ការនាំចេញ​ផលិតផល​កសិផល​រប​ស់​កម្ពុជា​បាន​កើនឡើង​រហូតដល់​ជិត ៥លាន​តោន​ក្នុង​មួយឆ្នាំ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​រយៈពេល៦ឆ្នាំ​ចុង​ក្រោយនេះ ការនាំចេញ​ផលិតផល​កសិផល​រប​ស់​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ​មានការ​កើន​ឡើងជា​លំដាប់ ជាក់ស្ដែង​នៅក្នុង​ឆ្នាំ២០១៩កន្លងទៅនេះ កម្ពុជា​បាន​បង្កើន​ពី ៣,៤៤លាន​តោន ទៅដល់ ៤,៨លាន​តោន ទៅកាន់​ទីផ្សារ​ចំនួន៥៩ប្រទេស។

តាមរយៈ​របាយការណ៍ ដែល​ចេញ​ដោយ​ក្រសួងកសិកម្ម​នៅ​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០បាន​បង្ហាញថា កំណើន​បរិ​មាណនៃ​ការនាំចេញ​នេះ ជា​កត្តា​ឆ្លុះបញ្ចាំង​អំពី​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​ទាំង​បរិមាណ និង​គុណភាព​នៃ​ផលិតកម្ម​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍​ដដែល​បានកត់សម្គាល់ ទៅលើ​ចំណុចសំខាន់ៗមួយចំនួន ដូចជា អនាម័យ និង​ភូតគាម​អនាម័យ​ដើរតួនាទី​មិនអាច​ខ្វះ​បាន ជា​ស្ពាន​ចម្លង​ផលិតផល​កសិកម្ម​ទៅកាន់​ទីផ្សារ​បរទេស ជាពិសេស​ផលិតផល​កសិកម្ម​មួយចំនួន ដែលជា​ប្រភេទ​ផលិតផល​ដែល​ជាប់​កម្រិត​កំណត់ ឬ​ជា​ក្រុម​ផលិតផល​ដែលមាន​កម្រិត​ហានិភ័យ​ខ្ពស់ ចម្លង​សមាសភាព​ចង្រៃ​ខ្ពស់​ដូចជា ផលិតផល​បន្លែ ផ្លែឈើ​ស្រស់ មើម និង​បណ្ដា​ទំនិញ​ដទៃទៀត​ដែល​ចាត់ ក្នុង​កម្រិត​ហានិភ័យ នៃ​ស្ដង់ដារ​ភូតគាម​អនាម័យ​អន្ដរជាតិ​លេខ៣២ ។

ការនាំចេញ​ទំនិញ​ប្រភេទ​នេះ  ទាមទារ​ឱ្យ​សមត្ថកិច្ច​ភូតគាម​អនាម័យ​កម្ពុជា ធ្វើសំណើ​សុំ​ចរចា​របើក​ទីផ្សារ ជាមួយ​សមត្ថកិច្ច​ភូតគាម​អនាម័យ នៃ​ប្រទេស​នាំចូល តាមរយៈ​ការស្នើសុំ​វាយតម្លៃ​ហានិភ័យ សមាសភាព​ចង្រៃ​ពាក់ព័ន្ធ នឹង​ការ​នាំចូល​ទំនិញ​ដែល​បានស្នើ​សុំ។

ផលិតផលសំខាន់ៗដែល​បាន និង​កំពុង​នាំចេញ​ទៅកាន់​ទីផ្សារ​បរ​ទេស ក្រោយពី​បាន​ឆ្លងកាត់​ការចរចារ បើក​ទីផ្សារ​ដោយ​រៀបចំ​ជា​ពិធីសារ​ស្តីពី លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​ជាមួយ​ប្រទេស​នាំចូលសំខាន់ៗមួយចំនួន រួមមាន អង្ករ ចំណិត​ដំឡូង​មី​ក្រៀម ពោត ផ្លែ​ចេក ផ្លែស្វាយ​ស្រស់ ផ្លែ​ស្រការ​នាគ។

កាលពី​អំឡុង​ខែមិថុនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ កម្ពុជា​បានសម្រេច​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន។

អគ្គនាយកដ្ឋាន​កសិក​ម្ម បាននិងកំពុង​ដំណើរកា​រ​វាយតម្លៃ និង​ចុះបញ្ជី​បណ្តា​កសិដ្ឋាន និង​ទីតាំង​កែច្នៃ សម្រាប់​នាំចេញ​ផ្លែស្វាយ​ទៅ​ប្រទេស​ចិន ដោយ​ត្រូវអនុវត្ត​ការអនុវត្ត​កសិកម្ម​ល្អ (GAP) និង​ត្រូវ​ឆ្លងកាត់​ការធ្វើ​ប្រព្រឹត្តិកម្ម សម្លាប់​សមាសភាព​ចង្រៃ​ដោយ​ប្រើ​ចំហាយ​ទឹក​ក្តៅ (Vapor Heat Treatment – VHT) ឬ​ប្រព្រឹត្តិកម្ម ទឹក​ក្តៅ (Hot Water Treatment – HWT)៕

LEAVE A REPLY

Please enter your comment!
Please enter your name here