបង្កើត​ក្រុមការងារ​ត្រួតពិនិត្យ​ពិសេស​ដើម្បី តាមដាន​ការសាងសង់​របស់​ក្រុមហ៊ុន​សាងសង់ និង​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ជញ្ជូន លោក វ៉ា​ស៊ីម សូ​រី​យ៉ា បានឱ្យដឹង​ដែរ​ថា ជាការ​ពិតណាស់ រដ្ឋាភិបាល​បាន​នឹង​កំពុង​អនុវត្តន៍​ស្តារ និង​ភិ​វឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​ប្រទេស​កម្ពុជា ឱ្យ​កាន់​តែមាន​ល្អ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយ​ប្រែក្លាយ​ពី​ផ្លូវ​ពី​បេតុង ទៅ​ផ្លូវ​AC និង​លើកកម្ពស់​បច្ចេកវិទ្យាថ្មីៗ ក្នុង​កសាង​ផ្លូវ​តប​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ធ្វើឱ្យមាន​គុណភាព​ខ្ពស់។

លោក​បន្តថា “យើង​បាន​កសាង​ផ្លូវ​ផ្លូវដែក កំពង់ផែ និង​ផ្លូវ​ល្បឿន​លឿន​មាន​ទាំង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ កាមេរ៉ា​សុវត្ថិភាព និង​មាន​សុវត្ថិភាព​ខ្ពស់ ក្នុងន័យ​ធ្វើយ៉ាងណា​ឱ្យ​វា​ទំនើប ដូច​នៅ​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នានា នៅក្នុង​ពិភពលោក ដែល​យើង​កំពុង​អនុវត្តបណ្តើរៗ ហើយ​ត្រូវ​ប្រើពេល​យូរ និង​ចំណាយ​ថវិកា​ច្រើន​ក្នុង​កិច្ចការ​នេះ” ។ លោក​បន្តថា “ក្រោយ​ធ្វើ​ទំនើបកម្ម និង​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ហាយវ៉េ​អាស៊ី ផ្លូវដែក និង​អាកាសយានដ្ឋាន​អន្តរជាតិ កំពង់ផែ​កុងតឺន័រ​ថ្មី​ក្នុង​ខេត្ត​ព្រះសីហនុ នឹង​ប្រែក្លាយ​ប្រទេស​កម្ពុជា​ទៅជា​ឃ្លាំង​ផ្ទុក និង​ដឹកជញ្ជូន​ទំនិញ​ដ៏​សំខាន់ ក្នុង​តំបន់​អាស៊ាន ដែល​អាច​ឲ្យ​កប៉ាល់ធំៗចូល​ចត​បាន” ។

ដោយឡែក ចំពោះ​ការធ្វើ​វិនិយោគ លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធធំៗ គឺជា​យុទ្ធសាស្ត្រ​សំខាន់​មួយ របស់​ប្រទេស​កម្ពុជា​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ស្របពេល​ការខិតខំ​របស់​រដ្ឋាភិបាល ក្នុងការ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស ដើម្បី​ទ្រទ្រង់​កំណើន​ក្នុង​វិស័យ​ផលិតកម្ម និង​ពង្រីក​ឧបករណ៍ប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here