ប្រធាន CVEA អំពាវនាវឱ្យម្ចាស់អចលនវត្ថុប្រើប្រាស់សេវាភ្នាក់ងារស្របច្បាប់ ជៀសវាងខាតបង់ទ្រព្យ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រោមការសម្លឹងឃើញពីឱកាសនៃការទទួលបានចំណូលខ្ពស់ពីទីផ្សារអចលនទ្រព្យនៅកម្ពុជា បច្ចុប្បន្នមានក្រុមហ៊ុនជាតិ និងអន្តរជាតិជាច្រើន ក៏ដូចជាភ្នាក់ងារលក្ខណបុគ្គល បាន និងកំពុងជ្រៀតចូលនៅក្នុងទីផ្សារមួយនេះជាច្រើន។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍តាមទូរស័ព្ទនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០នេះថា បច្ចុប្បន្នមានមនុស្សកាន់តែច្រើនងាកមកចាប់អារម្មណ៍នឹងទីផ្សារអចលនទ្រព្យ ដោយសារតែវិស័យមួយនេះនៅមានឱកាសច្រើនក្នុងការទទួលបានចំណូល និងផលចំណេញពីការវិនិយោគ។

លោក ច្រឹក សុខនីម បានបញ្ជាក់ថា “នៅក្នុងទីផ្សាររួម សព្វថ្ងៃនេះមានក្រុមហ៊ុនដែលដើរតួជាភ្នាក់ងារជំនាញក្នុងវិស័យអចលនទ្រព្យកម្ពុជាស្របច្បាប់ ដោយមានការចុះបញ្ជីត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលចំនួនទាំងនេះមិនបានរាប់បញ្ចូលបុគ្គលមួយចំនួនទៀតដែលបង្កើតជាក្រុមបម្រើដល់វិស័យនេះនៅឡើយ”។

លោកបន្តថា “វិស័យអចលនទ្រព្យនៅកម្ពុជា គឺនៅមានភាពទូលំទូលាយច្រើន ដែលត្រឹមចំនួនក្រុមហ៊ុនបម្រើសេវាក្នុងនាមជាភ្នាក់ងារស្របច្បាប់ជាង៣០០ក្រុមហ៊ុន និងភ្នាក់ងារលក្ខណៈបុគ្គលប្រមាណជាង៣ម៉ឺននាក់នោះ នៅមិនទាន់ចង្អៀតនៅឡើយនោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺអតិថិជន ដែលជាម្ចាស់អចលនវត្ថុ គប្បីចេះជ្រើសរើសការផ្តល់សេវា ការប្រឹក្សាពីសំណាក់អ្នកជំនាញ ក៏ដូចជាក្រុមហ៊ុនស្របច្បាប់ដែលមានក្រមសីលធម៌ និងវិជ្ជាជីរៈត្រឹមត្រូវ ជៀសវាងបាត់បង់ឱកាសចំណេញពីការវិនិយោគ ហើយថែមទាំងខាតបង់នូវទ្រព្យធនថែមទៀត”។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍បន្តទៀតថា “ដោយមើលឃើញពីភាពចន្លោះប្រហោងដែលតែងកើតមាននៅក្នុងទីផ្សារអចលនទ្រព្យរួម ក្នុងរយៈពេលជិត២០ខែកន្លងទៅនេះ តាមរយៈសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានបណ្តុះបណ្តាលសិក្ខាកាមមិនក្រោម២០០០នាក់នោះទេ ក្រោមការទទួលស្គាល់ពីក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ច”។

លោកបញ្ជាក់ “យើងនៅតែបន្តបើកវគ្គបណ្តុះបណ្តាលជំនាញក្នុងនាមជាភ្នាក់ងារអចលនទ្រព្យអាជីពជាបន្តបន្ទាប់ ហើយនឹងឈានដល់ការបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីទទួលបានការអនុញ្ញាត និងសម្រេចជាផ្លូវការពីសំណាក់ក្រសួងអាណាព្យាបាលទាំង២ រួមមានក្រសួងអប់រំយុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាផ្លូវការ”។

លោក ច្រឹក សុខនីម បានប្រាប់ឱ្យដឹងថា នៅពេលបណ្តាភ្នាក់ងារដែលប្រតិបត្តិការនៅក្នុងទីផ្សារអចលនទ្រព្យពោរពេញដោយចំណេះដឹង និងមានជំនាញច្បាស់ មានក្រមសីលធម៌ និងវិជ្ជាជីវៈពិតប្រាកដ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងវិស័យមួយនេះ ដែលកាន់តែផ្តល់ទំនុកចិត្តដល់បណ្តាអ្នកវិនិយោគនានាឱ្យចូលមកកាន់កម្ពុជាបានកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here