ដោយ វុត្ថា
ភ្នំពេញៈ អ្នកជំនាញបានមើលឃើញថា វិស័យអចលទ្រព្យនៅក្នុងប្រទេសកម្ពុជា ត្រូវការពេលវេលាយូបន្ថែមទៀត ទើបមានស្ថានភាពដូចដើម បើទោះបីបច្ចុប្បន្ននេះវិស័យនេះ ហាក់មានសន្ទុះបន្តិចយ៉ាងណាក្តី។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីនេះថា វិស័យអចលនទ្រព្យកម្ពុជានាពេលបច្ចុប្បន្ននេះ ទាំងនៅទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តដែលមានសក្តានុពល ហាក់មានសកម្មកំរើកបន្តិច តែមិនដូចកាលពីមុននោះទេ ។
លោកបន្តថា “វិស័យអចលនទ្រព្យកម្ពុជាទាមទាពេលវេលាយូទៀត គឺនៅពេលដែលពិភពលោក រកឃើញនូវវាក់សាំងព្យាបាលនូវជំងឺ Covid-19 និងគ្រប់គ្រងបានទាំង ស្រុង ទើបវិស័យអចលនទ្រព្យកម្ពុជាមានសន្ទុះរីកចំរើនឡើងវិញ” ។
លោកបន្ថែមទៀតថា បច្ចុប្បន្នសកម្មភាពនៃការទិញ លក់អចលនទ្រព្យគឺកើតមានដោយសារតែអ្នកវិយោគនៅក្នុងស្រុកតែប៉ុណ្ណោះ ដែលចំនួននេះ នៅមិនអាចទ្រទ្រង់ និងលើកវិស័យនេះ ឱ្យមានភាពល្អប្រសើរដូចកាលពីឆ្នាំនោះណាស់។
លោកស្រីអាន សុធិតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងដែរថា វិស័យអចលនទ្រព្យនៅកម្ពុជា គឺត្រូវពឹងផ្អែកមួយភាគធំទៅលើវត្តមានក្រុមហ៊ុនវិនិយោគមកពីក្រៅស្រុក ជាពិសេសប្រទេសនៅក្នុងតំបន់ ដូចជាកូរ៉េ ហុងកុង ជប៉ុន សឹង្ហបុរី ជាពិសេសប្រទេសចិន ដែលស្ថិតនៅលេខរៀងកំពូល លើការវិនិយោគនៅកម្ពុជា។
លោកស្រីបញ្ជាក់ថា “ទីផ្សារមួយនេះ ចាំបាច់ត្រូវការពេលវេលាយ៉ាងហោចណាស់មួយឆ្នាំ ឬលើសពីនេះ បើទោះជាថ្នាំបង្ការត្រូវបានបណ្តា ប្រទេសជឿនលឿនមួយចំនួនអះអាងថាបានរកឃើញក៏ដោយ” ។ លោកស្រីបន្តថា“មុនពេលអ្នកវិនិយោគអន្តរជាតិទាំងនោះចូលមកកម្ពុជា ទាល់តែស្ថានភាពសេដ្ឋកិច្ច នៅក្នុងប្រទេសរបស់គេមានភាពល្អប្រសើរជាមុនសិន” ។
លោកស្រីអាន សុធីតាបានបន្ថែមថា សេដ្ឋកិច្ចពិភពលោកទាំងមូល បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺ covid-19 ក្នុងនោះកម្ពុជាក៏បានទទួលផលប៉ះពាល់ផងដែរលើវិស័យសំខាន់ជាច្រើន រួមមានវិស័យសំណង់ និងអចលនទ្រព្យ។
វិស័យអចលនទ្រព្យ និងសំណង់របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចំរើនខ្លាំង ដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងផ្តល់នូវកម្លាំងពលកម្មជាច្រើនដល់ពលរដ្ឋកម្ពុជា ។
ចាប់តាំងពីចុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០នេះ បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារហេតុផលជាច្រើន រួមមាន បិទហ្គេមអនឡាញ ការវិលត្រឡប់ទៅវិញរបស់វិនិយោគិនចិន និងការផ្ទុះឡើងនូវជំងឺកូវីដ ១៩ ដែលធ្វើឱ្យវិស័យដែលជាសសរស្តម្ភសេដ្ឋកិច្ចមួយនេះធ្លាក់ចុះយ៉ាងខ្លាំង៕