បច្ចុប្បន្នភាព៖ បឹង​ទន្លេសាប​កម្ពុជា​កំពុង​ប្រឈម​នឹង​ភាព​រីងស្ងួត?

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ គណៈកម្មការ​ទន្លេមេគង្គ (MRC) បាន​ជំរុញ​ដល់​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង៦ ឱ្យ​ដោះស្រាយ​បញ្ហា​លំហូរ​ទឹក​ទាប​ក្នុង​តំបន់ ខណៈដែល​អាង​ទន្លេមេគង្គ​ក្រោម​ប្រឈម​នឹង​កំណត់ត្រា​លំហូរ​ទឹក​ទាប អស់​រយៈពេល២ឆ្នាំ​បន្តបន្ទាប់​គ្នា ជាពិសេស​ធ្វើឱ្យ​បឹង​ទន្លេសាប​របស់ ប្រទេស​កម្ពុជា​ជួបប្រទះ​ស្ថានភាព​ស្ងួត​ខ្លាំង ដែល​បង្ក​ឱ្យ​បរិមាណ​លំហូរ​ត្រឡប់​ចូល​បឹង​ធ្លាក់ ដល់​កម្រិត​ទាប​បំផុត។ នេះ​បើ​យោងតាម​របាយ ការណ៍ របស់ គណៈកម្មការ​ទន្លេមេគង្គ។

របាយការណ៍​របស់ MRC ដែល​បាន​ពិនិត្យ​លើ​ស្ថានភាព​ជលសា​ស្ត្រ ក្នុង​អាង​ទន្លេ មេគង្គ​ក្រោម អំឡុង​ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ២០២០នេះ បានកំណត់​នូវ​បុព្វហេតុ​បឋម​ជាច្រើន ដែល​អាច​បង្កឱ្យមាន​លំហូរ​ទឹក​ទាប និង​គ្រោះរាំងស្ងួត​សម្រាប់​ឆ្នាំនេះ។

មូលហេតុ​ទាំងនោះ រួមមាន បរិមាណ​ភ្លៀង​ធ្លាក់​តិចតួច​ខុស​ប្រក្រតី ដែល​បង្កដោយ​បាតុភូត​អាកាស ធាតុ អែល នី​ណូ (El Nino)  ស្ថានភាព​លំហូរ​ទាប​រយៈពេល​យូរ​ដែល​បន្ត​អូសបន្លាយ ចាប់ពី​ឆ្នាំ២០១៩មក និង​លំហូរ​ទឹក​កម្រិត​ទាប​ជាង​មុន​ពី​ដៃទន្លេ​មេគង្គ។ សម្រាប់​លំហូរ​ទាប​បែបនេះ បានធ្វើឱ្យ​បឹង​ទន្លេសាប​របស់​ប្រទេស​កម្ពុជា​ជួបប្រទះ“ស្ថានភាព​ស្ងួត​ខ្លាំង”ដែល​បង្ក​ឱ្យ​បរិមាណ​លំហូរ​ទឹក ត្រឡប់​ចូល​បឹង​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត​នៅក្នុង​កំណត់ត្រា​គិត​ចាប់ពី​ឆ្នាំ១៩៩៧មក។

លោក​បណ្ឌិត អាន ពេជ្រ​ហត្ថ​ដា នាយក​ប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​នៃ​គណៈ កម្ម​ការ​ទន្លេមេគង្គ (MRC) បាន​អំពាវនាវ​ឱ្យ​ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង៦ បង្កើន​ការចែករំលែក​ទិន្នន័យ និង​ព័ត៌មាន​អំពី​ប្រតិបត្តិការ​ទំនប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​របស់​សា​ម៉ី ប្រទេស ជាមួយនឹង MRC ឱ្យបាន​រហ័ស និង​ប្រកបដោយ​តម្លាភាព។

លោក​បណ្ឌិត​បានបញ្ជាក់​ថា “វា​ដល់ពេល​ហើយ ដែល​ប្រទេស​ទាំងអស់ ត្រូវ​អនុវត្តន៍​នូវ​អ្វីដែល​ខ្លួន​បាន​អះអាង និង​ធ្វើ​សកម្មភាព​ដើម្បី​ប្រយោជន៍​រួម សម្រាប់​អាង​ទន្លេមេគង្គ​ទាំងមូល និង​សម្រាប់​សហគមន៍ ដែល​រង​ផលប៉ះពាល់” ។

បើតាម​របាយការណ៍រ​បស់ MRC បាន​បង្ហាញថា លំហូរ​ទាប​នាពេល​បច្ចុប្បន្ន អាច នឹង​ជះឥទ្ធិពល​ធ្ងន់ធ្ងរ​លើ​ប្រទេស​កម្ពុជា ដោយសារ​ការបាត់បង់​នូវ​សក្តានុពល​ជលផល និង​ធារាសាស្ត្រ។ ប្រទេស​វៀតណាម អាច​នឹង​ជួបប្រទះ​ការកាត់បន្ថយ​ផលិតកម្ម​ស្រូវ លើដី សណ្ត ហើយ​ផលិតផល​កសិកម្ម​ក្នុងប្រទេស​ឡាវ និង​ថៃ ក៏​អាច​នឹងរង​ផលប៉ះពាល់​ផងដែរ។

ក្រៅពីនេះ​អតុល្យភាព​បែប​អេកូឡូស៊ី អាច​នឹង​កើតមាន​ដោយសារ​បម្រែបម្រួល ខ្លាំង​នៃ​ការកំណត់​ពេល ថេរៈវេលា និង​វិសាលភាព​នៃ​ការ​ជន់​លិច​ក្នុង​បឹង​ទន្លេសាប  និង តំបន់​លិច​ទឹក​ជុំវិញ​បឹង​នេះ។ ស្ថានភាព​បែបនេះ អាច​នឹង​ធ្វើឱ្យ​ការបន្ត​ពូជ​ត្រី​ថយចុះ ដោយ សារ​ការបាត់បង់​នូវ​តំបន់​លូតលាស់​នានា ដែល​ជ​ប៉ះពាល់​ដល់​ការលូតលាស់​នៃ​មច្ឆា សត្វ និង​រុក្ខជាតិ​ក្នុង​ទឹក​ដទៃទៀត។

គេ​ព្យាក​ណ៍​ថា ការធ្លាក់ចុះ​នៃ​ទិន្នផល​ត្រី​អាច​នឹង​កើតមានឡើង ដែល​បញ្ហា​នេះ​នឹង​គំរាមកំហែង​ដល់​សន្តិសុខ​ស្បៀង សម្រាប់​សហគមន៍​ដែល​ងាយ​រងគ្រោះ​បំផុត នៅក្នុង​តំបន់។

បឹង​ទន្លេសាប គឺជា​បឹង​ទឹកសាប​ធំជាងគេ និង​មាន​ផលិតភាព​ខ្ពស់បំផុត នៅក្នុង​អាស៊ី​អ​គ្នេ​យ៍។ បឹង​នេះ​ត្រូវបាន​ចាត់ទុកជា​ទីជម្រក ជីវចម្រុះ​មួយ​ក្នុង​ពិភពលោក និង​ជា​រោងចក្រ​ត្រី​ដ៏​សំខាន់​របស់​ទន្លេមេគង្គ។  ជាទូទៅ​លំហូរ​ទឹក​ត្រឡប់​ចូល​បឹង​ពី​ទន្លេមេគង្គ កើតមាន​ចាប់ពី​ពាក់កណ្តាល​ខែឧសភា ដល់​ពាក់កណ្តាល​ខែតុលា ដែលមាន រយៈពេល ១២០ថ្ងៃជា​មធ្យម។ ប៉ុន្តែ​នៅ​ឆ្នាំនេះ លំហូរ​ត្រឡប់​នៅក្នុង​បរិមាណ​ប្រក្រតី នៅ​មិនទាន់​កើតមាន​ទេ បើទោះបី​ជាមាន​លំហូរ​បរិមាណ​តិច​បំផុត​ពីរដង​នៅក្នុង​ខែកក្កដា​ក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here