ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ការនាំចេញផលិតផលកសិផលរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិមានការកើនឡើងជាលំដាប់ ជាក់ស្ដែងនៅក្នុងឆ្នាំ២០១៩កន្លងទៅនេះ កម្ពុជាបានបង្កើនពី ៣,៤៤លានតោន ទៅដល់ ៤,៨លានតោន ទៅកាន់ទីផ្សារចំនួន៥៩ប្រទេស។

តាមរយៈរបាយការណ៍ ដែលចេញដោយក្រសួងកសិកម្មនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០បានបង្ហាញថា កំណើនបរិមាណនៃការនាំចេញនេះ ជាកត្តាឆ្លុះបញ្ចាំងអំពីការផ្លាស់ប្តូរជាវិជ្ជមានទាំងបរិមាណ និងគុណភាពនៃផលិតកម្មកសិកម្មនៅក្នុងប្រទេសកម្ពុជា។
របាយការណ៍ដដែលបានកត់សម្គាល់ ទៅលើចំណុចសំខាន់ៗមួយចំនួន ដូចជា អនាម័យ និងភូតគាមអនាម័យដើរតួនាទីមិនអាចខ្វះបាន ជាស្ពានចម្លងផលិតផលកសិកម្មទៅកាន់ទីផ្សារបរទេស ជាពិសេសផលិតផលកសិកម្មមួយចំនួន ដែលជាប្រភេទផលិតផលដែលជាប់កម្រិតកំណត់ ឬជាក្រុមផលិតផលដែលមានកម្រិតហានិភ័យខ្ពស់ ចម្លងសមាសភាពចង្រៃខ្ពស់ដូចជា ផលិតផលបន្លែ ផ្លែឈើស្រស់ មើម និងបណ្ដាទំនិញដទៃទៀតដែលចាត់ ក្នុងកម្រិតហានិភ័យ នៃស្ដង់ដារភូតគាមអនាម័យអន្ដរជាតិលេខ៣២ ។
ការនាំចេញទំនិញប្រភេទនេះ ទាមទារឱ្យសមត្ថកិច្ចភូតគាមអនាម័យកម្ពុជា ធ្វើសំណើសុំចរចារបើកទីផ្សារ ជាមួយសមត្ថកិច្ចភូតគាមអនាម័យ នៃប្រទេសនាំចូល តាមរយៈការស្នើសុំវាយតម្លៃហានិភ័យ សមាសភាពចង្រៃពាក់ព័ន្ធ នឹងការនាំចូលទំនិញដែលបានស្នើសុំ។
ផលិតផលសំខាន់ៗដែលបាន និងកំពុងនាំចេញទៅកាន់ទីផ្សារបរទេស ក្រោយពីបានឆ្លងកាត់ការចរចារ បើកទីផ្សារដោយរៀបចំជាពិធីសារស្តីពី លក្ខខណ្ឌតម្រូវភូតគាមអនាម័យជាមួយប្រទេសនាំចូលសំខាន់ៗមួយចំនួន រួមមាន អង្ករ ចំណិតដំឡូងមីក្រៀម ពោត ផ្លែចេក ផ្លែស្វាយស្រស់ ផ្លែស្រការនាគ។
កាលពីអំឡុងខែមិថុនា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ កម្ពុជាបានសម្រេចពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់ ទៅកាន់ទីផ្សារប្រទេសចិន។
អគ្គនាយកដ្ឋានកសិកម្ម បាននិងកំពុងដំណើរការវាយតម្លៃ និងចុះបញ្ជីបណ្តាកសិដ្ឋាន និងទីតាំងកែច្នៃ សម្រាប់នាំចេញផ្លែស្វាយទៅប្រទេសចិន ដោយត្រូវអនុវត្តការអនុវត្តកសិកម្មល្អ (GAP) និងត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្ម សម្លាប់សមាសភាពចង្រៃដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment – VHT) ឬប្រព្រឹត្តិកម្ម ទឹកក្តៅ (Hot Water Treatment – HWT)៕






