ដោយវុត្ថា
ភ្នំពេញៈ ទំហំនៃការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific Region) បានធ្លាក់ចុះយ៉ាងគំហុក នៅក្នុងត្រីមាសទី២នេះ ដោយសារផ្ទុះឡើងនៃការរីករាលដាលនៃជំងឺ covid-19 នៅលើសកលលោក។
យោងតាមរបាយការណ៍របស់ ក្រុមហ៊ុនស្រាវជ្រាវ Asia Pacific JLL ដែលបានផ្សព្វផ្សាយកាលពីសប្តាហ៍មុននេះបង្ហាញថា សកម្មភាពនៃការវិនិយោគលើវិស័យអចលនទ្រព្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅត្រីមាសទី២ ឆ្នាំ ២០២០ បានធ្លាក់ចុះ៣៩ភាគរយ ខណៈកាលពីត្រីមាសទី១ មានការធ្លាក់ចុះ២៦ភាគយ បង្កឡើងដោយសេដ្ឋកិច្ចសកល ធ្លាក់ចុះ និងប្រទេសនៅលើពិភពលោក មានការហាមឃាត់នៃការធ្វើដំណើរដោយព្រួយបារម្ភឆ្លងជំងឺ Covid-19។
តាមរបាយការណ៍នេះបង្ហាញបន្តថា ទំហំនៃការវិនិយោគលើវិស័យ អចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរី ធ្លាក់ចុះ៦៨ភាគរយ និងទីក្រុងហុងបានកធ្លាក់ចុះ៦៥ភាគរយ ពោល គឺមានទំហំធំជាងគេនៅត្រីមាសទី២នេះ ខណៈដែលប្រទេសអូស្រ្តាលីធ្លាក់ចុះ៥៨ភាគយ ប្រទេសកូរ៉េខាងត្បូងធ្លាក់ចុះ៤៥ភាគយ ប្រទេសជប៉ុន២០ភាគរយ និងប្រទេសចិនធ្លាក់ចុះ១៥ភាគយ។
របាយការណ៍ដដែលបន្តថា ទោះយ៉ាងណា ទំហំនៃការធ្លាក់ចុះទាំងនេះ ត្រូវបានសងត្រឡប់មកវិញ នៃសកម្មភាពនៃងើបឡើងបន្តិចនៅចុងក្រោយនៃត្រីមាសនេះ។
លោក Stuart Crow នាយកប្រតិបត្តិទីផ្សារមូលធនអាស៊ីប៉ាស៊ីហ្វិកបានឱ្យដឹងថា ថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃសកម្មភាព នៃការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងត្រីមាសទី២នេះ ដោយសារអ្នកលក់គ្មានឆន្ទះចំពោះការលក់ និងភាពមិនប្រាកដប្រជាជុំវិញការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ។
តែយ៉ាងណាក៏ដោយលោករំពឹងថា សកម្មភាពប្រតិបត្តិការវិនិយោគ លើវិស័យអចលនទ្រព្យ នឹងមានសន្ទុះងើបឡើងវិញនៅឆមាសទី២នេះ ដោយសារសេដ្ឋកិច្ចរបស់ប្រទេសមួយចំនួន បានបើកដំណើរការជាបន្តបបន្ទាប់ និងតម្លៃក៏ត្រូវបានកែសម្រួលតាមទីផ្សារ៕