ដោយៈ រ៉ាណេត
ភ្នំពេញៈ គណៈកម្មការទន្លេមេគង្គ (MRC) បានជំរុញដល់ប្រទេសតាមដងទន្លេមេគង្គទាំង៦ ឱ្យដោះស្រាយបញ្ហាលំហូរទឹកទាបក្នុងតំបន់ ខណៈដែលអាងទន្លេមេគង្គក្រោមប្រឈមនឹងកំណត់ត្រាលំហូរទឹកទាប អស់រយៈពេល២ឆ្នាំបន្តបន្ទាប់គ្នា ជាពិសេសធ្វើឱ្យបឹងទន្លេសាបរបស់ ប្រទេសកម្ពុជាជួបប្រទះស្ថានភាពស្ងួតខ្លាំង ដែលបង្កឱ្យបរិមាណលំហូរត្រឡប់ចូលបឹងធ្លាក់ ដល់កម្រិតទាបបំផុត។ នេះបើយោងតាមរបាយ ការណ៍ របស់ គណៈកម្មការទន្លេមេគង្គ។
របាយការណ៍របស់ MRC ដែលបានពិនិត្យលើស្ថានភាពជលសាស្ត្រ ក្នុងអាងទន្លេ មេគង្គក្រោម អំឡុងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២០នេះ បានកំណត់នូវបុព្វហេតុបឋមជាច្រើន ដែលអាចបង្កឱ្យមានលំហូរទឹកទាប និងគ្រោះរាំងស្ងួតសម្រាប់ឆ្នាំនេះ។
មូលហេតុទាំងនោះ រួមមាន បរិមាណភ្លៀងធ្លាក់តិចតួចខុសប្រក្រតី ដែលបង្កដោយបាតុភូតអាកាស ធាតុ អែល នីណូ (El Nino) ស្ថានភាពលំហូរទាបរយៈពេលយូរដែលបន្តអូសបន្លាយ ចាប់ពីឆ្នាំ២០១៩មក និងលំហូរទឹកកម្រិតទាបជាងមុនពីដៃទន្លេមេគង្គ។ សម្រាប់លំហូរទាបបែបនេះ បានធ្វើឱ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះ“ស្ថានភាពស្ងួតខ្លាំង”ដែលបង្កឱ្យបរិមាណលំហូរទឹក ត្រឡប់ចូលបឹងធ្លាក់ដល់កម្រិតទាបបំផុតនៅក្នុងកំណត់ត្រាគិតចាប់ពីឆ្នាំ១៩៩៧មក។
លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាននៃគណៈ កម្មការទន្លេមេគង្គ (MRC) បានអំពាវនាវឱ្យប្រទេសតាមដងទន្លេមេគង្គទាំង៦ បង្កើនការចែករំលែកទិន្នន័យ និងព័ត៌មានអំពីប្រតិបត្តិការទំនប់ និងហេដ្ឋារចនាសម្ព័ន្ធទឹករបស់សាម៉ី ប្រទេស ជាមួយនឹង MRC ឱ្យបានរហ័ស និងប្រកបដោយតម្លាភាព។
លោកបណ្ឌិតបានបញ្ជាក់ថា “វាដល់ពេលហើយ ដែលប្រទេសទាំងអស់ ត្រូវអនុវត្តន៍នូវអ្វីដែលខ្លួនបានអះអាង និងធ្វើសកម្មភាពដើម្បីប្រយោជន៍រួម សម្រាប់អាងទន្លេមេគង្គទាំងមូល និងសម្រាប់សហគមន៍ ដែលរងផលប៉ះពាល់” ។
បើតាមរបាយការណ៍របស់ MRC បានបង្ហាញថា លំហូរទាបនាពេលបច្ចុប្បន្ន អាច នឹងជះឥទ្ធិពលធ្ងន់ធ្ងរលើប្រទេសកម្ពុជា ដោយសារការបាត់បង់នូវសក្តានុពលជលផល និងធារាសាស្ត្រ។ ប្រទេសវៀតណាម អាចនឹងជួបប្រទះការកាត់បន្ថយផលិតកម្មស្រូវ លើដី សណ្ត ហើយផលិតផលកសិកម្មក្នុងប្រទេសឡាវ និងថៃ ក៏អាចនឹងរងផលប៉ះពាល់ផងដែរ។
ក្រៅពីនេះអតុល្យភាពបែបអេកូឡូស៊ី អាចនឹងកើតមានដោយសារបម្រែបម្រួល ខ្លាំងនៃការកំណត់ពេល ថេរៈវេលា និងវិសាលភាពនៃការជន់លិចក្នុងបឹងទន្លេសាប និង តំបន់លិចទឹកជុំវិញបឹងនេះ។ ស្ថានភាពបែបនេះ អាចនឹងធ្វើឱ្យការបន្តពូជត្រីថយចុះ ដោយ សារការបាត់បង់នូវតំបន់លូតលាស់នានា ដែលជប៉ះពាល់ដល់ការលូតលាស់នៃមច្ឆា សត្វ និងរុក្ខជាតិក្នុងទឹកដទៃទៀត។
គេព្យាកណ៍ថា ការធ្លាក់ចុះនៃទិន្នផលត្រីអាចនឹងកើតមានឡើង ដែលបញ្ហានេះនឹងគំរាមកំហែងដល់សន្តិសុខស្បៀង សម្រាប់សហគមន៍ដែលងាយរងគ្រោះបំផុត នៅក្នុងតំបន់។
បឹងទន្លេសាប គឺជាបឹងទឹកសាបធំជាងគេ និងមានផលិតភាពខ្ពស់បំផុត នៅក្នុងអាស៊ីអគ្នេយ៍។ បឹងនេះត្រូវបានចាត់ទុកជាទីជម្រក ជីវចម្រុះមួយក្នុងពិភពលោក និងជារោងចក្រត្រីដ៏សំខាន់របស់ទន្លេមេគង្គ។ ជាទូទៅលំហូរទឹកត្រឡប់ចូលបឹងពីទន្លេមេគង្គ កើតមានចាប់ពីពាក់កណ្តាលខែឧសភា ដល់ពាក់កណ្តាលខែតុលា ដែលមាន រយៈពេល ១២០ថ្ងៃជាមធ្យម។ ប៉ុន្តែនៅឆ្នាំនេះ លំហូរត្រឡប់នៅក្នុងបរិមាណប្រក្រតី នៅមិនទាន់កើតមានទេ បើទោះបីជាមានលំហូរបរិមាណតិចបំផុតពីរដងនៅក្នុងខែកក្កដាក្តី៕