ដោយៈ រ៉ាណេត
ពោធិ៍សាត់ៈ ក្រោមការវិនិយោគដោយក្រុមហ៊ុនកូរ៉េ ទំនប់វារីអគ្គិសនីថ្មីមួយទៀត មានអានុភាពផលិតថាមពល៨០មេហ្គាវ៉ាត់ ដែលគ្រោងចំណាយទុនវិនិយោគ១៦០លានដុល្លារអាមេរិក ស្ថិតនៅស្ទឹងខេត្តពោធិ៍សាត់ អាចនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានមានប្រសាសន៍ប្រាប់ឱ្យដឹង កាលពីចុងសប្ដាហ៍កន្លងទៅនេះថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ដូចបានបង្ហាញជូនខាងលើនេះ មានអានុភាពផលិតថាមពល៨០មេហ្គាវ៉ាត់ អាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខ ដែលជាការវិនិយោគដោយក្រុមហ៊ុនកូរ៉េ។
លោកបានបញ្ជាក់ថា “រដ្ឋាភិបាល និងអជ្ញាធរខេត្ត រួមជាមួយនឹងអ្នកតំណាងក្រុមហ៊ុនវិនិយោគ បានចុះពិនិត្យទីតាំងត្រួសត្រាយដោះមីន ចូលទៅកាន់ទីតាំងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់រួចរាល់ហើយ ត្រង់ចំណុចតំបន់ចិនយំ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ គ្រោងនឹងប្រើប្រាស់ថវិកាសាងសង់ប្រមាណ ១៦០លានដុល្លារអាមេរិក” ។
លោកបន្តថា ការស្ថាបនាបន្ថែមនូវកន្លែងផលិតថាមពលអគ្គិសនីនេះ មិនមែនសម្រាប់ប្រើប្រាស់ តែនៅក្នុងភូមិសាស្ដ្រ ខេត្តពោធិ៍សាត់នោះទេ ពោលគឺអាចចែកចាយ និងប្រើប្រាស់នៅទូទាំងប្រទេសតែម្ដង។ លើសពីនេះទៀត គម្រោងនេះក៏នឹងជួយធានាដល់សន្តិសុខថាមពលក្នុងស្រុកផងដែរ ពោលគឺកាត់បន្ថយការនាំចូលប្រភពថាមពលអគ្គិសនីពីបរទេស។
គិតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាមានវារីអគ្គិសនីចំនួន៧កន្លែងហើយ ដោយ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិច នៃប្រទេសកម្ពុជា មានដូចជា វារីអគ្គិសនីអាតៃ វារីអគ្គិសនីកំចាយ នៅខេត្តកំពត វារីអគ្គិសនីគីរីរម្យ១ វារីអគ្គិសនីគីរីរម្យ៣ នៅខេត្តកំពង់ស្ពឺ វារីអគ្គិសនីតាតៃ និងវារីអគ្គិសនីឬស្សីជ្រុំ នៅខេត្តកោះកុង។ ចំណែកមួយកន្លែងទៀតគឺវារីអគ្គិសនី សេសានក្រោម២ស្ថិតនៅខេត្តស្ទឹងត្រែង ភាគឥសាននៃប្រទេសកម្ពុជា។
កាលពីអំឡុងឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាលសម្រេចឱ្យមានការសាងសង់ កន្លែងផលិតថាមពលអគ្គិសនីថ្មី រួមមាន វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពលបាន៨០មេហ្គាវ៉ាត់ និងស្ថានីយអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចផលិតថាមពលបាន៦០មេហ្គាវ៉ាត់៕