ក្រុមហ៊ុនចិនចំនួន៤ នឹងមកវិនិយោគវិស័យសំណង់នៅក្នុងខេត្តកំពង់ស្ពឺ

0

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ ក្រុមហ៊ុនជំនាញសាងសង់ចំនួន៤ផ្សេងគ្នាមកពីប្រទេសចិន បានបង្ហាញពីគម្រោងរបស់ខ្លួនចូលមកវិនិយោគ និងអភិវឌ្ឍន៍វិស័យសំណង់នៅក្នុងខេត្តកំពង់ស្ពឺដោយការសាងសង់អគារខ្ពស់សម្រាប់បម្រើដល់វិស័យពាណិជ្ជកម្មកម្រិតខ្ពស់នៅក្នុងតំបន់។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍បញ្ជាក់ប្រាប់តាមទូរស័ព្ទនៅថ្ងៃចុងសប្ដាហ៍នេះថា បន្ទាប់ពីស្ថានភាពនៃការរាតត្បាតជំងឺឆ្លងត្រូវបានស្ងប់ស្ងាត់មួយរយៈពេលចុងក្រោយនេះ បណ្តាវិនិយោគិនចិនជាច្រើន បានចូលមកសិក្សា និងពីភាក្សាទៅលើគម្រោងវិនិយោគរបស់ពួកគេ នៅក្នុងខេត្តកំពង់ស្ពឺនៅក្នុងវិស័យសំខាន់ៗមួយចំនួន ដែលក្នុងនោះក៏មានគម្រោងសាងសង់អគារពាណិជ្ជកម្មផងដែរ។

លោកបញ្ជាក់ថា “ចាប់តាំងមានការថមថយនូវការរាតត្បាតជំងឺឆ្លង ក្នុងរយៈពេលជាង២ខែចុងក្រោយនេះ ពួកគេមកច្រើន (វិនិយោគិនចិន) ដែលក្នុងនោះមានទាំងអ្នកវិនិយោគចាស់ ដែលបានចាកចេញទៅមុនពេលផ្ទុះកូវីដ និងមានអ្នកថ្មី ដែលមកសិក្សាពីឱកាសវិនិយោគ រួមជាមួយនឹងការដាក់បង្ហាញពីផែនការរបស់ពួកគេ”។

គោលដៅនៃការវិនិយោគរបស់វិនិយោគិនជាជនជាតិចិននៅក្នុងខេត្តកំពង់ស្ពឺត្រូវបានលោកអភិបាលបញ្ជាក់ប្រាប់ថាក្រៅពីវិស័យឧស្សាហកម្មរោងចក្រសហគ្រាសខ្នាតធំនៅមានវិស័យកសិកម្មកម្រិតខ្ពស់ចាប់ពីចំណុចដាំដុះកែច្នៃវេចខ្ចប់សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។ បន្ថែមពីនេះនៅមានការវិនិយោគនៅក្នុងវិស័យអចលនទ្រព្យសាងសង់ជាអគារខុនដូនិងអាគារពាណិជ្ជកម្មនៅក្នុងក្រុងច្បារមន ហើយក៏មានគម្រោងវិនិយោគនៅក្នុងវិស័យអប់រំកម្រិតខ្ពស់ផងដែរ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍បន្តទៀតថា “ស្ទើរតែគ្រប់សប្ដាហ៍ គឺតែងមានការទទួលជួបតំណាងធុរៈកិច្ចជនជាតិចិន ជាក់ស្ដែងនៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ មានក្រុមហ៊ុនចិនដែលវិនិយោគ ក្នុងវិស័យអប់រំកម្រិតខ្ពស់មកបង្កើតសាកលវិទ្យាល័យដ៏ធំមួយ ក្រោយកិច្ចសហការជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ”។

លោកបានបញ្ជាក់ថា កាលពីដើមខែកន្លងទៅនេះ មានអ្នកតំណាងក្រុមហ៊ុនជំនាញផ្នែកសាងសង់នៅក្នុងប្រទេសចិនបានមកជួបពិភាក្សា និងបង្ហាញពីគម្រោងរបស់ខ្លួនចូលមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺ ដោយសារតែពួគគេបានឃើញពីសន្ទុះនៃភាពរីកចម្រើន ជាពិសេសជាតំបន់ដែលប្រមូលផ្តុំទៅដោយរោងចក្រ សហគ្រាសធំៗ ហើយពួកគេជឿជាក់ថា នៅថ្ងៃអនាគតកំពង់ស្ពឺនឹងក្លាយទៅជាខេត្តពាណិជ្ជកម្មដ៏ធំនៅកម្ពុជាបន្ទាប់ពីរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here