រដ្ឋបាលខេត្តកំពតជំរុញការដោះស្រាយដីធ្លីនៅសេសសល់ក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខ្លួន

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពតបើកិច្ចប្រជុំជំរុញការដោះស្រាយបញ្ហាដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិក្នុង ភូមិសាស្រ្តនៃខេត្តកំពត ដែលនៅសេសសល់មិនទាន់ដោះស្រាយរួច ស្របតាមអនុសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត នៅក្នុងកិច្ចប្រជុំស្ដីពី បញ្ហាដីធ្លី ដែលស្ថិតក្នុងតំបន់ការពារធម្មជាតិក្នុង ភូមិសាស្រ្តនៃខេត្តកំពតកាលពីថ្ងៃទី ១៤ ខែសីហាម្សិលមិញនេះឱ្យដឹងថា ការងារកាត់ឆ្វៀលដីពាក់ព័ន្ធក្នុងតំបន់ការពារធម្មជាតិ គឺជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ក្នុងគោលបំណងជំរុញលើកកម្ពស់ដល់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឲ្យបានស្របច្បាប់ដើម្បីកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ។

លោកអភិបាលខេត្តបានស្នើដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីនៃមន្ទីរ អង្គភាពពាក់ព័ន្ធ សូមយកចិត្តទុកដាក់ ក្នុងដំណើរការចុះអនុវត្តសកម្មភាពវាស់វែងឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលបាននឹងកំពុងកាន់កាប់និងអាស្រ័យផលជាក់ស្តែងយូរឆ្នាំ នៅលើទីតាំងដីដែលស្ថិតក្នុងដែនតំបន់ការពារធម្មជាតិឬគម្របព្រៃឈើក្នុងខេត្ត ឲ្យមានការប្រុងប្រយ័ត្ននិងឱ្យបានលឿនឆាប់រហ័ស ដោយកំណត់ក្នុងការប្រមូលទិន្នន័យនិងកសាងឯកសារមន្ទីរបរិស្ថានខេត្តនិងរដ្ឋបាលព្រៃឈើខេត្តឲ្យបានហើយនៅក្នុងចុងខែសីហាឆ្នាំ ២០២០នេះ ។

ជាមួយនឹងការអនុវត្តសកម្មភាពការងារនេះ លោកអភិបាលខេត្ត ក៏បានណែនាំ ត្រូវមានការយកចិត្តទុកដាក់ ប្រកបដោយ តម្លាភាព ប្រសិទ្ធភាព នឹងទទួលលទ្ធផលបានល្អប្រសើរឆ្លើយតបទៅ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាសំណើរបស់ក្រសួងបរិស្ថាន និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃឱ្យ មានប្រសិទ្ធភាពខ្ពស់។

យោងតាមទិន្នន័យរបស់មន្ទីរបរិស្ថានខេត្តកំពត មានតំបន់ការពារធម្មជាតិចំនួន២ នៅក្នុងខេត្តកំពត គឺទី១-តំបន់ការពារទេសភាពអន្លង់ព្រីងក្នុងស្រុកកំពង់ត្រាច មិនមានជាប់ពាក់ព័ន្ធ បញ្ហាសេសសល់ដីប្រជាពលរដ្ឋអាស្រ័យផលទេ ដោយសារតំបន់នោះជាតំបន់បឹង និងមានបង្គោលព្រំ ច្បាស់លាស់។

ទី២-ឧទ្យានជាតិព្រះមុនីវង្សបូកគោ ស្ថិតនៅក្នុងភូមិសាស្រ្ត ក្រុងនិងស្រុកចំនួន៣ គឺក្រុងកំពត ស្រុកទឹកឈូនិងស្រុកឈូក ។ ក្នុងស្រុកទាំងបីនៃតំបន់ការពារធម្មជាតិនេះ គឺនៅក្នុងស្រុកទឹកឈូ ដែលមានបញ្ហាដីធ្លីនៅសេសសល់ មិនទាន់ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here