ដោយៈ ប៊ី
ភ្នំពេញៈ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មិនសូវទទួលរងនូវផលប៉ះពាល់ខ្លាំងក្លា ទោះបីជាស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ សកលនៅមិនទាន់មានធូរស្បើយនៅឡើយក៏ដោយ។
យោងតាមរបាយការណ៍៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា កម្ពុជាបាននាំចូលសម្ភារៈសំណង់ (Construction Equipments) ដែក និងស៊ីម៉ងត៍នៅក្នុងតម្លៃសរុប ៥៦៥,៩១លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២០ ខណៈការនាំចូលផលិតផលទាំងអស់នេះ ក្នុងរយៈពេលពេញ១ឆ្នាំ២០១៩ មានតម្លៃរហូតដល់១៥០៦,៥៥លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ទិន្នន័យដដែលបានឱ្យដឹងថា កម្ពុជានាំចូលសម្ភារៈសំណង់ក្នុងទំហំទឹកប្រាក់ជាង៣៨១លានដុល្លារ ស្មើនឹង៦៧២, ៧៨៥តោន ដែកតម្លៃ១៤០,៨លានដុល្លារក្នុងបរិមា ណ២១៧,១៥១តោន និងស៊ីម៉ងត៍តម្លៃ៤៣,២៧លានដុល្លារ ស្មើនឹង៦៨១,៨១៧ តោនចាប់ពីខែមករា ដល់ខែមិថុនា ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម ធ្លាប់បានគេទំព័រ Propertyarea.asia ថា នៅក្នុងឆ្នាំ២០២០នេះ សកម្មភាពវិនិយោគក្នុងវិស័យសំណង់ ភាគច្រើនជាសកម្មភាពរបស់អ្នកក្នុងស្រុក ដោយឡែកសម្រាប់លំហូរទុនចូលពីក្រៅស្រុកគឺមានតិចតួចបំផុត។
លោកបានបន្តថា “វិបត្តិសេដ្ឋកិច្ច ដែលកំពុងកើតមាននៅពេលនេះ បានជះឥទ្ធិពលគ្រប់ប្រទេស ដែលបណ្តាលឱ្យប៉ះពាល់ដល់គម្រោងវិនិយោគទាំងអស់។លោក បានបន្តថា “ប៉ុន្តែក្រោយពេលវិបត្តិនេះត្រូវបានទប់ស្កាត់ គម្រោងវិនិយោគនានានឹងចាប់ផ្តើមរៀបចំឡើងវិញ ហើយតាមខ្ញុំគិត ប្រសិនបើវិបត្តិជំងឺដែលកំពុងរាលដាលនេះ ត្រូវបានបញ្ចប់នៅត្រឹមចុងឆ្នាំនេះ នោះសកម្មភាពវិនិយោគ នៅក្នុងវិស័យសំណង់អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំបន្ទាប់” ។
លោកស្រីអាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុនCBRE Cambodia បានថ្លែងថា ប្រសិនបើបញ្ហានៃការរីករាលដាល នៃជំងឺឆ្លងត្រូវបានធ្វើការទប់ស្កាត់ យ៉ាងហោចណាស់អាចពន្យាពេលរហូត ដល់ពាក់កណ្តាលឆ្នាំក្រោយ ទើបសកម្មភាពវិនិយោគទៅលើគម្រោងថ្មីចាប់ផ្តើមមាននៅកម្ពុជាឡើងវិញ។
លោកស្រីថា “ទាំងអស់នេះភាគច្រើនជាគម្រោង និងទុនវិនិយោគដែលបានស្នើចូលមកកាន់កម្ពុជាតាំងពីឆ្នាំចាស់ ដែលមិនមែនទើបតែកើតមាន នៅក្នុងឆ្នាំ២០២០នោះទេ” ៕