ដោយៈ វុត្ថា
កែបៈ រដ្ឋបាលខេត្តកែបបាននិងកំពុងជំរុញ និងពន្លឿនល្បឿននៃកិច្ចអភិវឌ្ឍន៍ រៀបចំហេដ្ឋារចនាសម្ព័ន្ធនានា នៅទូទាំងខេត្តឱ្យកាន់តែមានសោភ័ណភាព ដើម្បីលើកកម្ពស់ដល់វិស័យទេសចរណ៍ ដែលស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
អភិបាលខេត្តកែប លោកសោម ពិសិដ្ឋ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវលេខ១៣៣៥ ស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា កែប ជាខេត្តដែលមានអំណោយផលពីធម្មជាតិ ដែលមានសក្ដានុពលខ្ពស់ ក្នុងវិស័យទេសចរណ៍ ដូចជាតំបន់ឆ្នេរ តំបន់ភ្នំមាត់ព្រែក ដែលកំពុងមានការចូលរួមពីវិស័យឯកជនក្នុងការរៀបចំ និងអភិវឌ្ឍន៍ជាតំបន់កម្សាន្តជាច្រើនកន្លែង។
លោកបន្តថា “ខេត្តកែបបច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននឹងកំពុងប្រឹងប្រែង កសាង ជួសជុលផ្លូវក្នុងខេត្តទាំងនៅទីក្រុង និងនៅជនបទ” ។ លោកបន្តថា “អាជ្ញាធរខេត្តបានរៀបចំតំបន់កំសាន្តនានា អោយកាន់តែមានភាពស្រស់ត្រកាល និងអនាម័យល្អ ខ្យល់អាកាស់បរិសុទ្ធ និងទិដ្ឋភាពគួជាទីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកសម្រាកលំហែរកំសាន្ត នៅខេត្តកែប កាន់តែច្រើនឡើង” ។
លោកបានបន្ថែមទៀតថា នេះជាសកម្មភាពមួយ ដោយអនុវត្តតាមគោលនយោបាយជាតិដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់ មនុស្ស ទឹក ផ្លូវ ភ្លើង។ ផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ បងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើត្រង់ទៅលេងឆ្នេរកែប ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សាតាមផ្លូវនេះ បានយ៉ាងងាយស្រួល។
តាមរបាយការណ៍របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែបបានឱ្យដឹងថា កំណាត់ផ្លូវខេត្តលេខ១៣៣៥ នេះមានប្រវែងសរុប៧គឺឡូម៉ែត្រ ទទឹង៧ម៉ែត្រ ក្នុងនោះបានកសាង និងចាក់កៅស៊ូ DBST រួចរាល់ចំនួន ៤.៩គឺឡូម៉ែត្រស្មើនឹង ៧០ភាគរយ ក្នុងឆ្នាំ២០២០ នឹងនេះបន្តជួសជុល និងចាក់កៅស៊ូបន្ថែមប្រវែង ១.៩គឺឡូម៉ែត្រទៀត ដោយអមជាមួយនឹងសំណង់សិល្បការជាច្រើនទៀត៕